Showing posts with label ទ្រឹស្តីផ្សេងៗទៀត. Show all posts
Showing posts with label ទ្រឹស្តីផ្សេងៗទៀត. Show all posts

តើ​មាន​គំនិត​ល្អៗ​អ្វី​ខ្លះ ក្នុង​ការ​ទទួល​បាន​មតិយោបល់ (​Feedbacks) ពី​អតិថិជន​អ្នក​?


Feedbacks នីមួយៗ របស់​អតិថិជន​គឺ​ពិត​ជា​សំខាន់​ណាស់ ក្នុង​​ការ​ជួយ​ស្រោចស្រង់​ និង​ជា​ទុន​របស់​ក្រុមហ៊ុន។ ហេតុនេះ​ហើយ​ បើ​សិន​ជា​​អ្នក​អាច​មាន​គំនិត​ល្អៗ ក្នុង​ការ​ទទួល​យក​ Feedbacks ពី​អតិថិជន​បាន អ្នក​អាច​រួម​ចំណែក​អភិវឌ្ឍ​ក្រុមហ៊ុន​បាន​កាន់តែ​​ល្អ​ទៀត​។​ ខាង​ក្រោម​នេះ​ជា​វិធី​ដែល​អ្នក​គួរ​ដឹង៖
១) អ៊ីមែល​ផ្ទាល់​តែ​ម្ដង​៖ វា​គឺ​ជា​វិធី​ទី​១ ដែល​អ្នកណា​ក៏​ប្រើ​ដែរ ហេតុនេះ​ហើយ​អ្នក​មិន​ត្រូវ​បោះបង់​ចោល​វិធីសាស្ត្រ​នេះ​ទេ​។​ តែ​បើ​សិនជា​វា​ហាក់​ដូច​ជា​​មិន​សូវ​មានប្រសិទ្ធភាព​ក្នុង​ការ​ប្រមូល​​យក​ Feedbacks​ បាន​ អ្នក​គួរ​តែ​ស្វែងរក​ប្រភព​ណា​មួយ​ដែល​ អតិថិជន​អ្នក​ចូលចិត្ត​ប្រើ បើ​ធ្វើ​ដូចនេះ​ ​អ្នក​នឹង​ទទួល​បានការ​ឆ្លើយតប​របស់​ពួក​គាត់​លឿន​។​
២) ស្ទង់​មតិ​(Survey) ៖ ពេល​ខ្លះ​វា​អាច​នឹង​ពិបាក​ដែរ ក្នុងការ​ចង់​ឲ្យ​ពួក​គាត់​​បំពេញ​មតិ​នានា​។ ប៉ុន្តែ​អ្នក​គួរ​ស្វែងរក​គេហទំព័រ​ណា​ដែល​ងាយ​ស្រួល​សម្រាប់​​គាត់ក្នុង​ការ​ Survey។
៣) និយាយ​ផ្ទាល់​៖ ពេល​ខ្លះ​ អតិថិជន​និយាយ​ជាមួយ​​អ្នក​ផ្ទាល់ ដោយ​ពេល​​គាត់​សរសើរ​ឬ​ក៏​ត្អូញត្អែរ​ពី​ផលិតផល​អ្នក​ ។ ឆ្លៀត​ពេល​នោះ អ្នក​អាច​សួរ​សំណួរ​ពួក​គាត់​ថែម​ក៏​បាន ដើម្បី​ទទួល​បាន​ព័ត៌មាន​ឲ្យ​កាន់​តែ​ច្រើន។​
៤) ប្រអប់​បញ្ចេញ​មតិ​៖ គួរ​បង្កើត​ជា​ប្រអប់​បញ្ចេញ​​​មតិ​ រាល់​ទីកន្លែង​​ដាក់​លក់​ផលិតផល​នោះ។ ទោះ​បាន​មតិ​តិច​ឬ​ច្រើន ក៏​​វា​ល្អ​ជាង​ការ​ដែល​គ្មាន​មតិ​សោះ​ដែរ៕

​ពង្រឹង​ជំនាញ​រៀបចំ​យុទ្ធសាស្ត្រ​ មិន​អាច​អត់​កម្លាំង​ទាំង​ ៥​របស់​លោក​ Porter (Porter’s Five Forces) បាន​ទេ!


នៅ​ពេល​ដែល​យើង​និយាយ​អំពី​ជំនាញ​ ឬ​ការ​រៀប​ចំ​យុទ្ធសាស្ត្រ​សម្រាប់​អាជីវកម្ម​របស់​យើង​ ច្បាស់​ណាស់​ថា​ ​ទ្រឹស្ដី​មួយ​ដែល​ដើរ​តួនាទី​សំខាន់​បំផុត​ ​ហើយ​ត្រូវ​បាន​គេ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​​នៅ​ទូទាំង​សាកល​លោក​​នោះ​គឺ​ ​ទ្រឹស្ដី​ កម្លាំង​ទាំង​ ៥​របស់​លោក​ Porter​ ឬ​ដែល​គេ​និយាយ​​តាម​ភាសា​អង់គ្លេស​ថា​ Porter’s Five Forces។
​តាម​ពិត​ទៅ​ ទ្រឹស្ដី​នេះ​ ​បើ​ស្ដាប់​ទៅ​ហាក់​បី​ដូច​ជា​សាមញ្ញ ​ប៉ុន្តែ​វា​ជា​ឧបករណ៍​ដ៏​មាន​អំណាច​ដើម្បី​ស្វែង​​យល់​ពី​​ កម្រិត​នៃ​ការ​ប្រកួត​ប្រជែង​​​​នៅ​ក្នុង​បរិយាកាស​​​អាជីវកម្ម​របស់​អ្នក​ និង​ដើម្បី​កំណត់​​យុទ្ធសាស្ត្រ​​ដើម្បី​បង្កើត​​​ប្រាក់​ចំណេញ។

តើ​កម្លាំង​​ទាំង​ ៥​មាន​អ្វី​ខ្លះ?
១) កម្លាំង​គូ​ប្រកួត (competitive rivalry)៖ ​​ជា​ចំណុច​សំខាន់​មួយ​ដែល​​យើង​មើល​ទៅ​លើ​កម្លាំង​ និង​លក្ខណៈ​ពិសេស​របស់​គូ​ប្រកួត​ប្រជែង។ ​យើង​នឹង​សិក្សា​ថា​ តើ​មាន​គូ​ប្រកួត​ប៉ុន្មាន​នៅ​ក្នុង​ទីផ្សារ​របស់​យើង? អ្នក​ណា​ខ្លះ? ​ហើយ​លក្ខណៈ​ពិសេស​នៃ​សេវាកម្ម​​ ឬ​ផលិតផល​របស់​គេ​​ កម្រិត​យ៉ាង​ណា​ដែរ​បើ​ធៀប​នឹង​អ្នក? ​
នៅ​ក្នុង​បរិយាកាស​នេះ​ ប្រសិន​បើ​​ការ​ប្រកួត​ប្រជែង​មាន​លក្ខណៈ​តានតឹង​មែន​ទែន​នោះ​ នោះ​ក្រុមហ៊ុន​​អាច​នឹង​ឈាន​ដល់​ការ​ប្រើ​ប្រាស់​យុទ្ធសាស្ត្រ​លេង​ជា​មួយ​នឹង​ការ​កំណត់​​តម្លៃ​ (pricing strategy) ឬ​​​​​​​​​វាយ​លុក​តាម​រយៈ​យុទ្ធសាស្ត្រ​ទីផ្សារ (ផ្សព្វផ្សាយ)។
​រឿង​មួយ​ដែល​ត្រូវចាំ​នោះ​គឺ​ថា​ ប្រសិន​បើ​នៅ​លើ​ទីផ្សារ​មាន​គូ​ប្រកួត​​ច្រើន​នោះ​ នោះ​​អ្នក​ផ្គត់ផ្គង់​​សេវាកម្ម​ឬទំនិញ​ដល់​អ្នក​ និង​អតិថិជន​របស់​អ្នក​ អាច​ងាក​ទៅ​ទិញ​ទំនិញ​ឬ​សេវាកម្ម​ពី​​គូ​ប្រកួត​របស់​អ្នក​បាន​គ្រប់​ពេល​នៅ​ពេល​ដែល​គេ​មិន​ពេញ​ចិត្ត​ជា​មួយ​នឹង​អ្នក។
ដោយ​ឡែក ​ប្រសិន​កម្លាំង​នៃ​ការ​ប្រកួត​ប្រជែង​មាន​លក្ខណៈ​​តូច​តាច​​ ឬ​ក៏​មាន​គូ​ប្រកួត​តិច​តួច​​ នោះ​ជា​ឱកាស​​របស់​អ្នក​ក្នុង​ការ​កើប​យក​ចំណេញ​ហើយ ហើយ​កត្តា​នេះ​ក៏​អាច​និយាយ​បាន​ថា​ ជា​ចំណុច​ខ្លាំង​សម្រាប់​អ្នក​មួយ​ដែរ។
២) ​កម្លាំង​អ្នក​ផ្គត់ផ្គង់ (supplier power)៖ ​វា​ត្រូវ​បាន​កំណត់​​ទៅ​លើ​​ថា​តើ​​ អ្នក​ផ្គត់ផ្គង់​ទំនិញ​ ឬ​សេវាកម្ម​ឱ្យ​អ្នក​ ងាយ​ស្រួល​ដើម្បី​ដំឡើង​ថ្លៃ​បាន​កម្រិត​ណា?​ ​តើ​អ្នក​មាន​​​ដៃគូ​ផ្គត់ផ្គត់​សំខាន់​ៗ​ ឬ​ធំ​ៗ​ប៉ុន្មាន? ​ហើយ​ដៃ​គូ​ទាំង​នោះ​មាន​ផលិតផល​ឬ​សេវាកម្ម​ពិសេស​ៗ​យ៉ាង​ណា​ខ្លះ? ​​បើ​អ្នក​ផ្លាស់ប្ដូរ​​​ដៃគូ​ផ្គត់ផ្គង់​វិញ​ តើ​តម្លៃ​អាច​នឹង​ថ្លៃ​ដែរ​ឬ​អត់? ​ផ្លាស់ប្ដូរ​ទៅ​ចំណេញ​ឬ​ក៏​ខាត?
នៅ​ពេល​ដែល​យើង​មាន​ដៃគូ​​ផ្គត់ផ្គង់​​​កាន់​តែ​ច្រើន​ នោះ​ យើង​កាន់​តែ​ងាយ​ស្រួល​ផ្លាស់ប្ដូរ​ និង​មាន​ជម្រើស​ច្រើនយ៉ាង។ បើ​យើង​ចង់​ប្ដូរ​ក៏​យើង​មិន​ខាត​​ តែ​បើ​អ្នក​ផ្គត់ផ្គង់​តិច​វិញ​ ណោះ​ច្បាស់​ជា​​ពួក​គេ​អាច​ក្រឡុក​​អ្នក​បាន​ជា​មិន​ខាន។ ​អ្នក​ផ្គត់ផ្គង់​តិច​ អាច​បង្វិល​តម្លៃ​បាន​គ្រប់​ពេល​ ហើយ​ច្បាស់​ណាស់​ថា​ វា​នឹង​ប៉ះពាល់​ដល់​ប្រាក់​ចំណេញ​របស់​អ្នក។
៣) ​កម្លាំង​របស់​អ្នក​ទិញ (buyer power)៖ ​ត្រង់​ចំណុច​នេះ​​ យើង​ត្រូវ​សួរ​ខ្លួន​ឯង​ថា​តើ​​ កម្លាំង​របស់​អតិថិជន​អាច​ធ្វើ​ឱ្យ​តម្លៃ​របស់​​យើង​ចុះ​ដែរ​ឬ​អត់។ ពួក​គេ​អាច​ក្រឡុក​តម្លៃ​របស់​យើង​បាន​ដែរ​ឬ​យ៉ាង​ណា? អ្នក​មាន​អតិថិជន​ប៉ុន្មាន​ក្នុង​ដៃ? ​ហើយ​ថា​ តើ​អតិថិជន​ម្នាក់​ៗ​ទិញ​ច្រើន​កម្រិត​ណា? ហើយ​ប្រសិន​បើ​ពួក​គេ​លែង​​ទិញ​ទំនិញ​ឬ​សេវាកម្ម​យើង​ហើយ​រត់​​ទៅ​ទិញ​ទំនិញ​ឬ​សេវាកម្ម​របស់​គូ​​ប្រកួត​​វិញ​ តើ​ពួក​គេ​ខាត​ឬ​ចំណេញ? ​
មាន​ចំណុច​ពីរ​ដែល​គួរ​វែកញែក​ត្រង់​ចំណុច​នេះ។ ប្រសិន​បើ​អតិថិជន​ជា​ប្រភេទ​អតិថិជន​លក់​រាយ​ នោះ​​ក្រុមហ៊ុន​ បាត់បង់​ ១​ឬ​ ២​ ឬ​ច្រើន​ជាង​នេះ​ ក៏​មិន​មាន​បញ្ហា​ធំ​ដុំ​ដែរ​ (សម្រាប់​ប្រភេទ​អាជីវកម្ម​ផ្ដោត​ទៅ​លើ​​អតិថិជន ឬ business to consumer) ប៉ុន្តែ​បើ​ប្រភេទ​អាជីវកម្ម​ផ្ដល់​សេវាកម្ម​ឬ​ទំនិញ​ដល់​អាជីវកម្ម​ដូច​គ្នា​វិញ (business to business) ​ការ​បាត់បង់​អតិថិជន​ ១​ឬ​២​ អាច​​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រាក់​ចំណេញ​ជា​មិន​ខាន។
៤) ​កត្តា​គំរាមកំហែង​ពី​ទំនិញ​ជំនួស (threat of substitution)៖ នេះ​ក៏ជា​កត្តា​គ្រោះ​ថ្នាក់​មួយ​ដែរ។ ​ប្រសិន​បើ​អតិថិជន​អាច​ស្វែង​រក​ទំនិញ​ជំនួស​បាន​នោះ​ ប្រហែល​ជា​​អ្នក​ជួប​បញ្ហា​​ជា​មិន​ខាន​ ប្រ​សិន​បើ​តម្លៃ​ទំនិញ​របស់​យើង​ថ្លៃ​ជាង​ទំនិញ​ជំនួស​នោះ។ ​វា​គឺ​​ជា​កត្តា​ខាង​ក្រៅ​ដែល​យើង​មិន​អាច​គ្រប់គ្រង​បាន។ ​ឧទាហរណ៍​ថា​​ យើង​លក់​​ម៉ាស៊ីន​ចាស់​ស៊ីឌី​ ឬ​ឌីវីឌី​ នៅ​ពេល​ដែល​បច្ចេកវិទ្យា​កាន់​តែ​ទំនើប​ មនុស្ស​អាច​ដោត​ឡូត​បត់​ចម្រៀង​ជា​ MP3 ឬ MP4​ និង​អាច​ចាក់​តាម​ USB Flash ​​ឬ​ចាក់​តាម​ទូរស័ព្ទ​បាន​នោះ​ នោះ​​ការ​លក់​ម៉ាស៊ីន​ចាក់​ស៊ីឌី​ ឬ​វីស៊ីឌី​នឹង​ធ្លាក់​ចុះ។
៥) ​កត្តា​គំរាម​កំហែង​ពី​អ្នក​លោត​ចូល​ទីផ្សារ​ថ្មី (threat of new entry)៖ នេះ​គឺ​ជា​កត្តា​ខាង​​ក្រៅ មួយ​ទៀត​ដែល​យើងមិន​អាច​គ្រប់គ្រង​បាន​ផង​ដែរ។ ​ឧទាហរណ៍​យើង​កំពុង​រក​ស៊ី​ជោគជ័យ​លើ​​​វិស័យ​​អ្វី​មួយ​ស្រាប់​តែ​មាន​គូ​ប្រកួត​ដែល​​មាន​លុយ​ និង​ធនធាន​​ខ្លាំង​ជាង​យើង​ លោត​ចូល​ទីផ្សារ​​ភ្លាម​ នោះ​ច្បាស់​ណាស់​ថា​ ​វា​នឹង​ប៉ះពាល់​ដល់​ប្រាក់​ចំណេញ​របស់​យើង​​ជា​មិន​ខាន ហើយ​គូ​ប្រកួត​ដែល​មាន​ធនធាន​ច្រើន​ជាង​​យើង​ គេ​នឹង​បុក​ទីផ្សារ​ខ្លាំង​ជាង​យើង​ ជួល​កាល​​ង​អាច​លែង​ដល់​​យុទ្ធសាស្ត្រ​បន្ទាប​តម្លៃ​ទៀត​ក៏​ថា​បាន៕

ប្រើ​ច្បាប់​ Pareto​ 80/20 ​ដើម្បី​ផ្លាស់​ប្ដូរ​ជីវិត​របស់​យើង


ច្បាប់​ Pareto​ 80/20 ​​ជា​ច្បាប់​សាមញ្ញ​មួយ​តែ​វា​មាន​វា​មាន​ចំណុច​ពិសេស​ជា​សារវន្ត​សម្រាប់​អ្នក​ចង់​ក្លាយ​ទៅ​ជា​សហគ្រិន ​ក៏​ដូច​ជា​សម្រាប់​មនុស្ស​ទូទៅ​អីចឹង​ដែរ។ ​ច្បាប់​នេះ​ អាច​ផ្លាស់​ប្ដូរ​ជីវិត​របស់​យើង​បាន។
​រូប​មន្ត​ 80/20 ​​ជា​គោលការណ៍​មួយ​ដែល​គេ​ឱ្យ​ឈ្មោះ​ថា​ គោលការណ៍​ Pareto​ដែល​មាន​ន័យ​ថា​ ​៨០%​​នៃ​លទ្ធផល​​ (outcomes) ​គឺ​កើត​ចេញ​ពី​ការ​ប្រឹង​ប្រែង​​ (effort) ​ឬ​ធាតុ​ផ្សំ​ដើម (input) របស់​អ្នក​ ២០%។​ ​វា​​មិន​មែន​ជា​រូបមន្ត​បែប​គណិតវិទ្យា​ ឬ​ស្ថិតិ​ដែល​នាំ​ឱ្យ​ពិបាក​គិត​ ​និង​ពិបាក​យល់​នោះ​ទេ។
ច្បាប់​ Pareto គឺ​កើត​ចេញ​​ពី​គោលការណ៍​ដែល​ផ្ដល់​យោបល់​បង្កើត​ឡើង​ដោយ​អ្នក​ឯកទេស​ខាង​គ្រប់គ្រង​លោក​ Joseph M. Juran។ ​វា​បង្កើត​ឡើង​បន្ទាប់​ពី​សេដ្ឋ​វិទូ​អ៊ីតាលី​លោក​ Vilfredo Pareto ​បាន​សង្កេត​ឃើញ​ថា​ ​ប្រាក់​ចំណូល​សរុប​ ៨០%​របស់​អ៊ីតាលី​​ គឺ​មាន​តែ​ប្រជាជន​ប្រមាណ​ ២០%​ប៉ុណ្ណោះ​ដែល​ទទួល​បាន​ផល​។ ​ការ​ប៉ាន់ប្រមាណ​នេះ​អាច​ទាញ​សន្និដ្ឋាន​បាន​ថា​ លទ្ធផល​ដែល​កើត​មាន​ជា​ច្រើន​ក្នុង​លោក​ក្នុង​ស្ថានភាព​ណា​ក៏​ដោយ​ គឺ​កំណត់​ដោយ​បុព្វហេតុ​ឬ​ដើម​ចម​នៃ​ចំនួន​ដ៏​តូច​ប៉ុណ្ណោះ។ ​​​​
​ពាក់​ព័ន្ធ​នឹង​ច្បាប់​លក់​វិញ​ លោក​ Perry Marshal ​អ្នក​និពន្ធ​សៀវភៅ​​ ៨០/២០​ ​​ការ​លក់​និង​ទីផ្សារ (80/20​​ Sales and Marketing)​ ​និង​ជា​​ប្រធាន​​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​​ Perry S. Marshall & Associates ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ Chicago​​ បាន​ចំណាយ​ពេល​ជាង​ ១០​ឆ្នាំ​​ដើម្បី​​យក​រូបមន្ត​​ ៨០/២០​ ​យក​មក​អនុវត្តន៍​​​ក្នុង​ការ​លក់។ ​​គាត់​បាន​ពន្យល់​យ៉ាង​លម្អិត​នៅ​ក្នុង​សៀវភៅ​របស់​លោក​ ដែល​មាន​ឈ្មោះ​ថា​ 80/20 Sales and Marketing: The Definitive Guide to Working Less and Making More។
​​ក្នុង​អត្ថន័យ​ខ្លឹមសារ​ខ្លី​ ​ងាយ​យល់​គឺ​ថា​ សហគ្រិន​ភាគ​ច្រើន​បំផុត​ចង់​បាន​ការ​ផ្គាប់​​ចិត្ត​អតិថិជន​ទាំង​អស់​ពោល ​​គឺ​​មិន​ចង់​ផ្គាប់ផ្គុន​អតិថិជន​មួយ​ផ្នែក​តូច​នោះ​ទេ​ ​ប៉ុន្តែ​សម្រាប់​រូប​លោក​ Perry Marshal ​​ ការ​ធ្វើ​បែប​នេះ​​គឺ​ជា​ការ​ខ្ជះខ្ជាយ​ពេល​វេលា​​បំផុត​ ហើយ​សម្រាប់​រូប​លោក ​​រូប​មន្ត​នេះ​គឺ​​ត្រូវ​បាន​ប្រើ​ប្រាស់​យ៉ាង​មាន​​ប្រសិទ្ធភាព​​​​ដើម្បី​ស្វែង​រក​អតិថិជន​ដ៏​ល្អ​បំផុត​ (lucrative customers) ​សម្រាប់​​ក្រុមហ៊ុន។
ដោយ​ឡែក​ បើ​និយាយ​ពាក់ព័ន្ធ​នឹង​ជីវិត​ប្រចាំ​ថ្ងៃ​វិញ​​ ​លទ្ធផល​ការងារ​ ឬ​លទ្ធផល​នៅ​ក្នុង​កិច្ចការ​គ្រួសារ​ ឬ​លទ្ធផល​នៃ​ការ​បំពេញ​ការងារ​សម្រាប់​ខ្លួន​ឯង​ ប្រមាណ​ ៨០%​កើត​ចេញ​ពី​សកម្មភាព​ប្រមាណ​តែ​ ២០%របស់​អ្នក​ប៉ុណ្ណោះ។ ដូច្នេះ​ហើយ​ពាក់ព័ន្ធ​នឹង​​​រូបមន្ត​ គឺ​អ្នក​ប្រើ​បាន​ទាំង​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក​ និង​ក្នុង​កិច្ចការ​អាជីវកម្ម៕​​

ហាម​និយាយ​​ពាក្យ​ទាំង​ «៤​» ឃ្លា​នេះ​​​ប្រសិន​បើ​អ្នក​ធ្វើ​ការ​ជា​អ្នក​លក់​ (Sales)


ប្រសិន​បើ​អ្នក​ធ្វើ​ការ​ជា​អ្នក​លក់​ (sales) ​​​ពាក្យ​សម្ដី​ គឺ​ជា​អាវុធ​ដ៏​មុត​ស្រួច​ដើម្បី​​អន្ទង​ចិត្ត​អតិថិជន​ឱ្យ​ទិញ​ទំនិញ​របស់​អ្នក។ ​ដូច្នេះ​ បើ​​ប្រសិន​បើ​អ្នក​កំពុង​ធ្វើ​ការងារ​ជា​អ្នក​លក់​ សូម​​កុំ​និយាយ​ពាក្យ​ទាំង​ ៤​​ឃ្លា​នេះ​ឱ្យ​សោះ​បើ​មិន​ចង់​ឱ្យ​អតិថិជន​​​ឈប់​មក​រក​អ្នក​ទៀត។
១) ​​​​ខ្ញុំ​​មិន​ទាន់​ ឬ​មិន​ធ្លាប់​ប្រើ​វា​ទេ ​សាក​គិត​ទៅ​មើល​ បើ​អ្នក​លក់​ផលិត​ផល​អ្វី​មួយ​ ហើយ​បែរ​ជា​ប្រាប់​អតិថិជន​ថា​ ​មិន​ធ្លាប់​ប្រើ​ផលិតផល​​​នោះ​ទេ​ អ្នក​ធ្វើ​ឱ្យ​អតិថិជន​ទុក​ចិត្ត​មក​លើ​ផលិតផល​របស់​អ្នក​យ៉ាង​ម៉េច​ទៅ។ ​ដូច្នេះ​បើ​​អ្នក​ធ្វើ​ការ​ជា​អ្នក​លក់​​ផលិតផល​ ឬ​សេវា​អ្វី​ក៏​ដោយ​ គឺ​ត្រូវ​តែ​ដឹង​ច្បាស់​ពី​ផលិតផល​នោះ​ ហើយ​ត្រូវ​​ប្រើ​វា​ផង​​ដែរ​ដើម្បី​ឱ្យ​កាន់​តែ​ច្បាស់​បន្ថែម​ទៀត។ ​
២) ​នេះ​ជា​គោលការណ៍​របស់​ក្រុមហ៊ុន​ «នេះ​ជា​គោលការណ៍​របស់​ក្រុមហ៊ុន»​ គឺ​ប្រហែល​ជា​ពាក្យ​ដែល​លោក​អ្នក​មិន​គួរ​និយាយ​ទៅ​កាន់​​អតិថិជន​របស់​អ្នក​នោះ​ទេ។ អតិថិជន​ច្បាស់​ណាស់​ថា​ ​មិន​ខ្វល់​ពី​គោលការណ៍​របស់​ក្រុមហ៊ុន​អ្នក​យ៉ាង​ណា​​​នោះ​ទេ ​តែ​គេ​ខ្វល់​ពី​សេវាកម្ម​​ដែល​ក្រុមហ៊ុន​របស់​អ្នក​ផ្ដល់​ជូន​អតិថិជន។ ​ប្រសិន​បើ​ពេល​ខ្លះ​ លោក​អ្នក​ពិបាក​​ក្នុង​ការ​ដោះ​ស្រាយ​ជា​មួយ​អតិថិជន​ដោយ​សារ​តែ​ការ​ចង់​បាន​​ច្រើន​ពេក​នោះ​ គឺ​មិន​ត្រូវ​បោះបង់​ឱកាស​​នោះ​ចោល​ទេ​ ពោល​គឺ​ត្រូវ​គិត​ពី​ដំណោះ​ស្រាយ​មិន​មែន​​ផ្ដោត​តែ​ទៅ​លើ​បញ្ហា​នោះ​ទេ។​
៣) ​វា​មិន​មែន​ជា​កិច្ចការ​របស់​ខ្ញុំ​ទេ​ លោក​អ្នក​ត្រូវ​តែ​ចេះ​ទទួល​ខុស​ត្រូវ​​ចំពោះ​អ្វី​ក៏​ដោយ​​ដែល​​ជា​ទង្វើ​របស់​ខ្លួន​បាន​ប្រព្រឹត្ត​ទៅ ​មិន​ថា​ជីវិត​​ផ្ទាល់​ខ្លួន​ ឬ​បំពេញ​ការងារ​នោះ​ទេ។ ​មិន​ត្រូវ​បន្ទោស​អ្នកណា​ម្នាក់​ ឬ​​កត្តា​អ្វី​ផ្សេង​ដើម្បី​គេច​​ផុត​ពី​ការ​ទទួល​ខុស​ត្រូវ​នោះ​​ឡើយ​។ ​ដូច្នេះ​ បើ​អតិថិជន​​សួរ​ឬ​ចង់​ដឹង​ពី​អ្វី​មួយ​​ដែល​ទាក់ទង​ទៅ​នឹង​បញ្ហា​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន/ផលិតផល/សេវាកម្ម​ ​របស់​អ្នក​ កុំ​ពោល​ពាក្យ​ដូច្នេះ​ ​តែ​លោក​អ្នក​ត្រូវ​តែ​​ចេះ​នឹក​រក​ឃ្លា​ផ្សេង​ដែល​ជំនួស​ឱ្យ​​ពាក្យ​មួយ​​ឃ្លា​នេះ​ដូច​ជា​ ៖«​សូម​ទោស​ ​គ្នា​ឬ​មេ​របស់​ខ្ញុំ​ដឹង​ច្បាស់​ជាង! ឬ ​ខ្ញុំ​នឹង​​ឱ្យ​អ្នក​​ទទួល​ខុស​ត្រូវ​ផ្នែក​​​​នេះ​ទាក់ទង​បង​ភ្លាមៗ…!»។​
៤) ​ខ្ញុំ​សម្រាក​ថ្ងៃ​នេះ​​ ​ពាក្យ​មួយ​ឃ្លា​នេះ​ គឺ​មិន​អាក្រក់​ពេក​នោះ​ទេ​ ​ប៉ុន្តែ​​ប្រសិន​បើ​​​អតិថិជន​របស់​អ្នក​សួរ​អ្នក​ពី​បញ្ហា​​អ្វី​មួយ​ដែល​​​ចង់​ដឹង​ព័ត៌មាន​ភ្លាម​ៗ​ ​លោក​អ្នក​មិន​គួរ​និយាយ​ថា​ «ខ្ញុំ​​សម្រាក​ថ្ងៃ​នេះ​» នោះ​ទេ។ ​នេះ​ជា​ពេល​ដែល​អតិថិជន​រត់​រក​អ្នក​ ដូច្នេះ​​គឺ​ត្រូវ​ក្ដាប់​ឱកាស​​​ទាញ​គាត់​ឱ្យ​មក​ទិញ​ទំនិញ​ ឬ​សេវាកម្ម​របស់​​លោក​អ្នក​ឱ្យ​បាន៕​​

អ្វី​ទៅ​ជា​សហគ្រិន​សង្គម (Social Entrepreneur) ? តើ​មាន​ហេតុផល​អ្វី​​បាន​ជា​អ្នក​គួរ​ធ្វើ​ជា​សហគ្រិន​សង្គម​?


សហគ្រិន​សង្គម (Social Entrepreneur) ​គឺ​ជា​សហគ្រិន​ដែល​​បើក​អាជីវកម្ម​​ដោយ​មិន​គិត​ពី​ប្រាក់ចំណេញ​ ហើយ​គោលបំណង​សំខាន់​គឺ​ជួយ​សង្គម​ជៀសវាង​ការ​គិត​ពី​ប្រាក់ចំណូល​ហួសហេតុ​។ តើ​មាន​ហេតុផល​អ្វី​​ខ្លះ​ដែល​អ្នក​គួរ​តែ​ចាប់​យក​អាជីវកម្ម​នេះ​ទៅ​ថ្ងៃ​មុខ​?
១) វា​នាំ​អ្នក​ទៅ​កាន់​គោលបំណង​នៃ​ជីវិត​៖ ពេល​ខ្លះ​បើ​អ្នក​ធ្វើ​ការ​អ្វី​មួយ​ដោយ​មិន​ផ្ដោត​ខ្លាំង​លើ​លុយកាក់​ឬ​ប្រាក់ចំណេញ ច្រើន អ្នក​នឹង​ឆាប់​បាន​សម្រេច​គោលដៅ​នៃ​ជីវិត​ដែល​អ្នក​ចង់​បាន​។ ពេល​ខ្លះ​រនាំង​នៃ​ទឹក​ប្រាក់​ គឺ​អាច​ទប់ស្កាត់​អ្នក​ក្នុង​ការ​ធ្វើ​អ្វី​ដែល​អ្នក​ចង់​ធ្វើ​ក្នុង​ជីវិត។ តែ​បើ​ធ្វើ​ជា​សហគ្រិន​សង្គម​វិញ អ្នក​គិត​ពី​ការ​ជួយ​​សង្គម និង​ផ្គត់ផ្គង់​សេចក្ដី​ត្រូវ​ការ​​​អតិថិជន​ជាង​លុយ​។
២) កាន់​តែ​មាន​​ទឹកចិត្ត​ក្នុង​ការ​ធ្វើ​អ្វី​មួយ៖ ពេល​ធ្វើ​ការ​មួយ​ដែល​មិន​គិត​ពី​ប្រាក់ចំណេញ​ខ្លាំង​ ដូចនេះ​ អ្នក​អាច​មាន​ឱកាស​ធ្វើ​អ្វី​ដែល​អ្នក​ពេញចិត្ត។ មនុស្ស​គឺ​មាន​ឆន្ទៈ​​ធ្វើ​ទាំង​អស់​ចំពោះ​កិច្ចការ​ណា​ដែល​គេ​ពេញចិត្ត​ធ្វើ​។
៣) អ្នក​នឹង​ក្លាយ​ជា​មនុស្ស​ជួយ​គេ​បាន​ច្រើន​៖ ជំនួស​ដោយ​ការ​គិត​តែ​ពី​ប្រយោជន៍​ខ្លួន​ឯង​ អ្នក​ក្លាយ​ជា​មនុស្ស​គិត​ពី​ប្រយោជន៍​អ្នក​ដទៃ ដោយ​សារ​តែ​អ្នក​ជា​សហគ្រិន​សង្គម។ រាល់​អាជីវកម្ម​ដែល​អ្នក​បង្កើត​ឡើង គឺ​ដើម្បី​បំពេញ​សេចក្ដី​ត្រូវ​​ការ​ ព្រម​ទាំង​ជួយ​ពួក​គេ​ដោយ​មិន​ទាមទារ​សំណង​មក​វិញ​។
៤) អតិថិជន​ចូលចិត្ត​ច្រើន​៖ ដោយ​សារ​តែ​គំនិត​អាជីវកម្ម​ ដើម្បី​ផ្ទក់ ផ្គង់​សេចក្ដី​ត្រូវ​​ការ​របស់​អតិថិជន​នេះ​ហើយ​ ទើប​អាជីវកម្ម​នេះ​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​ទូទាំង​ពិភពលោក។ ការ​សម្លឹង​ឃើញ​តែ​ផល​ប្រយោជន៍​ពេក​អាច​នាំ​ឲ្យ​ផលិតផល​របស់​ក្រុមហ៊ុន​គឺ​ផ្ដោត​ខ្លាំង​តាម​តែ​ចិត្ត​ថៅកែ​តែ​ប៉ុណ្ណោះ ចំណែក​ សហគ្រិន​សង្គម​ ពួក​គេ​បង្កើត​ផលិតផល​ណា​មួយ​ ដោយ​ពឹងផ្អែក​លើ​សេចក្ដី​ត្រូវ​ការ​របស់​អតិថិជន​តែ​មួយ​មុខ​គត់៕

តើ​អ្វី​ទៅជា​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច (E-Commerce)?


នៅក្នុង​យុគសម័យ​បច្ចេកវិទ្យា អ៊ិន​ធើ​ណិ​ត (Internet) បាននិងកំពុង​ដើរតួនាទី​យ៉ាងសំខាន់ នៅក្នុង​ជីវិត​រស់នៅ​របស់​មនុស្ស​ជាតិ​។ បន្ថែម​លើ​នេះ​ទៅទៀត អ៊ិន​ធើ​ណិ​ត (Internet) ក៏បាន​និង កំពុង​ក្លាយជា​កំលាំងចលករ​ដ៏​មាន​ប្រសិទ្ធិ​ក្នុងការ​ជំរុញ​ប្រតិបត្តិការ​អាជីវកម្ម​ក្នុង​ថា្នក់​ជាតិ តំបន់ និង អន្តរជាតិ​ផងដែរ​។ ជាការ​ពិតណាស់ នៅពេលដែល​យើង​និយាយ​អំពី​អាជីវកម្ម និង អ៊ិន​ធើ​ណិ​ត (Internet) យើង​តែងតែ​នឹកឃើញ​នូវ​ប្រភេទ​អាជីវកម្ម​បែប​ថ្មី​មួយ​ដែល​យើង​ហៅ​ជាទូទៅ​ថា​អាជីវកម្ម អេ​ឡិច​ត្រូ​និ​ច (E-commerce)​។ នៅក្នុង​អត្ថបទ​នេះ លោកអ្នក​នឹង​បាន​សិក្សា​ស្វែងយល់ថា​តើ​អ្វី ទៅជា​អាជីវកម្ម​អេ​ឡិច​ត្រូ​និ​ច (E-commerce) ហើយ​តើ​វា​មាន​រូបភាព​យ៉ាងដូចម្តេច​?
​ អាជីវកម្ម​អេ​ឡិច​ត្រូ​និ​ច (E-commerce ឬ Electronic Commerce) គឺជា​សកម្មភាព​នៃ ការលក់​ផលិតផល​/​ទំនិញ ឬ​ផ្តល់​សេវា​តាមរយៈ​អ៊ិន​ធើ​ណិ​ត (Internet)​។ ជាការ​ពិតណាស់ អាជីវ កម្ម​អេ​ឡិច​ត្រូ​និ​ច (E-commerce) គឺជា​កត្តា​ដែល​ជំរុញ​សេដ្ឋកិច្ច​ឱ្យមាន​ការអភិវឌ្ឍន៍​ដ៏​មាន​ប្រសិទ្ធិ ភាព ដោយសារតែ​វា​បាន​ព​ន្លឿ​ន​នូវ​សកម្មភាព​អាជីវកម្ម​យ៉ាងខ្លាំង​ក្លា​។ ទំហំ​នៃ​ការលក់​តាមរយៈ អាជីវ កម្ម​អេ​ឡិច​ត្រូ​និ​ច (E-commerce) ត្រូវបាន​គេ​រំពឹងទុក​ថា​នឹងមាន​ការកើនឡើង​រហូត​ដល់ ៥៥០ ប៊ី​លលា​ន​ដុល្លារ​អាមេរិក​ត្រឹម​ឆ្នាំ ២០២០​។ បច្ចុប្បន្ននេះ ក្រុមហ៊ុន​ធំៗ​ដែល​ក្តោ​ម​ក្តាប់​ទីផ្សារ​អាជីវកម្ម អេ​ឡិច​ត្រូ​និ​ច (E-commerce) ច្រើនជាងគេ​មានដូចជា ក្រុមហ៊ុន Amazon ក្រុមហ៊ុន Wal-Mart និង ក្រុមហ៊ុន Alibaba ជាដើម​។
​ ​អាជីវកម្ម​អេ​ឡិច​ត្រូ​និ​ច (E-commerce) បែង​ចែកចេញជា​បី​ប្រភេទ​ធំៗ​គឺ ប្រភេទ B2C ប្រភេទ B2B និង ប្រភេទ C2C​។​
​ ​ប្រភេទ B2C (Business to Consumer) គឺជា​ប្រភេទ​មួយ​នៃ​អាជីវកម្ម​អេ​ឡិច​ត្រូ​និ​ច (E-commerce) ដែល​ការទិញ​លក់ទំនិញ​គឺធ្វើឡើង​តាមរយៈ​អន​ឡាញ (Online Shopping) រវាង អ្នកផ្គត់ផ្គង់​និង​អ្នកប្រើប្រាស់​។ ឧទាហរណ៍​ការទិញ​សៀវភៅ​ពី​គេហទំព័រ Amazon ការទិញ CDs/DVDs ពី​គេហទំព័រ play.com ឬក៏​ការទិញ​សម្ភារៈប្រើប្រាស់​ដូចជា​សំលៀកបំពាក់ កាបូប គ្រឿង សំអាង​តាមរយៈ​អន​ឡាញ (Online) ដែល​យើង​អាច​មើលឃើញ​ជា​ឧទាហរណ៍​ស្រាប់​នៅ​កម្ពុជា​។
​ ​ប្រភេទ B2B (Business to Business) ក៏​ជា​ប្រភេទ​មួយ​នៃ​អាជីវកម្ម​អេ​ឡិច​ត្រូ​និ​ច (E-commerce) ដែល​ប្រតិបត្តិ​ការទិញ​លក់ទំនិញ ឬ​សេវា​គឺ​ត្រូវបាន​ធ្វើឡើង​រវាង​ក្រុមហ៊ុន​និង​ក្រុមហ៊ុន​។ ឧទាហរណ៍​ក្រុមហ៊ុន​មួយ​បាន​បញ្ជា​ទិញ​ម៉ាស៊ីន​ព្រី​ន (Printers) ពីក្រោម​ហ៊ុន​ផ្គត់ផ្គង់​មួយទៀត សម្រាប់​ប្រើប្រាស់​នៅក្នុង​កិច្ចការ​អាជីវកម្ម​រប​ស់​ខ្លួន ឬក៏​ក្រុមហ៊ុន​សាជីវកម្ម​មួយ​បាន​ជួល​ក្រុមហ៊ុន គណនេយ្យ​មួយ ឱ្យធ្វើ​សវនកម្ម​ក្រុមហ៊ុន​របស់ខ្លួន​ជាដើម​។
​ ​ប្រភេទ C2C (Customer to Customer) ក៏​ជា​ប្រភេទ​មួយ​នៃ​អាជីវកម្ម​អេ​ឡិច​ត្រូ​និ​ច (E-commerce) ដែល​តាមរយៈ​ប្រតិបត្តិការ​របស់​វា បុគ្គល​ទាំងឡាយ​ដែល​មិនមែនជា​ក្រុមហ៊ុន​អាចធ្វើ​ការ ដាក់លក់​ផលិតផល ឬ​សេវា​របស់ខ្លួន​នៅលើ​គេហទំព័រ​របស់​មួយ​។ វា​គឺជា​ប្រភេទ​អាជីវកម្ម​ដែល ធ្វើការ​ដេញថ្លៃ​លក់​តាម​ប្រព័ន្ធ​អន​ឡាញ (Online Auction) ជា​ឧទាហរណ៍​មានដូចជា គេហៈទំព័រ Ebay និង Etsy ជាដើម​៕

ស្វែងយល់​អំពី​ទិដ្ឋភាព​ទូទៅ​នៃពាក្យ​ថា​ «​សេដ្ឋកិច្ច​»!


ការរស់នៅ​របស់​មនុស្ស​ក្នុង​ក្រុមគ្រួសារ សហគមន៍ និង​សង្គម​នីមួយៗ ត្រូវមាន​ជា​ចាំបាច់​នូវ​របស់របរ ប្រើប្រាស់​គ្រប់បែបយ៉ាង ដែល​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ទំនាក់ទំនង​រវាង​ការរស់នៅ​របស់​មនុស្ស​ជាមួយនឹង​ធម្មជាតិ ឬ ទំនាក់ទំនង​រវាង​មនុស្ស និង មនុស្ស​។​
ដើម្បី​រស់ មនុស្ស​ត្រូវមាន​អាហារ ត្រូវ​ស្លៀកពាក់ ត្រូវមាន​ជម្រក​។ តម្រូវការ​ចាំបាច់​ដំបូង​បំផុត​របស់​មនុស្ស គឺ​អាហារ សម្លៀកបំពាក់ និង​ជម្រក​។ បន្ទាប់មកទៀត ក្នុងការ​រស់នៅ​តែងមាន​លេចចេញ​នូវ​សេចក្តីត្រូវការ​ផ្សេងៗ ទៀត ដែលមាន​លក្ខណៈ​ស្មុគស្មាញ​ទាក់ទង​ទៅនឹង​ការរីកចម្រើន​នៃ​វ័យ​និង​ស្ថានភាព​ផលិតកម្ម​សង្គម​។ មិន​តែ ប៉ុណ្ណោះ ដោយសារ​មនុស្ស​រស់នៅ​ក្នុងសង្គម មនុស្ស​ត្រូវការ​ការអប់រំ (​ផ្តល់​ចំណេះដឹង​) វប្បធម៌​ប្រពៃណី វិទ្យា សាស្ត្រ បច្ចេកទេស បទពិសោធន៍ និង ច្បាប់សង្គម​។​ល​។​
​ ​ដើម្បី​បំពេញ​សេចក្តីត្រូវការ​ខាងលើ មនុស្ស​ត្រូវតែ​មានការ​ភ្ញាក់រលឹក ហើយ​ខិតខំ​ធ្វើការ​ស្រាវជ្រាវ ឬ​រក​គ្រប់ មធ្យោបាយ ដើម្បី​ប្រកបមុខរបរ​ផ្សេងៗ​សម្រាប់​ចិញ្ចឹមជីវិត​មានដូចជា ប្រមាញ់ នេសាទ សិប្បកម្ម កសិកម្ម ផលិត កម្ម​ទ្រព្យ​សម្ភារៈ សេវា​ផ្សេងៗ​ជាដើម​។ នេះ​បញ្ជាក់​ឱ្យឃើញថា មនុស្ស​រស់នៅ​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​ធម្មជាតិ ហើយ​យក​ធម្មជាតិ​នៅ​ជុំវិញខ្លួន​មក​បំពេញ​សេចក្តីត្រូវការ​របស់ខ្លួន​។ ឧទាហរណ៍ មនុស្ស​ចេះ​កាប់​ឈើ​ធ្វើ​ផ្ទះ មនុស្ស​ចេះ​ដាំ​ដើមឈើ ចេះ​ចាប់​ត្រី ប្រមាញ់​សត្វ​ធ្វើ​ម្ហូប មនុស្ស​បង្កើត និង​ប្រើប្រាស់​ឧបករណ៍​ទំនើបៗ​ដើម្បី​បំពេញ តម្រូវការ​របស់ខ្លួន​ក្នុងការ​រស់នៅ និង​កែច្នៃ​ធម្មជាតិ​បន្តទៀត​។
​ ​សកម្មភាព​ការងារ​ទាំងនេះ​របស់​ម​នុស្ស​គឺជា បាតុភូត​នៃ​ដំណើរ​វិវឌ្ឍន៍​សេដ្ឋកិច្ច​។
​ ​ដំណើរ​សេដ្ឋកិច្ច​បាន​វិ​វ​ឌ្ឍ​ទៅរក​ការរីកចម្រើន​កាន់តែ​ប្រសើរឡើង ធ្វើឱ្យ​មនុស្ស​កាន់តែ​មាន​ជីវភាព​សមរម្យ និង​មាន​ឧបករណ៍​សម្ភារៈប្រើប្រាស់​គ្រប់បែបយ៉ាង​តាំងពី​សម្ភារៈ​តូចតាច​រហូតដល់​ម៉ាស៊ីន​ដែល​អាចជួយ​សម្រួល ការងារ​របស់​មនុស្ស​បាន (​ការងារ​ខ្លះ​មនុស្ស​មិនអាច​ធ្វើបាន ម៉ាស៊ីន​អាចធ្វើ​បាន​ប្រកបដោយ​ប្រសិទ្ធភាព​និង​ល្អ ឥតខ្ចោះ​)​។​
សរុបមក គ្រប់​ទំនិញ​ទាំងអស់​ដូចជា សម្លៀកបំពាក់ ឧបករណ៍ប្រើប្រាស់​ក្នុង​គេហដ្ឋាន រថយន្ត កុំ​ព្យូ​រ​ទ័​រ ម៉ាស៊ីន​ថត …… ជា​កម្មវត្ថុ​នៃ​សេដ្ឋកិច្ច ព្រោះ​វា​ត្រូវបាន​គេ​ទិញ និង​លក់​៕

វិធីសាស្រ្តដើម្បីទាក់ទាញអ្នកជួលជាជនជាតិបរទេស


ម្ចាស់ផ្ទះ ឬម្ចាស់អចលនទ្រព្យដែលឆ្លាតវៃត្រូវដឹងថាការទាក់ទាញអ្នកជួលជាជនបរទេសវាជាការជួលដ៏ល្អហើយវាជាមធ្យោបាយដ៏មានប្រសិទ្ធិភាពមួយដើម្បីទទួបានប្រាក់ចំណូលជាច្រើនពីអចលនទ្រព្យរបស់ពួកគេ។ ដូច្នេះតើអ្នកទាក់ទាញអ្នកជួលជាជនបរទេសមកជួលអចលនទ្រព្យរបស់អ្នកដោយរបៀបណា?
១.ផ្សព្វផ្សាយអចលនទ្រព្យរបស់អ្នកតាមអនឡាញ៖ អ្នកជួលជាជនបរទេសតែងតែស្វែងរកផ្ទះជួលតាមអនឡាញមុននឹងផ្លាស់ប្ដូរមករស់នៅក្នុងប្រទេសកម្ពុជា។ ដូច្នេះលោកអ្នកត្រូវផ្សព្វផ្សាយអចលនទ្រព្យ របស់អ្នកតាមប្រព័ន្ធអនឡាញណាមួយចាប់ពីរយៈពេល៣ខែឡើងទៅមុននឹងអាចរកអ្នកជួលបាន។ ការផ្សព្វផ្សាយអចលនទ្រព្យរបស់អ្នកជាមួយ Realestate.com.kh គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតមួយដើម្បីឱ្យដល់អ្នកជួលជាជនបរទេស។
២.រូបថត៖ ជនបរទេសកម្រនឹងមកមើលអចនទ្រព្យបានដោយផ្ទាល់នោះទេ ដោយសារពួកគេជាជនចំណូលថ្មីដែលមករស់នៅក្នុងតំបន់។ ពួកគេផ្អែកទៅលើរូបភាពដែលមានគុណភាពខ្ពស់ដូច្នេះត្រូវប្រើកាមេរ៉ាដ៏ល្អលមួយ ចូរកុំប្រើកាមេរ៉ាទូរស័ព្ទរបស់អ្នក! រូបថតអចលនទ្រព្យត្រូវតែច្បាស់ហើយថតចេញពី កាមេរ៉ាដែលគុណភាពខ្ពស់។
៣.សេវាកម្ម៖ អ្នកជួលបរទេសផ្លាស់ទីលំនៅមកកាន់ប្រទេសកម្ពុជា ពួកគេអាចធ្វើការរស់ជាមួយកូនក្មេងតូចៗ ដូច្នេះប្រសិនបើផ្ទះរបស់លោកអ្នកមានទីតាំងនៅជិតសាលារៀនវាពិតជាល្អមែនទែន។ សាលារៀនជាផ្នែកដ៏សំខាន់មួយនៃសហគម ជនបរទេសដែលផ្លាស់ទីលំនៅមករស់នៅជាមួយកូនក្មេងតូចៗរបស់ពួកគេ។
៤.ការរៀបចំ៖ តើមានគ្រឿងសង្ហារឹមគ្រប់គ្រាន់ដែរឬទេ? ត្រូវរៀបចំឱ្យបានល្អដើម្បីផ្ដល់នូវគ្រឿងសង្ហារឹមដែលពួកគេត្រូវការដើម្បីជួយឱ្យជនបរទេសបានចាប់ផ្ដើមរស់នៅក្នុងប្រទេសកម្ពុជាបាន។
៥.ភាពស្រស់ស្អាត៖ មធ្យោបាយតែមួយប៉ុណ្ណោះដែលអ្នកអាចកំណត់តម្លៃជួលបានគឺថាតើអចលនទ្រព្យដែលអ្នកកំពុងតែជួល មើលទៅល្អដែរឬទេ? ចូរយករបស់របរផ្ទាល់ខ្លួនទាំងឡាយចេញឱ្យអស់ជញ្ជាំងមើលទៅមានភាពស្រស់ស្អាតមានសោភ័ណ្ណភាព បង្ហាញនូវលក្ខណៈពិសេសនៃអចលនទ្រព្យរបស់អ្នកនៅក្នុងរូបភាព ហើយរៀបរាប់ព័ត៌មានលម្អឹតនៃអចលនទ្រព្យរបស់អ្នកឱ្យបានច្បាស់អំពីលក្ខណៈពិសេសដែលមិនបានបង្ហាញនោះហើយគឺជាការផ្សព្វផ្សាយដែលល្អបំផុតនោះ។
៦.​សុវត្ថិភាព៖ សុវត្ថិភាពគឺជារឿងដែលសំខាន់បំផុតសម្រាប់អ្នកជួលជាជនបរទេសដូច្នេះត្រូវយកចិត្តទុកដាក់ពន្យល់អំពីសុវត្ថិភាពលើអចលនទ្រព្យរបស់អ្នកដែលមានដូចជា៖ កាមេរ៉ាសុវត្ថិភាព សន្តិសុខ របងការពារ អ្នកជិតខាងមានសន្ដានចិត្តល្អ ហើយ់ធានាសុវត្ថិភាពសម្រាប់អ្នកដែលចូលរស់នៅថ្មី។

​តើ​អ្វី​ជា​ភាព​ឆ្លាតវៃ​សិប្បនិមិត្ត​​(Artificial Intelligence)​​ ហើយ​អ្នក​ជំនាញ​​យល់​ឃើញ​បែប​​ណា​?


បច្ចុប្បន្ន​នេះ ​មាន​គ្រឿង​យន្ត​ និង ​គ្រឿង​ម៉ាស៊ីន​ជាច្រើន​ ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​  ហើយ​បាន​ជួយ​សម្រាល​​បន្ទុក​​ការងារ​របស់​មនុស្ស​ជាច្រើន​។ គ្រឿង​យន្ត​ និង ​គ្រឿង​ម៉ាស៊ីន​ទាំង​នោះ​ មាន​សមត្ថភាព​ភាព​ខ្ពស់​ ​ក៏​ព្រោះ​ថា ​​អ្នក​ជំនាញ​​​បាន​បញ្ចូល​ទិន្នន័យ​ជាច្រើន​ ​​ជាហេតុ​នាំ​ឲ្យ​ការ​បំពេញ​ការងារ​គឺ​មាន​ប្រសិទ្ធភាព​ជាង​មនុស្ស​ធម្មតា​។ ​ភាព​ឆ្លាតវៃ​​​​របស់​គ្រឿង​ម៉ាស៊ីន​ទាំង​នោះ ​ត្រូវ​បាន​គេ​ ​ហៅ​​ក្នុង​ភាសា​បច្ចេកទេស​ថា ​​​«ភាព​ឆ្លាតវៃ​សិប្បនិមិត្ត» ឬ​ ជា​ភាសា​អង់គ្លេស​​ហៅ​ថា​artificial intelligence ។ តើ​បុគ្គល​សំខាន់ៗ​ក្នុង​ផ្នែក​វិទ្យាសាស្ត្រ​មាន​ការ​ប្រមើល​ទុក​ដូច​គ្នា​បែប​ណា​ចំពោះ​ភាព​វៃ​ឆ្លាត​សិប្បនិម្មិត (artificial intelligence) ?
រូប​វិទូ​ផ្នែក​ទ្រឹស្ដី​ដ៏​សំខាន់​មួយ​រូប Stephen Hawking បាន​ផ្ដល់​បទសម្ភាសន៍​ទៅ​កាន់BBC​កាល​ពី​ឆ្នាំ២០១៤​ថា៖ «ធម្មជាតិ​របស់​មនុស្ស ដែល​មាន​ការ​វិវត្តន៍​ផ្នែក​ជីវសាស្ត្រ​ឋិត​នៅ​ក្រោម​ដែន​កំណត់ មិន​អាច​យក​ឈ្នះ និង​ពិត​ត្រូវ​បាន​ជំនួស​ដោយ​ភាព​វៃ​ឆ្លាត​បែប​សិប្បនិម្មិត»
រយៈពេល​មួយ​ឆ្នាំ​ក្រោយ​មក​នា​ខែ​មករា ក្នុង​កម្មវិធីReddit ផ្នែក​សំណួរ​ចម្លើយ លោក Bill Gates ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​ពិភពលោក Microsoft ក៏​បាន​បង្ហាញ​ពី​ក្ដី​បារម្ភ​ជា​ខ្លាំង​របស់​ខ្លួន​ទៅលើ​ភាព​វៃ​ឆ្លាត​បែប​សិប្បនិម្មិត​ដូច្នេះ​ថា៖ «ខ្ញុំ​កំពុង​តែ​ស្ថិត​ក្នុង​ទីកន្លែង​មួយ​ដែល​មាន​ការ​ព្រួយបារម្ភ​ជា​ខ្លាំង​ចំពោះ​ភាព​វៃ​ឆ្លាត​ដ៏​អស្ចារ្យ​នេះ។ វា​នឹង​ក្លាយ​ជា​រឿង​ល្អ​ទៅវិញ ប្រសិន​បើ​ពួក​យើង​ចេះ​គ្រប់គ្រង​បាន​ត្រឹមត្រូវ»។
លោកបន្តថា៖ « ទោះ​ជា​ប៉ុន្មាន​ទសវត្ស​ទៅ​មុខ​ទៀត​ក៏​ដោយ ក៏​ភាព​វៃ​ឆ្លាត​នេះ​នៅ​តែ​មាន​អានុភាព​ខ្លាំងក្លា​សម្រាប់​ជា​អ្វី​ដែល​គួរ​ឲ្យ​បារម្ភ។ ខ្ញុំ​យល់ស្រប​ជាមួយ​អ្នក​ដទៃ​ទៀត​ទៅលើ​ចំណុច​នេះ ហើយ​ខ្ញុំ​ពិត​ជា​មិន​យល់​សោះ​ឡើយ​ថា ហេតុអ្វី​មនុស្ស​មួយ​ចំនួន​មិន​ព្រួយបារម្ភ​អំពី​វា​នោះ» ។
គួរ​បញ្ជាក់​ផង​ដែរ​ថា បើ​ផ្អែក​តាម​អ្នក​វិទ្យាសាស្ត្រ​ជា​ច្រើន​រូប ភាព​វៃ​ឆ្លាត​បែប​សិប្បនិម្មិត​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​សំដៅ​ទៅលើ​សកម្មភាព​នៃ​ការ​គិត និង​ភាព​វៃ​ឆ្លាត​ទាំងឡាយ​ដែល​ដំណើរការណ៍​ដោយ​ម៉ាស៊ីន។
បច្ចេកវិទ្យា​ទំនើប​ប្រៀប​បាន​ទៅ​នឹង​អាវុធ​មុខ​ពីរ ដែល​បង្កើត​ឡើង​ដោយ​ប្រើប្រាស់​ភាព​វៃ​ឆ្លាត​បែប​ធម្មជាតិ​របស់​មនុស្ស ដើម្បី​ជួយ​សម្រាល​ដល់​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​រាងកាយ​របស់​មនុស្ស ផ្ដល់​ភាព​ងាយស្រួល​ជាង​មុន​ដល់​ការ​រស់នៅ។ អត្ថប្រយោជន៍​ដ៏​ចម្បង​មួយ​នេះ គឺជា​អ្វី​ដែល​មនុស្សជាតិ​ក្នុង​ពេល​បច្ចុប្បន្ន ទទួល​បាន​ពី​វា។ យ៉ាងណាមិញ ស្រប​ពេល​ដែល​មនុស្សជាតិ​កំពុង​សោយសុខ​នឹង​ប្រយោជន៍​ដ៏​មហាសាល​ពី​ភាព​ជឿនលឿន​នៃ​បច្ចេកវិទ្យា​ទំនើប អត្តចរិត​របស់​មនុស្ស​ចំពោះ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា កំពុង​តែ​នាំ​មហន្តរាយ​ដល់​ជីវិត​រស់នៅ​របស់​ពួកគេ​ដូច​គ្នា។
ក្នុង​វិស័យ​សុខាភិបាល នៅ​អាមេរិក​ខាងជើង​និង​ខាងត្បូង អឺរ៉ុប និង​អាសីុ បច្ចេកវិទ្យា​វ៉ាត់សុន​របស់IBM (IBM’s Watson technology) កំពុង​ត្រូវ​បាន​ប្រើប្រាស់​ដោយ​គ្រូពេទ្យ​សម្រាប់​ផ្ដល់​ព័ត៌មាន​ថ្មីៗ​បំផុត​ជួយ​ដល់​ការ​វិនិច្ឆ័យ​ជំងឺ និង​ព្យាបាល​អ្នក​ជំងឺ។ រីឯ​ក្នុង​វិស័យ​ជំនួញ ការងារ​មួយ​ចំនួន​ធំ​តាម​រោងចក្រ​ឧស្សាហកម្ម​ធំៗ​នៅ​លើ​ពិភពលោក ដែល​ធ្លាប់តែ​ពឹង​ទាំងស្រុង​លើ​កម្លាំង​ពលកម្ម​រាងកាយ​របស់​មនុស្ស ពេល​នេះ​ក៏​កំពុង​តែ​ត្រូវ​បាន​ជំនួស​ជា​បណ្ដើរៗ​ដោយ​ម៉ាស៊ីន​ទំនើប និង​មនុស្សយន្ត។ ឥឡូវ​នេះ ភាព​វៃ​ឆ្លាត​បែប​សិប្បនិម្មិត​កំពុង​តែ​ជំនួស​ភាព​វៃ​ឆ្លាត​បែប​ធម្មជាតិ​លើ​ការងារ​សំខាន់ៗ​ជា​ច្រើន​ស្ទើរ​តែ​គ្រប់​ផ្នែក​នៅ​ក្នុង​ជីវិត​មនុស្សជាតិ។
ភាព​វៃ​ឆ្លាត​បែប​សិប្បនិម្មិត​នៃ​បច្ចេកវិទ្យា​ទំនើប​ដែល​ត្រូវ​បាន​បង្កើត​និង​គ្រប់គ្រង​ដោយ​មនុស្ស បើ​មនុស្សជាតិ​ជា​អ្នក​បង្កើត​របស់​ទាំងនេះ មិន​មាន​ការ​ប្រុងប្រយ័ត្ន​ទុក​ជាមុន​ទេ​នោះ នា​ពេល​អនាគត វា​នឹង​គ្រប់គ្រង​ទៅលើ​ជីវិត​មនុស្ស​វិញ​មិនខាន សោកនាដកម្ម​នឹង​ជា​អ្វី​ដែល​កើត​បន្ទាប់។ ដោយ​សម្លឹង​មើល​ពី​អ្វី​ដែល​កើតឡើង​ជាក់ស្ដែង​អំពី​គ្រោះថ្នាក់​នៃ​ភាព​វៃ​ឆ្លាត​បែប​សិប្បនិម្មិត​នេះ ដូចជា​ឧទាហរណ៍​នៃ​សង្គ្រាម​គ្រឿង​សព្វាវុធ​របស់​ប្រទេស​អ៊ីរ៉ាក់​នា​ឆ្នាំ២០០១​ជាដើម។
គ្រោះ​មហន្តរាយ​ដ៏​សាហាវ​បំផុត​សម្រាប់​ជីវិត​មនុស្សជាតិ​នឹង​កើត​មាន​ឡើង នៅ​ពេល​បច្ចេកវិទ្យា​ម៉ាស៊ីន​យន្តហោះ​រួម​បញ្ចូល​គ្នា​ជាមួយ​ភាព​វៃ​ឆ្លាត​បែប​សិប្បនិម្មិត​បង្កើត​បាន​ជា​គ្រឿង​សព្វាវុធ​ស្វយ័ត (autonomous weapons)។ លទ្ធផល​របស់​វា​គឺ​ដូច​លោកStuart Russell ជា​គ្រូបង្រៀន​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​នៅ​ឯ University of California នៃ​ទីក្រុង Berkeley បាន​ពញ្ញាក់​ស្មារតី​មនុស្សលោក​ដូច្នេះ​ថា ៖«មនុស្ស​នឹង​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ ដើម្បី​បង្កើត​នូវ​គ្រឿង​សព្វាវុធ​នុយក្លេអ៊ែរ​ដ៏​សាហាវ​ដល់​មនុស្សជាតិ។ វា​ជា​ដំណាក់កាល​ដែល​មនុស្សជាតិ​ប្រឆាំង​នឹង​ធម្មជាតិ​នៃ​លោក ព្រោះ​ថា​នៅ​ពេល​គ្រឿង​សព្វាវុធ​ចាប់ផ្ដើម​បង្ហាញ​ខ្លួន ការ​ស្រាវជ្រាវ​នឹង​ចាប់ផ្ដើម​ធ្វើការ​វិវត្ត​ដំណើរការណ៍​របស់​វា នៅ​ពេល​មាន​ការ​វិវត្តន៍​នោះ​វា​នឹង​ឈាន​ដល់​ការ​ផលិត។» ។
តើ​វត្តមាន​របស់​ភាព​វៃ​ឆ្លាត​បែប​សិប្បនិម្មិត​នេះ នឹង​ផ្លាស់ប្ដូរ​ពិភពលោក​ទៅ​ជា​យ៉ាងណា​ខ្លះ​នា​ពេល​អនាគត ?

​បើ​ចង់​សម្រេច​ក្ដី​សុបិន​ក្នុង​ជីវិត​ ​​អ្នក​គួរ​ប្រើ​វិធី​សាស្ត្រ SMART


អ្នក​ប្រហែល​ជា​ខិត​ខំ​ប្រឹង​ប្រែង​ ធ្វើ​ការ​ងារ​ថែម​ម៉ោង​ដើម្បី​ឆ្ពោះ​ទៅ​កាន់​គោល​ដៅ​របស់​អ្នក។ ក្តី​សុបិន​របស់​អ្នក​មើល​ទៅ​ល្អ​ខ្លាំង​ណាស់ ប៉ុន្តែ​អ្នក​ហាក់​ដូច​ជា​មិន​ទទួល​បាន​លទ្ធផល​អ្វី​សោះ។ អ្នក​គិត​ថា​សុបិន​នោះ​ប្រហែល​ជា​មិន​អាច​សម្រេច​បាន​ទេ​មើល​ទៅ ដូច្នេះហើយ​អ្នក​សម្រេច​ចិត្ត​បោះ​បង់។ ប៉ុន្តែ តើ​អ្នក​ធ្លាប់​ចំណាយ​ពេល​គិត​ដែរ​ឬ​ទេ​ថា​វា​អាច​មក​ពី​របៀប​ដែល​អ្នក​កំណត់​គោលដៅ? ដើម្បី​ធានា​ថា​ក្តី​សុបិន​ពិត​ជា​អាច​សម្រេច​​បាន អ្នក​គួរ​តែ​អនុវត្ត​តាម​វិធី SMART ៖
១) S: Specific ច្បាស់លាស់៖ វា​ពិត​ជា​មាន​សារៈសំខាន់​ណាស់​ដែល​អ្នក​គិត​ច្បាស់​ថា​ខ្លួន​ឯង​ចង់​បាន​អ្វី ពី​ព្រោះ​ថា​​​បើ​មិន​អ៊ីចឹង​ទេ អ្នក​នឹង​ចំណាយ​ពេល​និង​ថាមពល​ទៅ​លើ​អ្វី​ដែល​គ្មាន​ប្រយោជន៍​ដល់​គោលដៅ​អ្នក ។ លើស​ពី​នេះ​ទៅ​ទៀត ការ​ដឹង​ច្បាស់​ពី​អ្វី​ដែល​ខ្លួន​ចង់​បាន​នឹង​ជួយ​អ្នក​ជៀស​ចេញ​ឆ្ងាយ​ពី​ការ​រំខាន​ផ្សេងៗ។
២) M: Measurable ដែល​អាច​វាស់ស្ទង់​បាន៖ ​សារៈសំខាន់​នៃ​ការ​​វាស់​គោលដៅ​គឺ​វា​អាច​បង្ហាញ​ថា​អ្នក​អាច​សម្រេច​បាន​អ្វី​ខ្លះ​ហើយ តើ​អ្នក​ដើរ​លើ​ផ្លូវ​ត្រឹម​ត្រូវ​ដែរ​ឬ​ទេ? តើ​អ្នក​ត្រូវ​ដើរ​ឆ្ងាយ​ប៉ុន្មាន​ទៀត​ទើប​ដល់​គោល​ដៅ​ចុងក្រោយ។
៣) A: Achievable ដែល​អាច​សម្រេច​បាន៖ គោលដៅ​របស់​អ្នក​គួរ​តែ​​សម្រេច​បាន​ដោយ​ផ្អែក​ទៅ​លើ​សមត្ថភាព​​របស់​អ្នក​។ អ្នក​អាច​ដឹង​បាន​ដោយ​មើល​ទៅ​លើ​ជំនាញ​ដែល​អ្នក​មាន ហើយ​ប្រៀបធៀប​ជំនាញ​​ទៅ​នឹង​ជំនាញ​ដែល​ចាំ​បាច់​ដើម្បី​សម្រេច​ក្តី​សុបិន​នោះ។ ប្រសិន​ជា​អ្នក​គ្មាន​ជំនាញ​ដែល​ចាំ​បាច់​ទេ តើ​អ្នក​អាច​រៀន​ដែរ​ឬ​ទេ?
៤) R: Realistic ដែល​ប្រាកដនិយម៖ អ្នក​ត្រូវ​ធ្វើ​ការ​ស្រាវជ្រាវ​និង​ស្វែង​រក​ព័ត៌មាន​ដែល​ទាក់​ទង​ទៅ​នឹង​ក្តី​សុបិន​របស់​អ្នក។ ហើយ​អ្នក​ត្រូវ​គិត​ពី​ធនធាន​ដែល​អ្នក​មាន​ដូច​ជា ពេលវេលា ថវិកា​ កម្លាំង។ល។
៥) T: Time ពេលវេលា៖ ចូរ​អ្នក​គិត​ពី​រយៈពេល​ដែល​អ្នក​ចង់​សម្រេច​ក្តីសុបិន​របស់​អ្នក។ ការ​កំណត់​ពេលវេលា​ច្បាស់​លាស់​នឹង​ជួយ​ជំរុញ​អ្នក​ឲ្យ​ដើរ​ទៅ​មុន​។ ប្រសិន​ជា​អ្នក​គ្មាន​ពេល​វេលា​ច្បាស់​លាស់​នោះ អ្នក​ច្បាស់​ជា​ពន្យារ​កិច្ចការ​របស់​អ្នក​ជា​មិន​ខាន ដែល​ធ្វើ​ឲ្យ​ពុំ​អាច​សម្រេច​គោលដៅ​បាន៕

SMEs ជា​អ្វី?


សហគ្រាស​ខ្នាត​តូច និង​មធ្យម SMEs ជា​ឃ្លាកាត់​មក​ពី “Small and medium-sized enterprises​” ឬ​គេ​អាចហៅម្យ៉ាងទៀត​ថា “សហគ្រាស​ខ្នាត​​​តូច​ និង​មធ្យម  (SMBs)”​។ ពាក្យ​​នេះ ត្រូវ​បាន​ប្រើប្រាស់​ដោយ​បណ្ដា​អង្គការ​ពិភពលោក មាន​ដូចជា ធនាគារជាតិ អង្គការ​សហប្រជាជាតិ និង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។
បើ​ផ្អែម​តាម​គេហទំព័រ Ruropa បើ​នៅ​ប៉ែក​អឺរ៉ុប សហគ្រាស​ធុន​មធ្យម (Medium-sized enterprises) ជា​សហគ្រាស ដែល​​មាន​បុគ្គលិក​តិច​ជាង ២៥០ នាក់ មាន​ចំណូល​​ប្រចាំ​ឆ្នាំ​តូច​ជាងឬ​ស្មើ ៥៧, ៩៧៣, ៣៥០ ​​ដុល្លារ និង​មាន​របាយការណ៍​តុល្យការ​សរុប ឬ​ទ្រព្យ​សកម្ម​សរុប (Balance sheet total) តូច​ជាង​ឬ​ស្មើ ៤៩,៨៣៣,៩៩០ ​​ដុល្លារ
ចំណែក​សហគ្រាស​ធុន​តូច (Small-sized enterprises) ជា​សហគ្រាស ដែល​​មាន​បុគ្គលិក​តិច​ជាង ៥០ នាក់ មាន​ចំណូល​​ប្រចាំ​ឆ្នាំ​តូច​ជាងឬ​ស្មើ ១១,៥៩១,០៤០ ​​ដុល្លារ និង​មាន​របាយការណ៍​តុល្យការ​សរុប ឬ​ទ្រព្យ​សកម្ម​សរុប (Balance sheet total) តូច​ជាង​ឬ​ស្មើ ១១,៥៩១,០៤០​​ ដុល្លារ
ងាក​ចេញ​ពី​ប៉ែក​អឺរ៉ុប ហើយមិន​​ទៅ​ណា​ឆ្ងាយ​ទេ BizKhmer សូម​លើក​យក​និយមន័យ “សហគ្រាស​ខ្នាត​តូច និង​មធ្យម” នៅ​កម្ពុជា​តែ​ម្ដង។ យើង​តាម​​អនុក្រឹត្យ លេខ ១២៤ អនក្រ.បក ចេញ​ដោយ​រដ្ឋាភិបាល ស្ដី​ពីការ​លើក​ទឹកចិត្ត​ភ្នែក​ពន្ធ​ដារ សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម ក្នុង​វិស័យ​អាទិភាព​រដ្ឋាភិបាល ជំពូក​ទី២ “ការ​កំណត់​និយមន័យ និង​វិស័យ​អាទិភាព ក្នុង​មាត្រា ៤ ថ្មីៗនេះបាន​ឱ្យ​ដឹង​ថា៖
សហគ្រាស​ធុន​តូច ​​សំដៅ​លើ​សហគ្រាស​ដែល​មាន​ផលរបរ​​ប្រចាំ​ឆ្នាំ​ចាប់​ពី ២៥០ លាន​រៀល​ដល់ ៧០០ លាន​រៀល ឬ សហគ្រាស​ដទៃ​ទៀត ​ដែល​ជា​កម្មវត្ថុ​នៃ​ការ​​ចុះ​បញ្ជី​ពន្ធដារ​ជា​អ្នក​ជាប់​ពន្ធ​តូច ស្រប​តាម​ច្បាប់ និង​បទបញ្ញត្តិ​ស្ដីពី​ពន្ធដារ ឬ​មាន​និយោជិក​ចាប់​ពី ១០ នាក់ទៅ ៥០ នាក់
ចំណែក សហគ្រាស​ធុន​មធ្យម សំដៅ​លើ​សហគ្រាស ​ដែល​មាន​ផលរបរ​​ប្រចាំ​ឆ្នាំ​ចាប់​ពី ៧០០ លាន​រៀល​ដល់ ៤ ០០០ លាន​រៀល​ ឬ សហគ្រាស​ដទៃ​ទៀត​ ដែល​ជា​កម្មវត្ថុ​នៃ​ការ​​ចុះ​បញ្ជី​ពន្ធដារ​ជា​អ្នក​ជាប់​ពន្ធ​​មធ្យម​ ស្រប​តាម​ច្បាប់ និង​បទបញ្ញត្តិ​ស្ដីពី​ពន្ធដារ ឬ​មាន​និយោជិក​ចាប់​ពី ៥១ នាក់​ដល់​ ១០០ នាក់
CEO ជាងារពេញនិយមក្នុង SMEs
ងារ CEO ​ឬ​នាយក​ប្រតិបត្តិ​ ដែល​សំដៅ​ជា​ម្ចាស់ ឬ ស្ថាបនិក ត្រូវ​បាន​គេ​ច្រើន​ក្នុង​វិស័យ​មួយ​នេះ។ តួនាទី CEO នៃ SMEs គឺ​ពិបាក​ដូច​នឹង CEO នៃ​ក្រុមហ៊ុន​ធំៗ​ដែរ។ ជា​នាយក​ប្រតិបត្តិ​ម្នាក់ ចេះ​បែងចែក​ពេល​វេលា ​​ថាមពល និង​ទ្រព្យ​ទ្រព្យសកម្ម ដើម្បី​ដឹកនាំ​សហគ្រាស​របស់​ខ្លួន​ឱ្យ​ដំណើរការ​ទៅ​មុខ។ ជាទូទៅ​នាយកប្រតិបត្តិ គឺ​ជា​អ្នកយុទ្ធសាស្រ្ត ​ជើងឯក និង​ជា​អ្នក​ដឹកនាំ សម្រាប់​អភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម​​របស់​ខ្លួន។​​
ការ​ដឹកនាំក្នុង​វិស័យ​ SME
Top management teams និង​ស្តាយ​ដឹកនាំ របស់​ SMEs មាន​ឥទ្ធិពល​សំខាន់​ណាស់​លើ​ភាពជោគជ័យ ​និង​ការ​អភិវឌ្ឍន៍ នៃ​អាជីវកម្ម។ SMEs ជា​ច្រើន​មិន​មាន​​ក្រុមប្រឹក្សាភិបាល​ទេ ហើយ​ពឹងផ្អែក​លើ Top management team (TMT) ដែល​ជា​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត​យុទ្ធសាស្ត្រ។ SMEs តែង​ជួប​​ភាព​មិន​ប្រាកដប្រជាច្រើន ដូច្នេះ​ត្រូវ​ការ​ភាព​បត់បែន។
SMEs បាន​ដើរតួ​យ៉ាង​សំខាន់​ណាស់ ​ក្នុង​ការ​ជំរុញ​សេដ្ឋកិច្ច​សង្គម​ជាតិ ឱ្យរីកចម្រើន ព្រោះ​ជាង​ ៩០%​នៃ​អាជីវកម្ម​ខ្នាត​តូច​នៅ​កម្ពុជា​ជា​អាជីវកម្ម​ខ្នាត​តូច​ និង​មធ្យម៕

តើ​អ្វី​ទៅជា​សហគ្រាស​ឯកបុគ្គល (Sole Proprietorship)?


​នៅក្នុង​បរិបទ​នៃ​កំណើនសេដ្ឋកិច្ច​ដ៏​ក្លាវ​ក្លា ពាណិជ្ជកម្ម​ដើរតួរ​យ៉ាងសំខាន់​បំផុត​ក្នុងការ​លើកកម្ពស់​ការ អភិវឌ្ឍន៍ និង ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​យ៉ាងសកម្ម​។ ស្របទៅនឹង​ការរីកចម្រើន​នេះ​ផងដែរ យុវជន​ខ្មែរ​ជាច្រើន មាន​ទំនោរ​ក្នុង​ការបើក​នូវ​អាជីវកម្ម​ផ្ទាល់ខ្លួន ដោយ​អ្នកខ្លះ​វិនិយោគ​រួមគ្នា រីឯ​អ្នក​ខ្លះទៀត​មាន​ចំណង់​ចំណូលចិត្ត ក្នុង​បង្កើត​និង​គ្រប់គ្រង​អាជីវកម្ម​ដោយ​ខ្លួន​និង​មាន​ជំនួយ​ពី​សមាជិកគ្រួសារ​។ នៅក្នុង​អត្ថបទ​នេះ លោកអ្នក​នឹង​បាន ស្វែងយល់​អំពី​ថា​តើ​អ្វី​ទៅជា​សហគ្រាស​ឯកបុគ្គល​?
​ ​សហគ្រាស​ឯកបុគ្គល (Sole Proprietorship) គឺជា​សហគ្រាស​ពាណិជ្ជកម្ម​មួយ​ប្រភេទ ដែល​ត្រូវបាន បង្កើត​និង​គ្រប់គ្រង​ដោយ​បុគ្គល​តែ​ម្នាក់​។ នៅ​ក្នុងន័យនេះ ប្តី និង ប្រពន្ធ ព្រមទាំង​កូន​នៅក្នុង​បន្ទុក ត្រូវបាន​ចាត់ ទុក​ថា​ជា​បុគ្គល​តែ​ម្នាក់ ដែលជា​អ្នកគ្រប់គ្រង​នូវ​បញ្ជី​គណនេយ្យ កិច្ចសន្យា និង ទ្រព្យសម្បត្តិ​ទាំងឡាយ​។ ជាទូទៅ បុគ្គល​ដែលមាន​ឈ្មោះ​នៅក្នុង​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម ឬ​អាជ្ញាប័ណ្ណ​ផ្សេងៗ​ទៀត គឺជា​ម្ចាស់​អាជីវកម្ម​នោះ​។
​ ​ជាការ​ពិតណាស់ ម្ចាស់​សហគ្រាស​មាន​ឯករាជ្យភាព​ក្នុងការ​គ្រប់គ្រង​អាជីវកម្ម ព្រមទាំង​សិទ្ធិ​ពេញលេញ ក្នុងការ​ទទួលបាន​នូវ​អត្ថប្រយោជន៍​ទាំងស្រុង​ពី​ការប្រកប​អាជីវកម្ម​របស់ខ្លួន​។ ជាធម្មតា ម្ចាស់​អាជីវកម្ម មិនដែល បែងចែក​ឱ្យដាច់​ពីគ្នារ​វាង​កិច្ចការ​អាជីវកម្ម និង កិច្ចការផ្ទាល់ខ្លួន​ឡើយ​។ ម្ចាស់​អាជីវកម្ម គឺជា​អ្នក​ដែលមាន​ទំនួល ខុសត្រូវ​ទាំងស្រុង​ចំពោះ​បំណុល និង កាតព្វកិច្ច​នានា​។
​ ​លើសពីនេះទៅទៀត ម្ចាស់​សហគ្រាស គឺជា​បុគ្គល​តែ​ម្នាក់​គត់​ដែល​បោះ​ចេញ​នូវ​ដើមទុន សម្រាប់​វិនិយោគ ដែលជា​និច្ចកាល ដើមទុន​នោះ​កើតចេញពី​កម្ចី​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដោយ​ការដាក់​បញ្ចាំ​នូវ​ទ្រព្យ​ជា​ផ្ទះ ឬ​/​និង​ដី​របស់​ពួកគេ ឬ​ពេលខ្លះ​ពួកគេ​ខ្ចីបុល​ពី​មិត្តភក្តិ ឬ​សមាជិកគ្រួសារ​របស់​ពួកគេ​។​ល​៕

តើអ្នកជាកែវមានទឹកពេញ ឬកែវទឹកទទេ ?


នាំ​គ្នា​មក​ស្រមៃ​ទៅ​តាម​លំនាំ​ដូច្នេះ​ទៅ​មើល​ថា ដៃ​ម្ខាង​របស់​អ្នក​កំពុង​តែ​កាន់​កែវ​ទទេ​មួយ រីឯ​ដៃ​ម្ខាង​ទៀត​កាន់​កែវ​មួយ​ដែល​មាន​ទឹក​ដ៏​ច្រើន។ នៅ​ពេល​នេះ​អ្នក​ចាក់​ទឹក​ពី​កែវ​ដែល​ពោរពេញ​ទៅ​ដោយ​ទឹក​ដ៏​ច្រើន​នោះ ចូល​ទៅ​ក្នុង​កែវ​ដែល​កំពុង​តែ​ទទេ​មួយ​ទៀត។ អ្នក​បន្ត​ចាក់​រហូត​ទាល់តែ​ទឹក​ដែល​នៅ​ក្នុង​កែវ​ដែល​ធ្លាប់​តែ​ទទេ​នោះ ឡើង​មក​ដល់​មាត់​កែវ តែ​អ្នក​ក៏​បន្ត​ចាក់​ទឹក​ទៅ​ក្នុង​កែវ​នោះ​តទៅ​ទៀត ទាល់តែ​វា​ហូរហៀរ​ចេញ​ពី​មាត់​កែវ។


តើ​ទឹក​ហៀរ​ចេញ​ពី​កែវ ក៏​ព្រោះ​តែ​អ្នក​បន្ត​ចាក់​វា​មិន​ឈប់ ឬ​ក៏​ព្រោះ​តែ​កំហុស​មក​ពី​ទឹក​នៅ​កែវ​មួយ​ទៀត​មាន​ច្រើន​ពេក ? ពុំ​មែន​បែប​នេះ​ទាំងពីរ។ ទឹក​ហៀរ​ចេញ​ពី​កែវ ក៏​ព្រោះ​តែ​កែវ​មួយ​នេះ​តូច​ពេក ធ្វើឲ្យ​កន្លែង​ទំនេរ​នៅ​ក្នុង​កែវ​មិន​គ្រប់គ្រាន់​សម្រាប់​ទទួល​យក​ទឹក​បន្ថែម​មក​ទៀត​នេះ​ឯង។ ដូច្នេះ តើ​ទឹក ដែល​ជា​ធម្មជាតិ​ដែល​ផ្ដល់​ប្រយោជន៍​សម្រាប់​ទ្រទ្រង់​ជីវិត​មនុស្សលោក​ឲ្យ​រស់រាន​បាន​នោះ ខំ​ចាក់​បញ្ចូល​មក​បន្ថែម​ទៀត​ទៅ​ក្នុង​កែវ​ដែល​ពោរពេញ​ទៅ​ដោយ​ទឹក​ស្រាប់​ហើយ នៅ​តែ​មាន​ប្រយោជន៍​សម្រាប់​កែវ​នេះ​តទៅ​ទៀត​ទេ ?
អ្នក​ត្រូវ​ដឹង​ថា នេះ​មិនមែន​មក​ពី​ទឹក​មាន​បរិមាណ​ច្រើន​ពេក​នោះ​ទេ តែ​មក​ពី​កែវ​ខ្លួន​វា​មាន​កន្លែង​តូច​សម្រាប់​ទទួល​យក​ទឹក​ទៅវិញ​ទេ។ ធៀប​ទៅ​នឹង​មនុស្ស​យើង​វិញ​ក៏​មិន​ខុស​គ្នា​អ្វី​ដែរ។ យើង​តែងតែ​ព្យាយាម​ស្រូប​យក​ចំណេះដឹង​ឲ្យ​បាន​ច្រើន ស្រាវជ្រាវ​សិក្សា​ទៅលើ​ព័ត៌មាន​លម្អិត​រហូត​ទាល់តែ​បំពេញ​ទឹក​នៅ​ក្នុង​កែវ​របស់​យើង​ឲ្យ​ពេញ។ នៅ​ពេល​ដែល​វា​ពេញ​ហើយ មិន​ចម្លែក​អ្វី​នោះ​ទេ​ដែល​កែវ​មួយ​នេះ​មិន​សេសសល់​កន្លែង​សម្រាប់​ដាក់​បញ្ចូល​ទឹក​ជា​បន្តបន្ទាប់​មក​ទៀត បើ​ទោះ​ជា​ខំ​ចាក់​ទឹក​ចូល​មក​ទៀត​យ៉ាង​ណា ក៏​វា​នឹង​ហូរហៀរ​ចេញ​ពី​កែវ​នោះ​ដោយ​ឥតប្រយោជន៍​ដដែល។
នៅ​ក្នុង​សៀវភៅ​ដ៏​ល្បីល្បាញ​មួយ​របស់​ពិភពលោក ដែល​និពន្ធ​ដោយ​លោក រ៉ូប៊ឺត គីយ៉ូសាគី មាន​ចំណងជើង​ថា “Richdad’s Cashflow Quadrant: Guide to Financial Freedom” (ចរន្ត​ប្រាក់​បួន​ផ្នែក) បាន​លើកឡើង​ថា ទាល់តែ​អ្នក​ឈ្នះ​ឆ្នោត ឬ​ទទួល​កេរ្តិ៍មរតក​ដ៏​ច្រើន​មហាសាល ពុំ​នោះ​ទេ បើ​អ្នក​ត្រឹមតែ​ជា​មនុស្ស​ធម្មតា​ម្នាក់ អ្នក​មាន​ឱកាស​៤​យ៉ាង​ដើម្បី​ជោគជ័យ​ក្នុង​ការ​ទទួល​បាន​ទ្រព្យសម្បត្តិ​និង​ចរន្ត​ប្រាក់។ ឱកាស​៤​យ៉ាង​នេះ​គឺជា សង្រួម​មក​ត្រឹម​អក្សរ​កាត់ E (Employee) ជា​បុគ្គលិក S (Self-employed) ជា​អ្នក​ធ្វើការ​ឲ្យ​ខ្លួនឯង ឬ​ម្ចាស់​ធុរកិច្ច​តូចៗ B (Business owner) ជា​ម្ចាស់​ធុរកិច្ច​ធំៗ និង I (Investor) ជា​វិនិយោគិន។
លោក រ៉ូប៊ឺត​មាន​ទស្សនៈ​ថា បុគ្គលិក​ដូចជា​គណនេយ្យករ និង​អ្នក​ធ្វើការ​ឲ្យ​ខ្លួនឯង​ដូចជា​គ្រូពេទ្យ​ជាដើម អ្នក​ឯកទេស​តាម​ជំនាញ​រៀងៗ​ខ្លួន​ទាំងនេះ​ប្រៀប​ដូចជា​ទឹក​ដែល​មាន​ទឹក​ពេញ​កែវ​ដូច្នោះ។ ពួកគេ​ត្រូវ​មាន​ចំណេះដឹង ជំនាញ​និង​បទពិសោធន៍​ទាំងឡាយ​ជាប់​ពាក់ព័ន្ធ​នឹង​អ្វី​ដែល​ជា​ការងារ​អាជីព​របស់​ពួកគេ​ឲ្យ​បាន​ល្អិតល្អន់ និង​យកចិត្តទុកដាក់​ទៅលើ​ព័ត៌មាន​ល្អិត​តូចតាច​អំពី​ឯកទេស​របស់​ខ្លួន។ នេះ​គឺជា​អ្វី​ដែល​មនុស្ស​នៅ​ក្នុង​ចរន្ត​ប្រាក់​២​ផ្នែក​ខាងលើ​ចាំបាច់​ត្រូវ​ធ្វើ។
ដោយឡែក បុគ្គល​ដែល​ជា​ម្ចាស់​ធុរកិច្ច​ធំៗ​នៅ​តាម​ក្រុមហ៊ុន​ឬ​ស្ថាប័ន​ផ្សេងៗ និង​អ្នក​វិនិយោគ​ផ្លាស់ប្ដូរ​កែវ​របស់​ពួកគេ​ឲ្យ​មាន​កន្លែង​ទំនេរ​ទូលាយ ដែល​អាច​ដាក់​បញ្ចូល​ទឹក​បាន​ច្រើន និង​មិន​ចេះ​ពេញ​នោះ​ទេ ក៏​ព្រោះ​តែ​ពួកគេ​ជា​អ្នកដឹកនាំ​ដែល​មិន​ត្រឹមតែ​មាន​តួនាទី​មើល​ការ​ខុសត្រូវ​ទៅលើ​អ្នក​ជំនាញ​តាម​ផ្នែក​នីមួយៗ​របស់​ខ្លួន​នោះ​ទេ ប៉ុន្តែ​បុគ្គល​នៅ​ក្នុង​ចរន្ត​ប្រាក់​ទាំង​ពីរ​ផ្នែក​នេះ​ត្រូវ​ទទួល​បន្ទុក​ទៅលើ​កិច្ចការ​សំខាន់ៗ​ទៀត​ជាច្រើន។ កិច្ចការ​ច្រើន​បែប​នេះ អ្នកដឹកនាំ​មិន​អាច​ធ្វើ​ជា​ទឹក​ពេញ​កែវ ដែល​ល្អិតល្អន់​គ្រប់​ចំណុច​ទៅលើ​ចំណេះដឹង​ទាំងអស់​នោះ​ទេ ព្រោះ​ពួកគេ​ត្រូវ​ចេះ​ឲ្យ​បាន​ច្រើន​ផ្នែក។
សៀវភៅ​មួយ​ក្បាល​នេះ ពុំ​បាន​ប្រាប់​អ្នក​ថា​តើ​ត្រូវ​ធ្វើ​បែប​ណា​ដើម្បី​ក្លាយ​ជា​មហាសេដ្ឋី​លំដាប់​ពិភពលោក ប៊ីលហ្គេត ហើយ​ក៏​មិនមែន​ស្ទីវចប​នោះ​ដែរ ប៉ុន្តែ​លោក រ៉ូប៊ឺត​ប្រាប់​អ្នក​ឲ្យ​ចេះ​ស្គាល់​ពី​អត្តសញ្ញាណ​ពិត​របស់​ខ្លួន មានន័យ​ថា​អ្នក​ត្រូវ​ឆ្លុះ​កញ្ចក់​សួរ​ខ្លួនឯង​ថា​តើ​ឥឡូវ​នេះ​អ្នក​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ណា ផ្នែក​មួយ​ណា​នៃ​ចរន្ត​ប្រាក់​ទាំង៤​ផ្នែក​នេះ ហើយ​ថា​តើ​ទី​ដែល​អ្នក​កំពុង​ឈរ​នេះ​ជា​អ្វី​ដែល​អ្នក​ចង់​បាន ហើយ​ស័ក្ដិសម​នឹង​ទេពកោសល្យ​និង​សមត្ថភាព​របស់​អ្នក​ដែរ​ឬ​អត់ ? និយាយ​រួម​គឺ​ចង់​សំដៅ​ថា តើ​អ្នក​មើល​ទៅលើ​ពិភពលោក​របៀប​ម៉េច​នេះ​ឯង ?

ទាល់តែ​អ្នក​ដឹង​ថា​ខ្លួនឯង​កំពុង​ឈរ​នៅ​ទីណា គោលដៅ​របស់​ខ្លួន​ចង់​ស្ថិត​នៅ​ចរន្ត​ប្រាក់​ផ្នែក​ណា អ្នក​ចង់​ឲ្យ​កែវ​របស់​អ្នក​មាន​កន្លែង​តូច​ល្មម​សម្រាប់​ដាក់​បញ្ចូល​ទឹក ឬ​ចង់​ធ្វើ​ឲ្យ​កែវ​នោះ​មាន​កន្លែង​ធំ​ទូលាយ​ដែល​អាច​ដាក់​បញ្ចូល​ទឹក​មិន​ចេះ​ហូរហៀរ។ បើ​អ្នក​ដឹង​ពី​អត្តសញ្ញាណ​ពិត​របស់​ខ្លួន​ថា​ចង់​ណា​ទីណា នោះ​ចំណេះដឹង​ដែល​អ្នក​ទទួល​យក​មក​ក៏​មិន​ចេះ​ខាតបង់​ចោល​ឥត​ប្រយោជន៍​នោះ​ដែរ គឺជា​ការ​ជ្រើសរើស​រវាង​ការ​មើល​រូបភាព​លម្អិត​ឬ​រូបភាព​ធំ​នេះ​ឯង៕

ច្បាប់​រើស​បុគ្គលិក​របស់​ Jack Ma គឺ​មិន​ជួល​មនុស្ស​អស្ចារ្យ និង​អ្នក​ជំនាញ


លោក Jack Ma នរណា​មិន​ស្គាល់! គាត់​ជា​ស្ថាបនិក និង​ជា​នាយកប្រតិបត្តិ របស់ Alibaba ដែល​បច្ចុប្បន្ន​ក្រុមហ៊ុន​ លក់​ទំនិញ ​Oline យក្ស​របស់​ចិននេះមួយ​ មាន​បុគ្គលិកបម្រើការមានជាង ៨ ម៉ឺននាក់​។ ​
ក្នុង​ស្មេរ​របស់​គេហទំព័រ CNBC លោក​​មហាសេដ្ឋី​រូប​នេះ បាន​ឱ្យ​ដឹង​ថា លោក​មិន​ជួល​មនុស្ស​អស្ចារ្យ និង​អ្នក​ជំនាញ មក​ធ្វើ​ការ​ឡើយ។ ពួកគេ​គ្រាន់​តែ​អស្ចារ្យ នៅ​ថ្ងៃ​ម្សិលមិញ​ប៉ុណ្ណោះ ប៉ុន្តែ​ពួកគេ​មិន​អស្ចារ្យ​រហូត​នោះ​ទេ។ អ្វី​ដែល​បុរស​ខ្លាំង​ខាង ecommerce ចង់​បាន គឺ​ការ​រើស​បុគ្គលិក​ដែល​ត្រៀម​ខ្លួន​រួចរាល់ ចង់​រៀន​សូត្រ និង​ជា​មនុស្ស​មិន​រអា​នឹង​ការ​បង្កើត​កំហុស​។ ​
លោក​ថា ៖”គ្មាន​មនុស្ស​ជំនាញ​ទេ​លើ​ពិភពលោក។ មនុស្ស​អស្ចារ្យ តែង​តែ​នៅ​ក្នុង​ក្រុមហ៊ុន​របស់​អ្នក ជា​មនុស្ស​​អ្នក​បង្រៀន​ ឱ្យ​ក្លាយ​ជា​មនុស្ស​អស្ចារ្យ”។
អ្វី​ទាំង​នេះ​​បាន​កើត​ឡើង ពេល​​ដែល​វិនិយោគិន​វ័យ ៥៤​ឆ្នាំ ចាប់​ផ្ដើម​បើក Alibaba ក្នុង​ទំហំ​ទឹកប្រាក់ វិនិយោគ​ដំបូង ៥ លាន​ដុល្លារ​​អាមេរិក​។ លោក​បាន​ជួល​អនុប្រធាន​ជាច្រើន មក​ពី​ក្រុមហ៊ុន​ផ្សេង​គ្នា។ អនុប្រធាន​ទីផ្សារ​ម្នាក់ បាន​មក​ជួប​លោក ហើយ​ឱ្យ “Proposal” ហើយ​និយាយ​ថា នេះ​ជា​គម្រោង​​ទីផ្សារ​អាជីវកម្ម​ ដែល​គាត់​បាន​ធ្វើ​។
គម្រោង​​ដែល​អនុប្រធាន​ខាង​លើ​ស្នើ ត្រូវ​ការ​ចាយ​ប្រាក់​ដល់​ទៅ​ ១២ លាន​ដុល្លារ ហើយ​គាត់​បាន​សារភាព​ថា គាត់​មិន​ដែល​ធ្វើ​ផែនការ​​អាជីវកម្ម​ក្រោម ១០​លាន​ដុល្លារ​ឡើយ។ ​
“វា​មិន​មែន​ជា​កំហុស​របស់​អ្នក ប៉ុន្តែ​វា​ជា​កំហុស​របស់​ខ្ញុំ”។ លោក Ma បាន​តប​​បែប​នេះ ហើយ​បន្ថែម​ថា លោក​ដឹង​​ហើយ ការ​សម្រេច​ចិត្ត​ជួល​ពួកគេ​របស់​លោក​ ប្រៀប​បាន​​យក​ម៉ាស៊ីន​យន្ត​ហោះ​ធុនធំ​ Boeing 747 មក​ដាក់​​លើ​ត្រាក់ទ័រ​​​ដូច្នោះ​ដែរ​។ ត្រង់​នេះ​លោក​ចង់​បាន​ន័យ​ថា ក្រុមហ៊ុន​​ទើប​តែ​ដំណើរ​ការ​សោះ ប៉ុន្តែ​ការ​ចំណាយ​លើ​គម្រោង​ខ្ពស់​ខ្លាំង៕

វិធីសាស្ត្ររក្សាខួរក្បាលឪ្យនៅក្មេងចង់ចាំបានរហូតដល់ចាស់ស្លាប់


យើងទាំងអស់គ្នា​តែងតែមាន​ភាព​តានតឹង​ដោយសារ​ស្បែក​ជ្រួញ សក់ស្កូវ ឆ្អឹង​ខ្សោយ ។​ល​។ យើង​ដឹង​ហើយ​ថា​ប្រសិនបើ​បេះដូង​និង​ខួរក្បាល​នៅ​ក្មេង នោះ​យើង​ក៏​ក្មេង​រហូត​តាម​នឹង​ដែរ​។​
​ ​ខាងក្រោម​នេះ​គឺជា​គន្លឹះ​ថែរក្សា​ខួរក្បាល​ឱ្យមាន​សុខភាព​ល្អ និង​នៅ​ក្មេង​បានយូរ​។​
​ ​១. ជំរុញ​ផ្នែក​បញ្ញា​
​ ​រក្សា​ខួរក្បាល​របស់​អ្នកធ្វើ​ពលកម្ម​។ អ្នក​អាចធ្វើ​លំ​ហាត់ប្រាណ​ខួរក្បាល​ដោយ​គិត​លេខ ដោះស្រាយ​ល្បែង​ល្បងប្រាជ្ញា ឬក៏​គូរគំនូរ​ជាដើម​។​
​ ​២. ធ្វើ​លំ​ហាត់ប្រាណ​រាងកាយ​
​ ​ធ្វើ​លំ​ហាត់ប្រាណ​រាងកាយ​ជួយ​ជំរុញ​គ្រាប់​ឈាម និង​អុកស៊ីសែន​ទៅ​ខួរក្បាល​។​
​ ​៣. ជំរុញ​របប​អាហារ​
​ ​កាត់បន្ថយ​អាហារ​ដែល​មិន​ផ្ដល់​សុខភាព​ដល់​អ្នក និង​ទទួលទាន​អាហារ​ដែល​មិនមាន​ហានិភ័យ ឬក៏​អាហារ​ដែលមាន Omega 3 ទើប​ខួរក្បាល​មិនឆាប់​ចាស់​។​
​ ​៤. រក្សា​តុល្យភាព​សម្ពាធ​ឈាម​របស់​អ្នក​
​ ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​អាច​បណ្ដាលឱ្យ​អ្នកមាន​បញ្ហា​ចងចាំ​នៅពេល​អ្នក​ចាស់​។​
​ ​៥. កុំ​ទទួលទាន​ស្ករ​ច្រើនពេក​
​ ​ប្រសិនបើ​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម វា​អាច​ប៉ះពាល់​ដល់​ខួរក្បាល​របស់​អ្នក​។​
​ ​៦. ពិចារណា​មុនពេល​ប្រើប្រាស់​ថ្នាំ​អា​ស្ពា​រី​ន ឬ​ថ្នាំពេទ្យ​
​ ​៧. ជៀសវាង​ថ្នាំជក់ ឬ​បារី​ផ្សេងៗ​
​ ​៨. កុំ​ខ្វល់ខ្វាយ​ច្រើនពេក​
​ ​កុំ​ធ្វើឱ្យ​ខ្លួនឯង​បាក់​ទឹកចិត្ត ឬក៏​អស់កម្លាំង​ងាយស្រួល​ពេក វា​ធ្វើឱ្យ​អ្នក​មិនអាច​គេង​លក់​ស្រួល និង​ប៉ះពាល់​ដល់​ខួរក្បាល​។​
​ ​៩. ការពារ​ក្បាល​
​ ​កុំឱ្យ​ក្បាល​ប៉ះទង្គិច ឬ​របួស​ក្នុង​ជិវិត​របស់​អ្នក វា​អាចឱ្យ​អ្នក​បាត់​ការចងចាំ​នៅពេល​ចាស់​ទៅ​។​
​ ​១០. បង្កើត​ទំនាក់ទំនង​ក្នុងសង្គម​
​ ​ជួប​មនុស្ស​ថ្មី​ក្នុងសង្គម​អាច​វិវឌ្ឍន៍​ខួរក្បាល​របស់​អ្នក និង​ជួយ​អ្នក​កុំឱ្យ​គិត​រឿង​អវិជ្ជមាន​៕

វិធី៤យ៉ាង ដើម្បីលើកទឹកចិត្តខ្លនឯងពេលជួបរឿងស្មុគស្មាញ


មនុស្សក្នុងពិភពលោកតែងតែជួបប្រទះនូវការបាក់ទឹកចិត្តជាច្រើនលើកជាច្រើនសានៅក្នុងជីវិត តែអ្វីដែលសំខាន់នោះគឺថាតើអ្នកអាចងើបចេញពីស្ថានការណ៍នោះបានដែរឬមួយក៏អត់ទេ។ ចម្លើយគឺប្រាកដជាបាន តែអ្នកក៏ត្រូវតែមានការតស៊ូក៏ដូចជាការអត់ធន់ខ្ពស់ដែរ ទើបអ្នកអាចធ្វើវាបាន។ ខាងក្រោមនេះនេះជាវិធីដែលអ្នកអាចយកទៅប្រើប្រាស់បាន៖
១) ដាក់គោលដៅដ៏ច្បាស់លាស់មួយ ៖ អ្នកគួរតែកំណត់គោលដៅដ៏ច្បាស់លាស់មួយសម្រាប់ខ្លួនឯងថាអ្នកចង់ធ្វើអ្វី ឬចង់បានអ្វីឲ្យពិតប្រាកដ។ អ្នកចង់ស្រកទម្ងន់មែនទេ? ដូចនេះអ្នកចាប់ផ្ដើមធ្វើវាទៅ ចាប់ផ្ដើមផ្លាស់ប្ដូររបបអាហាររបស់អ្នកឲ្យល្អជាងមុនទៅ ហើយអ្នកក៏អាចចាប់ផ្ដើមធ្វើការហាត់ប្រាណជាប្រចាំដែរទៅ ធ្វើយ៉ាងណាឲ្យអ្នកសម្រេចបាននូវគោលបំណងដែលអ្នកប៉ងនោះ។
២) ស្គាល់ពីខ្លួនឯង ៖ មនុស្សភាគច្រើនមានបញ្ហានៅក្នុងជីវិតច្រើន ដោយសារតែពួកគេមិនដឹងថាពួកគេជាអ្នកណាឲ្យពិតប្រាកដ ហើយអ្នកខ្លះថែមទាំងមិនដឹងថាក្ដីសុខរបស់ពួកគេជាអ្វីថែមទៀតផង ដែលនេះគឺជាមូលហេតុមួយដែលធ្វើឲ្យពួកគេយល់ថាតើអ្វីដែលពួកគេកំពុងតែធ្វើនេះ គឺដើម្បីអ្វី ហើយដើម្បីអ្នកណា? ខណៈដែលអ្នករកចម្លើយមិនទាន់ឃើញ អ្នកមិនងាយទទួលបាននូវភាពជោគជ័យនោះទេ។
៣) បង្កើតទម្លាប់ជោគជ័យ ៖ អ្នកនឹងទទួលបាននូវភាពជោគជ័យ ឬបរាជ័យគឺអាស្រ័យនៅលើទម្លាប់របស់អ្នកនេះហើយ។ អ្នកគួរតែចាប់ផ្ដើមគិតថា អ្នកមានទម្លាប់មិនល្អអ្វីខ្លះ ហើយទម្លាប់ទាំងអស់អាចផ្ដល់នូវផលប៉ះពាល់អវិជ្ជមានទៅដល់គោលដៅរបស់អ្នកដែរឬទេ? បើសិនជាវាមានផលប៉ះពាល់មែន អ្នកគួរតែផ្លាស់ប្ដូរទម្លាប់របស់អ្នកក្នុងពេលឥឡូវនេះតែម្ដងទៅ ដោយមិនបាច់ចាំពេលនេះពេលនោះទេ។
៤) គិតថាហេតុអ្វីបានជាចាប់ផ្ដើមធ្វើអ្វីដែលកំពុងធ្វើ ៖ ចំណុចមួយនេះមានប្រសិទ្ធភាពបំផុតជាពិសេសនៅពេលដែលអ្នកចង់បោះបង់ចោលនូវអ្វីដែលកំពុងតែធ្វើ ដោយសួរខ្លួនឯងថាហេតុអ្វីបានជាអ្នកចាប់ផ្ដើមវានៅពេលដំបូង? សំនួរមួយអ្នកអាចធ្វើឲ្យអ្នកមានកម្លាំងចិត្តមកវិញបានយ៉ាងឆាប់រហ័សផងដែរ៕

គន្លឹះ ៤យ៉ាង នឹងជួយឲ្យអ្នកសម្រេចកិច្ចការដែលអ្នកចង់ធ្វើ


កំណត់ត្រាកិច្ចការដែលអ្នកចង់ធ្វើនៅលើក្រដាសអាចជាមិត្តដ៏ល្អនឹងមិត្តដ៏អាក្រក់។ អ្នកដឹងច្បាស់ពីអារម្មណ៍ដែលអ្នកបានសម្រេចកិច្ចការដែលអ្នកចង់ធ្វើនៅថ្ងៃនេះ។ អ្នកមានអារម្មណ៍ថាខ្លួនឯងមានផលិតភាព។ ប៉ុន្តែ ផ្ទុយទៅវិញ ប្រសិនជាអ្នកមិនបានសម្រេចកិច្ចការដែលអ្នកបានកំណត់ អ្នកអាចនឹងមានអារម្មណ៍មិនល្អ។
១) រកដៃគូដែលល្អ ៖ មានពេលខ្លះ អ្នកប្រហែលចង់ទុកចោលនូវកិច្ចការដែលអ្នកបានកំណត់ទៅធ្វើអ្វីផ្សេងដែលសំខាន់ជាងនេះ។ ពេលខ្លះ យើងយល់ច្រឡំពាក្យ “ពន្យារពេល” និង “អាទិភាព”។ ដូច្នេះហើយអ្នកគួរតែមានដៃគូមួយដែលជួយរំលឹកអ្នកនិងជួយអ្នកសម្រេចគោលបំណង។
២) កំណត់អាទិភាពបីយ៉ាង ៖ ក្រោយពេលដែលអ្នកបានសរសេររាល់កិច្ចការដែលអ្នកចង់សម្រេច ជ្រើសរើសវិធីបីយ៉ាងដែលអ្នកគិតថាក្រោយអ្នកសម្រេច ថ្ងៃនេះនឹងមានន័យសម្រាប់អ្នក។
៣) កំណត់ពេលសម្រាប់កិច្ចការនីមួយៗ ៖ មានកិច្ចការមួយចំនួនទាមទារតែរយៈពេលខ្លីសម្រាប់សម្រេចតែប៉ុណ្ណោះ។ អីចឹងហើយ ពេលអ្នកមានពេលតិចតួច អ្នកអាចធ្វើកិច្ចការទាំងនោះបាន។ ពេលអ្នកមានពេលច្រើន អ្នកអាចធ្វើកិច្ចការធំៗ។
៤) កំណត់កិច្ចការដែលអ្នកមិនត្រូវធ្វើ ៖ អ្នកមានបញ្ហាដែលរារាំងអ្នកមិនឲអ្នកសម្រេចអ្វីដែលអ្នកចង់ធ្វើ។ ដំណោះស្រាយនោះគឺបង្កើតគម្រោងមួយដែលអ្នកមិនចាំបាច់ធ្វើ។ ឧទាហរណ៍ថា៖ អ្នកមិនត្រូវលេងទូរស័ព្ទពេលអ្នកធ្វើការ៕

សម្តី​មាស​​​ ១០ ឃ្លា​របស់ ខុងជឺ ដែល​អាច​ផ្លាស់ប្ដូរ​ជីវិត​អ្នក


ខុងជឺ គឺជា​គ្រូបង្រៀន កវីនិពន្ធ អ្នកនយោបាយ និង​ទស្សនវិទូ​ជនជាតិ​ចិន ដ៏​អស្ចារ្យ និង​ល្បីល្បាញ​នៅ​ភាគ​ខាងកើត។ ខុងជឺ បាន​បង្រៀន​មនុស្ស​ឲ្យ​ចេះ​ពី ក្បួន​ច្បាប់​នៃ​ការ​ទំនាក់ទំនង​ក្នុង​សង្គម សុចរិត និង ស្មោះត្រង់។
ខាងក្រោម​នេះ គឺជា​សម្តី​មាស​ដ៏​មាន​ឥទ្ធិពល​ចំនួន​១០ឃ្លា ពី​ទស្សនវិទូ ខុង ជឺ សម្រាប់​ផ្លាស់ប្តូរ​ជីវិត​អ្នក៖
១. វា​មិន​សំខាន់​ទេ ទោះជា​អ្នក​ដើរ​យឺត​ប៉ុណ្ណា ដរាប​ណា​អ្នក​នៅ​មិន​ទាន់​ឈប់
២. កុំព្យាយាម​​បង្កើត​ចំណង​មិត្តភាពថ្មី ជាមួយ​មនុស្ស​ដែល​មិនមាន​ភាព​ល្អ​ប្រសើរ​ជាង​អ្នក
៣. ពេល​កំហឹង​កើត​មាន សូម​គិត​ពី​ផលវិបាក
៤. នៅ​ពេល​អ្នក​ច្បាស់​ថា​មិន​អាច​ទៅ​ដល់​គោលដៅ សូម​កុំ​កែប្រែ​គោលដៅ ប៉ុន្តែ​ត្រូវ​កែប្រែ​ការ​ដើរ​របស់​អ្នក​វិញ
៥. ប្រសិន​បើ​អ្នក​ស្អប់​មនុស្ស​ម្នាក់ មាន​ន័យ​ថា អ្នក​បាន​បរាជ័យ​ដោយសារ​ពួកគេ​ហើយ
៦. អ្វី​ដែល​មនុស្ស​អស្ចារ្យ​ស្វែងរក គឺ​នៅក្នុង​ខ្លួន​ពួកគេ អ្វី​ដែល​មនុស្ស​ធម្មតា​ស្វែងរក គឺ​នៅក្នុង​ខ្លួន​អ្នកដទៃ
៧. ទោះបីជា​អ្នក​ទៅ​ដល់​ទីណា សូម​ទៅ​ដោយ​អស់​ពី​ចិត្ត
៨. សូម​ផ្តល់​ការណែនាំ​សម្រាប់​តែ​មនុស្ស​ណា​ដែល​ស្វែងរក​ចំណេះដឹង បន្ទាប់ពី​ពួកគេ​បាន​រកឃើញ​ភាព​ល្ងង់ខ្លៅ​របស់​ខ្លួនឯង
៩. ការ​សម្លឹង​ឃើញ​ផលប្រយោជន៍​តិចតួច គឺ​រារាំង​មិនឲ្យ​សម្រេច​ការងារ​ធំ​បាន​ឡើយ
១០. ប្រសិនបើ​ពួកគេ​ស្ដោះ​ទឹកមាត់​នៅ​ក្រោយខ្នង​អ្នក មាន​ន័យ​ថា អ្នក​នាំមុខ​ពួកគេ

អនុវត្ត​តាម​មេរៀន​ជីវិត​ទាំងនេះ អ្នក​នឹង​អាច​មើល​ឃើញ​ពី​ការផ្លាស់ប្តូរ​កាន់តែ​ល្អ​ប្រសើរ នៅក្នុង​ជីវិត​របស់​អ្នក៕

​វិធី​ ២​យ៉ាង​ធ្វើ​យ៉ាង​ណា​ ទើប​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​មាន​គោលដៅ​មួយ​ដែល​មាន​អត្ថន័យ


មិនថាអ្នកណានោះទេ ពេលខ្លះគឺតែងតែមានអារម្មណ៍មួយវង្វេងមិនដឹងខ្លួនឯងកំពុងធ្វើអ្វី ហើយធ្វើវាទៅដើម្បីអ្វី ហើយបើអ្នកបណ្ដែតបណ្ដោយខ្លួនឲ្យមានអារម្មណ៍បែបនេះពីមួយថ្ងៃទៅមួយថ្ងៃ នោះមិនយូរមិនឆាប់នោះទេ អ្នកនឹងយល់ថា ខ្លួនឯងគឺជាមនុស្សម្នាក់ដែលគ្មានបានការទាល់តែសោះ។ ទាល់តែអ្នកដឹងពីគោលដៅរបស់ខ្លួនឯងសិនថា អ្នកចង់ទៅណា ហើយចង់បានអ្វីឲ្យពិតប្រាកដ នោះទើបអ្នកដឹងថាឥឡូវនេះ អ្នកគួរធ្វើអ្វីខ្លះទើបអ្នកអាចឈានជើងទៅដល់គោលដៅមួយនោះបាន៖
១) ស្គាល់ពីកម្លាំងនៅក្នុងខ្លួនរបស់អ្នក ៖ ពាក្យថាកម្លាំងនេះគឺសំដៅទាំងស្រុងទៅលើកម្លាំងនៅក្នុងខ្លួនរបស់អ្នក មិនមានកម្លាំងដែលអ្នកយកទៅលើកកៅអីនោះទេ។ មនុស្សទូទៅដែលរស់នៅដោយគ្មានគោលដៅច្បាស់លាស់គឺខ្វះនៅកម្លាំងមួយនេះហើយ តែសំនួរសួរថាតើធ្វើយ៉ាងណាទើបអាចបានកម្លាំងមួយនេះមកបាន? គ្មានចម្លើយនោះទេ ព្រោះថាចម្លើយគឺនៅជាមួយអ្នក ទាល់តែអ្នកស្គាល់ពីខ្លួនឯងច្បាស់ដែរ។ យ៉ាងណាមិញកម្លាំងនេះអាចកើតចេញពីក្ដីស្រមៃរបស់អ្នក ដែលចង់ឲ្យជីវិតរបស់អ្នកក្លាយទៅជាបែបនេះ ឬបែបនោះជាដើម។
២) ស្វែងរកពីមូលហេតុដែលធ្វើឲ្យអ្នកក្លាយជាបែបនេះ ៖ ហេតុអ្វីបានជាអ្នកមានអារម្មណ៍ថាខ្ជិលបែបនេះ ហើយមិនចង់សូម្បីតែចេញទៅជួបមនុស្សនៅខាងក្រៅ? អ្នកអផ្សុក ហើយក៏ចេញទៅខាងក្រៅ នៅពេលបានទៅក្រៅហើយ អ្នកក៏មានអារម្មណ៍ថាឆាប់ធុញវិញ។ នេះហើយជាសញ្ញាថាអ្នកខ្វះថាមពលនៅក្នុងខ្លួនហើយ មកពីអ្នកមិនមានគោលដៅច្បាស់លាស់បានជាអ្នកក្លាយទៅជាបែបនេះ។ ហេតុនេះហើយ អ្នកគួរតែកត់ត្រាទុកពីមូលហេតុផ្សេងៗទៀត ដែលធ្វើឲ្យអ្នកមិនស្គាល់ពីគោលដៅរបស់ខ្លួនឯង បន្ទាប់មកអ្វីដែលអ្នកគួរធ្វើនោះគឺរកដំណោះស្រាយ ហើយចុងក្រោយគេបង្អស់នោះគឺធ្វើការអនុវត្ត៕

ទ្រឹស្ដី​ចិត្តសាស្ត្រ​ទាំង ​៥​ ដែល​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​រឹត​តែ​មាន​ភាព​ងាយ​ស្រួល​ឡើយ


តើអ្នកធ្លាប់ឮឃ្លាដែលគេតែងតែលើកមកនិយាយទេថា «ស៊ូហត់កាយកុំឲ្យតែហត់ចិត្ត» ហេតុនេះហើយបើអ្នកចង់បានជីវិតដែលងាយស្រួលជាងមុនក៏ដូចជាមានសេចក្ដីសុខជាងមុន អ្នកក៏គួរតែរៀនធ្វើចិត្តរបស់អ្នកជាជាង ការស្រួលតែកាយ ប៉ុន្តែនឿយចិត្តទៅវិញ។ ហេតុនេះហើយទ្រឹស្ដីចិត្តសាស្ត្រមួយចំនួនប្រហែលជាអាចជួយអ្នកបាន៖
១) កុំខ្វល់ពីរបស់ក្រៅកាយច្រើនពេក ព្រោះមិនយូរមិនឆាប់នោះទេ វាអាចនឹងបាត់បង់នៅពេលណាមួយដោយមិនអាចស្មានទុកបាននោះទេ។
២) ត្រូវចងចាំថា អ្នកត្រូវធ្វើអ្វីដែលអ្នកយល់ថាវាមានតម្លៃយ៉ាងហោចណាស់ឲ្យបានម្យ៉ាង។
៣) ស្រលាញ់និងមើលថែទាំក្រុមគ្រួសាររបស់អ្នកឲ្យបានច្រើនទាន់ពេលដែលអ្នកនៅមានឱកាស។
៤) ក្ដីស្រលាញ់អាចកើតមានឡើងនៅគ្រប់ផ្នែកនៃជីវិតរបស់អ្នក មិនថាគូស្នេហ៍ ក្រុមគ្រួសារ ការសិក្សា ការងារ ឬខ្លួនឯងជាដើម។

៥) រៀនបើកចិត្តឲ្យទូលាយនោះអ្នកនឹងយល់នូវអ្វីគ្រប់យ៉ាងដែលបានកើតឡើងនៅក្នុងជីវិតរបស់អ្នក៕