Showing posts with label ធ្វើអាជីវកម្ម. Show all posts
Showing posts with label ធ្វើអាជីវកម្ម. Show all posts

វិភាគ​អាជីវកម្ម​​ដោយ​ប្រើ​ PESTEL! ចុះ​អ្វី​ទៅ​ជា​ PESTEL?


​​ការ​វិភាគ​អាជីវកម្ម​ដោយ​ប្រើ​ប្រាស់​ PESTEL ​​​នឹង​ធ្វើ​ឱ្យ​ម្ចាស់​អាជីវកម្ម​​អាច​កំណត់​បាន​នូវ​កត្តា​ខាង​ក្រៅ Macro (external) ដែល​ស្ថាប័ន​មួយ​អាច​នឹង​ប្រឈម។ ​មុន​នឹង​ការ​ចាប់​ផ្ដើម​អាជីវកម្ម ការ​ប្រើ​ប្រាស់​ PESTEL ​គឺ​ជា​រឿង​ចាំបាច់​មួយ​ដើម្បី​ធានា​បាន​ថា​ អាជីវកម្ម​របស់​អ្នក​ដែល​បើក​ដំណើរការ​ មិន​ប្រឈម​នឹង​បញ្ហា​ច្រើន។ PESTEL គឺ​មក​ពី​ពាក្យ​កាត់​ទាំង​ ៦​ខាង​ក្រោម៖
P (Political Factor)៖ កត្តា​នយោបាយ
​នេះ​ជា​ចំណុច​​សំខាន់​មួយ​ដែល​យើង​ត្រូវ​ការ​វិភាគ​ទៅ​លើ​តួនាទី​របស់​រដ្ឋាភិបាល​នៅ​ក្នុង​សេដ្ឋកិច្ច​ ពោល​ថា​តើ​រដ្ឋាភិបាល​​អាច​ចូល​អន្តរាគមន៍​នៅ​ក្នុង​សេដ្ឋកិច្ច​កម្រិត​ណា។ ​ពាក់ព័ន្ធ​នឹង​ចំណុច​នេះ​​ យើង​មើល​ទៅ​លើ​ គោលនយោបាយ​របស់​រដ្ឋាភិបាល ​ស្ថិរភាព​​នយោបាយ​ក្នុង​ប្រទេស​​ ​​អស្ថិរភាព​នៅ​ក្នុង​ទីផ្សារ​ក្រៅ​ប្រទេស​ គោល​នយោបាយ​ពាណិជ្ជកម្ម​អន្តរជាតិ​ ​គោលនយោបាយ​សារពើពន្ធ​ ​ច្បាស់​ការងារ​ ​គោល​នយោបាយ​ពាណិជ្ជកម្ម​ ​ជា​ដើម។
មិនថា​នៅ​ប្រទេស​ណា​នោះ​ទេ​ កត្តា​នយោបាយ​គឺ​ជា​រឿង​ដែល​សំខាន់​ និង​ចំណុច​ដែល​មាន​​ឥទ្ធិពល​ទៅ​លើ​​ស្ថាប័ន​​ (ឯកជន) និង​ប៉ះពាល់​ដល់​បរិយាកាស​អាជីវកម្ម​ទាំង​មូល។ ​ត្រង់​ចំណុច​នេះ​ដែរ​ ស្ថាប័ន​ ឬ​អាជីវកម្ម​ត្រូវ​តែ​​មាន​វិធានការ​ក៏​ដូច​ជា​ផែនការ​​សម្រាប់​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នា​ពេល​បច្ចុប្បន្ន​ និង​គិត​ទុក​ជា​មុន​ និង​ត្រូវ​តែ​កែ​តម្រូវ​ផែនការ​ទីផ្សារ​ស្រប​ទៅ​តាម​នឹង​គោលនយោបាយ​របស់​រដ្ឋាភិបាល។

E (Economic Factors)៖ កត្តា​សេដ្ឋកិច្ច​
​កត្តា​សេដ្ឋកិច្ច​នេះ​គឺ​ជា​ធាតុផ្សំ​ និង​សំខាន់​ទីពីរ​ដែល​មាន​ឥទ្ធិពល​មក​លើ​អាជីវកម្ម​ និង​ការ​បង្កើត​ប្រាក់​ចំណេញ​របស់​ស្ថាប័ន​ឯកជន​នីមួយៗ។ ​កត្តា​សំខាន់​ដែល​អាជីវកម្ម​ត្រូវ​ពិនិត្យ​​មើល​រួម​មាន​ ​កំណើន​សេដ្ឋកិច្ច​ អត្រា​ការប្រាក់​ អត្រា​ប្ដូរ​ប្រាក់​ ​ អតិផរណា​​ និង​ ​​កម្រិត​ប្រាក់​ចំណូល​​ប្រជាជន​ប្រជាជន​ជា​ដើម។ ​ពាក់​ព័ន្ធ​នឹង​កត្តា​សេដ្ឋកិច្ច​នេះ​ដែរ​ គេ​អាច​បំបែក​​វា​ទៅ​ជា​ពីរ​ផ្នែក​សំខាន់​ៗ​គឺ​ កម្រិត​ម៉ាក្រូ​ និង​កម្រិត​មីក្រូ។ ​
កម្រិត​ម៉ាក្រូ​ គឺ​​ពាក់ព័ន្ធ​ទៅ​នឹង​ការ​គ្រប់គ្រង​​តម្រូវ​ការ​ទីផ្សារ​នៅ​សេដ្ឋកិច្ច​ប្រទេស​មួយ។ ​ត្រង់​ចំណុច​នេះ​គឺ​ចង់​សំដៅ​ទៅ​ដល់​ចំណាត់​ការ​របស់​​រដ្ឋាភិបាល​​ទៅ​លើ​ គោលនយោបាយ​​កំណត់​អត្រា​ការប្រាក់​ គោលនយោបាយ​សារពើពន្ធ​ ឬ​ការ​ចំណាយ​របស់​រដ្ឋាភិបាល​​ជា​ដើម។ ដោយ​ឡែក​ បើ​និយាយ​ពី​កម្រិត​មីក្រូ​វិញ​ គឺ​សំដៅ​ទៅ​ដល់​កត្តា​ទាំង​ឡាយ​ដែល​​និយាយ​ពី​មនុស្ស​​ចំណាយ​ប្រាក់​ចំណូល។ ​ចំណុច​​មីក្រូ​នេះ​ គឺ​មាន​ឥទ្ធិពល​ខ្លាំង​ដល់​ប្រភេទ​អាជីវកម្ម​ផ្គត់ផ្គង់​ឱ្យ​អតិថិជន​ចុង​ក្រោយ (B2C-Business 2 Consumers)។
S (Social Factors)៖ កត្តា​សង្គម
​កត្តា​សង្គម​គឺ​ពាក់ព័ន្ធ​នឹង​សង្គម​ និង​វប្បធម៌​ ដែល​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ដែល​ម្ចាស់​អាជីវកម្ម​ ឬ ​ការ​វិភាគ​អាជីវកម្ម​ត្រូវ​តែ​គិត​ឱ្យ​ដល់។ ​​ពាក់ព័ន្ធ​នឹង​កត្តា​នេះ​ គេ​នឹង​មើល​ទៅ​លើ​ កំណើន​ប្រជាជន​ ​ប្រភេទ​អាយុ​ប្រជាជន ​កត្តា​សុខភាព​ ​ឥរិយាបថ​អ្នក​ប្រើ​ប្រាស់​ កម្រិត​នៃ​ការ​អប់រំ​ កត្តា​ប្រជាសាស្ត្រ (អាយុ​ ភេទ​ សាសនា​ ​កម្រិត​វប្បធម៌​ ប្រាក់​ចំណូល…) ​ទំនោរ​វប្បធម៌ ​បម្លាស់​ប្ដូរ​របៀប​រស់​នៅ​​ បម្លាស់​ប្ដូរ​ឥរិយាបថ។ ​ចំណុច​នេះ​គឺ​មាន​ឥទ្ធិពល​ដោយ​ផ្ទាល់​ដល់​អាជីវកម្ម​ដែល​អ្នក​ទីផ្សារ​ត្រូវ​តែ​យល់​ឱ្យ​បាន​ច្បាស់​ទើប​អាច​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ប្រកប​ដោយ​ប្រសិទ្ធភាព។
T (Technological Factors)៖ កត្តា​បច្ចេកវិទ្យា
​​​ដូច​ដែល​អ្នក​ទាំង​អស់​គ្នា​បាន​ដឹង​រួច​ទៅ​ហើយ​ថា​ កត្តា​បច្ចេកវិទ្យា​បាន​និង​កំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់​បំផុត​​សម្រាប់​អាជីវកម្ម​នីមួយៗ។ ​កត្តា​នេះ​មាន​ឥទ្ធិពល​ដោយ​​ផ្ទាល់​មក​លើ​ការ​លក់​ ក៏​ដូច​ជា​ទីផ្សារ។ ​ចំណុច​នេះ​គេ​នឹង​ពិនិត្យ​មើល​ទៅ​លើ​​ បម្លាស់​ប្ដូរ​បច្ចេកវិទ្យា​ឌីជីថល​ ឬ​ទូរស័ព្ទ​ ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ ​ការ​ស្រាវជ្រាវ​ និង​​ការ​អភិវឌ្ឍន៍​ជា​ដើម។ ​កត្តា​នេះ​ដែរ​ គេ​នឹង​ពិនិត្យ​មើល​ទៅ​លើ​កត្តា​បី​ទៀត​គឺ៖
១) រិះ​រក​វិធី​ថ្មី​ដើម្បី​ផលិត​ផលិតផល​ និង​បង្កើត​សេវាកម្ម​
២) រិះរក​វិធី​ថ្មី​ដើម្បី​ចែក​ចាយ​ផលិតផល​ និង​សេវាកម្ម​
៣) រិះរក​វិធី​ថ្មី​ដើម្បី​ទំនាក់ទំនង​ទៅ​កាន់​ទីផ្សារ​គោលដៅ​
E (Environmental Factors)៖ កត្តា​បរិស្ថាន​
​​ក្នុង​រយៈ​ពេល​​ប៉ុន្មាន​ទសវត្ស​ចុង​ក្រោយ​នេះ​ ​ការ​វិភាគ​​អាជីវកម្ម​ក៏​គេ​យក​កត្តា​បរិស្ថាន​មក​គិត​គូរ​ផង​ដែរ។ ​កត្តា​នេះ​សំខាន់​ព្រោះ​វា​ពាក់ព័ន្ធ​នឹង​​ ភាព​កម្រ​នៃ​វត្ថុ​ធាតុ​ដើម​ កង្វះ​បរិយាកាស​ និង​បរិស្ថាន​ ការ​បញ្ចេញ​ជាតិ​កាបូន​ និង​កត្តា​ផ្សេង​ទៀត​ជា​ដើម​ ដែល​កត្តា​នេះ​ក្រុមហ៊ុន​ត្រូវ​អភិវឌ្ឍន៍​ខ្លួន​ទៅ​ជា​ក្រុមហ៊ុន​ដែល​មាន​ដំណើរការ​ដោយ​ក្រោម​សីលធម៌​ និង​​ប្រកាន់​យក​គោលការណ៍​​អភិវឌ្ឍន៍​ប្រកប​ដោយ​ចិរភាព។ ​ ​នៅ​ប្រទេស​អភិវឌ្ឍន៍​ទិញ​អតិថិជន​គាំទ្រ​ក្រុមហ៊ុន​ដែល​ផលិត​នូវ​ផលិតផល​ ឬ​សេវាកម្ម​​ដែល​គិតគូរ​ទៅ​លើ​បរិស្ថាន​ ឬ​មាន​កម្មវិធី​ដើម្បី​សង្គម (Corporate Social Responsibilities) ច្រើន។

មេរៀនអាជីវកម្មទាំង ៤ របស់លោក Phil Knight សហស្ថាបនិក និងជានាយកប្រតិបត្តិរបស់ Nike


អ្នកទាំងអស់គ្នាប្រាកដជាធ្លាប់ស្គាល់ក្រុមហ៊ុន Nike ឬប្រសិនបើអ្នកមិនស្គាល់ក្រុមហ៊ុន Nike ក៏លោកអ្នកធ្លាប់ស្គាល់ស្បែកជើងម៉ាក Nike ដែរ តែលោកអ្នកមួយចំនួនប្រហែលជាមិនដឹងថា តើនរណាជាស្ថាបនិកនិងពីរបៀបដែលក្រុមហ៊ុននេះកសាងខ្លួនឡើងមកនោះទេ។ លោក Phil Knight ដែលកាលនោះជាសហគ្រិនវ័យក្មេងដែលបានបោះបង់ការងារជាគណនេយ្យករដើម្បីស្រវាចាប់យកសុបិន របស់លោកដែលចង់ក្លាយជាម្ចាស់ក្រុមហ៊ុនស្បែកជើង។ លោក Phil Knight គឺជាសហស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនស្បែកជើងម៉ាក Nike។ បើយោងតាម Forbes កាលពីដើមឆ្នាំ២០១៥ លោក Phil Knight ត្រូវបានគេចាត់ទុកថា ជាមហាសដ្ឋីលេខរៀងទី ១៥ ដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ២៨.១ ពាន់លានដុល្លារ (ប៊ីលាន)។ ហើយសារតែឃើញពីភាពជោគជ័យនេះហើយទើប BizKhmer សូមលើកយកមេរៀនអាជីវកម្មទាំង៤ របស់លោក Phil Knight ដើម្បីឲ្យសហគ្រិនគ្រប់រូបយកមកអនុវត្ត៖
១) ច្របាច់បញ្ចូលអ្វីដែលជាចំណង់ចំណូលចិត្តរបស់អ្នកនិងអ្វីដែលជាតម្រូវការទីផ្សារ៖សហគ្រិនគ្រប់រូបគួរសួរខ្លួនឯងជាមុនពីអ្វីដែលអ្នកពូកែ អ្វីដែលអ្នកចូលចិត្ត និងអ្វីដែលទីផ្សារកំពុងតែត្រូវការ និងត្រូវសួរខ្លួនអ្នកទៀតថា តើអ្នកនឹងចាប់យកលុយដោយរបៀបណា? លោក Phil Knight ចូលចិត្តរត់និងពូកែខាងរត់ ហើយលោកចង់ក្លាយជាសហគ្រិននិងលោកបានមើលឃើញពីឱកាសទីផ្សារស្បែកជើង។ ដោយសារតែលោកមើលឃើញថាជនជាតិអាមេរិកត្រូវការស្បែកជើងរត់កីឡា ដូចនេះហើយលោកបានទៅប្រទេសជប៉ុន ហើយបានធ្វើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតស្បែកជើងមួយ។
២) បង្កើតក្រុមជាមួយមនុស្សពូកែ៖លោក Phil Knight បានធ្វើឲ្យក្រុមហ៊ុន Nike រីកចម្រើនយ៉ាងលឿនតាមរយៈការបង្កើតក្រុមជាមួយលោក Bill Bowerman។ លោក Bill Bowerman មិនត្រឹមតែជាអ្នកផ្ដល់ការណែនាំដ៏អស្ចារ្យ និងជាអ្នកដឹកនាំក្រុមដ៏ប៉ិនប្រសព្វ​នោះទេ តែលោកក៏ជាអ្នកជំនួញម្នាក់ដ៏ពូកែផងដែរ។ ដោយសារតែមានមនុស្សពូកែបែបនេះហើយ ទើបធ្វើឲ្យក្រុមហ៊ុន Nike មានឈ្មោះល្បីល្បាញរហូតដល់សព្វថ្ងៃ។
៣) ពូកែបញ្ចុះបញ្ចូល៖ការតាំងចិត្តនិងការពូកែបញ្ចុះបញ្ចូល គឺជាធាតុផ្សំនៃភាពជោគជ័យរបស់អាជីវកម្មទាំងអស់។ ប្រសិនបើអ្នកមិនមានជំនឿលើគំនិតរបស់អ្នកទេ អ្នកនឹងមិនអាចលក់គំនិតរបស់អ្នកឲ្យអ្នកវិនិយោគ ឬអតិថិជនបាននោះទេ។ ដោយសារតែពូកែបញ្ចុះបញ្ចូលបែបនេះហើយ ដែលធ្វើឲ្យលោកអាចចុះកិច្ចសន្យាសហការជាមួយក្រុមហ៊ុនជាច្រើន។
៤) កុំព្យាយាមលក់ ព្យាយាមបង្ហាញ៖លោក Phil Knight បានព្យាយាមជួបជាមួយម្ចាស់ហាងជាច្រើនកន្លែងនៅ Pacific Northwest ដើម្បីឲ្យពួកគេសាកល្បងយកស្បែកជើងរបស់លោកទៅលក់ ប៉ុន្តែគំនិតរបស់លោកបានបរាជ័យ។ បន្ទាប់មកលោករកឃើញគំនិតថ្មី ដោយលោកព្យាយាមចូលរួមកម្មវិធីប្រកួតជាច្រើន ហើយលោកព្យាយាមសាកសួរកីឡាករ គ្រូបង្វឹក និងអ្នកគាំទ្រដើម្បីឲ្យពួកគេសាកល្បងពាក់ស្បែកជើងរបស់លោក និងចង់ដឹងថាតើស្បែកជើងរបស់លោកល្អប្រើជាងស្បែកជើងម៉ាក Adidas ដែលជាម៉ាកលេខ១ ឬអត់។ ពិតជាគួរឲ្យភ្ងាក់ផ្អើល ពួកគេទាំងនោះសុទ្ធតែចូលចិត្តវា៕

ធ្វើទីផ្សារ​តាម​រយៈហ្វេសប៊ុក (Facebook Marketing) សម្រាប់​អាជីវកម្មខ្នាតតូច


Facebook Marketing for 2018 គឺ​ជា​វគ្គសិក្សា​ដ៏​ពិសេស​​ដែល​នឹង​បង្ហាញ​ពីការ​ធ្វើ​ទីផ្សារ​តាម​រយៈ​បណ្ដាញ​សង្គម​ Facebook។ បច្ចុប្បន្ន​នៅ​កម្ពុជា​មាន​អ្នក​ប្រើ​ប្រាស់​ Facebook ប្រមាណ ៨​លាន​នាក់ ស្មើ​នឹង​ ៥០%​នៃ​ប្រជាជន​សរុប។
ក្នុង​វគ្គ​សិក្សា​នេះ​ សិក្ខាកាម​នឹង​អាច​​អនុវត្តន៍​ដោយ​ផ្ទាល់​​ជា​មួយ​​អាជីវកម្ម​ផ្ទាល់​ខ្លួន ឬ​ក្រុមហ៊ុន​ដែល​ខ្លួន​កំពុង​បំពេញ​ការងារ។ តម្លៃ​សំបុត្រ គឺ ២៥​ដុល្លារ​សម្រាប់​មនុស្ស​ម្នាក់។
ក្នុង​វគ្គ​សិក្សា​នេះ ​​​​លោក​អ្នក​នឹង​ទទួល​បាន​ការ​​ផ្ដល់​ជូន​ជា​ពិសេស​ ​​មាន​សៀវភៅ​សិក្សា​ ឯកសារ​ជា​ Soft Copy ជាង​១០​ files, ​លិខិត​បញ្ជាក់​ការ​ចូលរួម (Certificate) ​សៀវភៅ​​អេឡិចត្រូនិក​ល្បីៗ​អំពី​អាជីវកម្ម​ចំនួន ២​ក្បាល​​ ​ ​និង​ឱកាស​បញ្ចូល​​ក្នុង​ Group Facebook ​ដែល​មាន​សមាជិក​​ជា​ម្ចាស់​អាជីវកម្ម​ជាង​ ​៥០០​នាក់​មក​ពី​បណ្ដា​ខេត្ត​ក្រុង​ផ្សេងៗ​ និង​ឱកាស​បង្កើត​បណ្ដាញ​អាជីវកម្ម​ជា​ច្រើន​ទៀត។
មាតិកាសំខាន់ៗ៖
1. Why Facebook this time?
2. How to Create a Facebook Page for Your Business?
3. Basic and Advanced Tools and Insights to analyze your Facebook Page
4. Type of contents and the art of creating good content
5. Should you boost? Why you should boost contents and how?
6. Monitoring your competitors
7. How to write Facebook’s report
8. How to Increase Sales through Facebook Page (Lead & Conversion)
9. Other beneficial tips for Business

គំនិតទាំង ៥ យ៉ាងជួយអោយអាជីវកម្មរបស់អ្នកជោគជ័យ


មានការពិតជាច្រើនអំពីការចាប់ផ្ដើមដំណើរការអាជីវកម្មមួយ។ ការពិតនៃអាជីវកម្មគឺជាគំនិតងាយៗទូទៅ ដូចជាប្រសិនបើអ្នកគ្មានលំហូរសាច់ប្រាក់ទេ អាជីវកម្មរបស់អ្នកនឹងបរាជ័យ។ ប៉ុន្តែអ្នកអាចរៀនសូត្រពីមេរៀនជីវិតទូទៅ ពេលអ្នកចាប់ផ្ដើមអាជីវកម្ម។ ខាងក្រោមនេះគឺជាមេរៀនជីវិតទាំង ៥ ជួយឲ្យអាជីវកម្មរបស់អ្នកជោគជ័យ ដែលដកស្រង់ពី entrepreneur.com៖
១) ធ្វើស្រែទាន់ក្ដៅដី៖
ប្រសិនបើអ្នកកំពុងតែគិតចង់ចាប់ផ្ដើមអាជីវកម្ម ប៉ុន្តែមិនទាន់ហ៊ានធ្វើវា តើអ្នកនៅចាំដល់ពេលណាទៀត? ប្រសិនបើអ្នកនៅតែរង់ចាំដល់ពេលល្អឥតខ្ចោះរហូតនោះ អ្នកនឹងមិនអាចចាប់ផ្ដើមបានទេ។ គ្មានពេលដែលល្អឥតខ្ចោះក្នុងការធ្វើអ្វីមួយនោះទេក្នុងលោកនេះ។ អ្នកត្រូវតែហ៊ានប្រឈមមុខនឹងហានិភ័យក្នុងការធ្វើវា។ ប្រសិនបើអ្នករង់ចាំយូរពេក អ្នកអាចនឹងបាត់បង់ឱកាសល្អជាមិនខាន។
២) ហ៊ានលះបង់៖
អ្នកត្រូវហាត់ពត់លត់ដំខ្លួនរបស់អ្នក រៀនប្រឈមមុខនឹងបញ្ហា ឧបសគ្គជាច្រើនពេលចាប់ផ្ដើមអាជីវកម្ម។ អ្នកត្រូវរៀនលះបង់កម្លាំង ចិត្តរបស់អ្នក ពេលវេលារបស់អ្នកផ្ដោតលើអាជីវកម្ម។ ប្រសិនបើអ្នកមិនហានចាកចេញពីភាពស្រណុកស្រួល ដើម្បីប្រឈមនឹងបញ្ហាលំបាកនោះទេ អ្នកនឹងបាត់បង់ឱកាសល្អៗជាមិនខាន។ អ្នកត្រូវតែក្លាហាន ហ៊ានប្រឈមមុខនឹងបញ្ហា ទុក្ខលំបាកផ្សេងៗក្នុងអាជីវកម្មរបស់អ្នក។
៣) ពង្រឹងទំនាក់ទំនង៖
ការមានជំនាញទំនាក់ទំនងល្អអាចជួយអ្នកដើរកាន់តែវែងឆ្ងាយក្នុងជីវិត។ ទំនាក់ទំនងជួយអ្នកបង្កើតខ្សែបណ្ដាញ កាត់បន្ថយជំលោះ បង្ហាញពីគំនិតរបស់អ្នក និងជួយអ្នកឲ្យយល់ពីមនុស្សកាន់តែច្រើន។ ប្រសិនបើអ្នកពូកែនិយាយទំនាក់ទំនង អ្នកដ៏ទៃនឹងឆាប់យល់ពីអ្នក។ ប្រសិនបើអ្នកមិនពូកែទំនាក់ទំនងទេ អ្នកគួរតែរៀនអនុវត្តវា។
៤) ភាពស្មោះត្រង់៖
ភាពស្មោះត្រង់ក្នុងជំនួញគឺជាផ្នែកមួយដ៏ចំបាច់ដើម្បីឲ្យអាជីវកម្មមួយរីកចម្រើន។ អ្នកត្រូវតែស្មោះត្រង់ជាមួយនឹងអតិថិជន និងបុគ្គលិករបស់អ្នក។ ពេលអ្នកមានភាពស្មោះត្រង់ទៅកាន់បុគ្គលិក អ្នកនឹងទទួលបាននូវគុណភាពការងារ ការយកចិត្តទុកដាក់ និងការចូលរួមពីបុគ្គលិក។ ពេលដែលអ្នកស្មោះត្រង់ទៅកាន់អតិថិជន ពួកគេនឹងទុកចិត្តអ្នក ប្រាប់អ្នកពីចំណុចខ្សោយ ប្រាប់អ្នកពេលមានបញ្ហាផ្សេងៗ។ ពេលអ្នកមានភាពស្មោះត្រង់ទៅកាន់បុគ្គលិក និងអតិថិជនរបស់អ្នក ពួកគេនឹងសម្ដែងភាពស្មោះត្រង់ត្រលប់មកអ្នកវិញជាមិនខាន។
៥) ទទួលយកភាពបរាជ័យ៖
បរាជ័យប្រហែលជាពាក្យមួយដែលមានមនុស្សជាច្រើនមិនចូលចិត្ត។ ពេលអ្នកបរាជ័យ អ្នកត្រូវរៀនសូត្រដើម្បីអភិវឌ្ឍខ្លួនអ្នក។ ក្នុងជីវិតរបស់អ្នក ឬក៏ជីវិតអាជីវកម្មក្ដី ពេលអ្នករៀនពីមូលហេតុនៃភាពបរាជ័យ អ្នកនឹងមានគ្រឿងផ្សំដ៏សំខាន់មួយសម្រាប់ភាពជោគជ័យ។ វិធីតែម្យ៉ាងដើម្បីរៀនមេរៀនអស្ចារ្យគឺរៀនពីភាពបរាជ័យ៕

គន្លឹះ ៨ចំណុច​ដើម្បី​​ធ្វើ​ឱ្យ​អ្នក ឈប់​ស្ទាក់ស្ទើររឿង​បើក​អាជីវកម្ម​


មនុស្សជាច្រើនមានក្ដីស្រមៃចង់បង្កើតអាជីវកម្មផ្ទាល់ខ្លួន ដោយមិនចង់ធ្វើការឲ្យគេអស់មួយជីវិតនោះឡើយ។ ការបង្កើតអាជីវកម្មមួយមិនមែនជារឿងដែលពិបាកនោះទេប្រសិនបើអ្នកមានគោលដៅ គម្រោងច្បាស់លាស់ និងចំណង់ចង់ធ្វើវាពិតប្រាកដនោះ។ BizKhmer សូមនាំ​ជូននូវគន្លឹះ ៨ចំណុចក្នុងការធ្វើអាជីវកម្មដែលដកស្រង់ពី entrepreneur.com៖
១) ពេលដ៏ល្អ៖
កាលពី៣០ឆ្នាំមុន ការធ្វើពាណិជ្ជកម្មមានភាពខុសប្លែកខ្លាំងណាស់ ហើយការរកស៊ីទៀតសោតពិតជាពិបាក។ ប៉ុន្តែបច្ចុប្បន្នអ្វីៗបានផ្លាស់ប្ដូរ។ ឧបសគ្គក្នុងការលោតចូលក្នុងទីផ្សារមានតិចជាងមុនដ៏​រាបណា​អ្នក​ចេះ​បង្កើត​ភាព​ខុស​ប្លែក​នៅ​លើ​ទីផ្សារ។ ដូចនេះ អ្នកមិនចាំបាច់មានអ្នកវិនិយោគទុនច្រើន ឬក៏ត្រូវការទីតាំងល្អនោះទេ អ្នកអាចចាប់ផ្ដើមរកស៊ីថ្ងៃនេះជាមួយនឹងគំនិតនិង Facebook Pageតែប៉ុណ្ណោះ។
២) មិនចាំបាច់មានសញ្ញាប័ត្រ៖
អ្នកមិនចាំបាច់ទាល់តែមានសញ្ញាប័ត្រអនុបណ្ឌិត ឬបណ្ឌិតទើបអាចរកស៊ីបាននោះទេ។ អ្នកគ្រាន់តែមានគោលដៅច្បាស់លាស់ និងមានបំណងចង់រកស៊ីពិតប្រាកដ អ្នកក៏អាចចេញរកស៊ីបានដែរ។
៣) ដោះស្រាយបញ្ហា៖
អាជីវកម្មរបស់អ្នកគួរតែបង្កើតឡើងដើម្បីជួយដោះស្រាយបញ្ហារបស់មនុស្ស។ អ្នកត្រូវគិតពីតម្រូវការ និងបញ្ហាដែលត្រូវដោះស្រាយ ឬ​ចំណុច​ខ្វះខាត​នៅ​លើ​ទីផ្សារ មិន​មែន​ផ្ដោត​តែ​ទៅ​លើផលិតផល​ ឬ​សេវាកម្ម​ដែល​មាន​លក្ខណៈដូច​គេ​ដូច​ឯង​នោះ​ទេ។ នេះគឺជាការផ្ដល់តម្លៃទៅដល់អាជីវកម្មរបស់អ្នក។
៤) ធ្វើជាមួយអ្វីដែលអ្នកមាន៖
វិធីដ៏ល្អក្នុងការបង្កើតអាជីវកម្មនោះគឺការចាប់ផ្ដើមជាមួយអ្វីដែលអ្នកមានរួចមកហើយ ដូចជាបទពិសោធន៍ ចំណេះដឹងពីអាជីវកម្មរបស់អ្នកជាដើម។ ប្រសិនបើអ្នកដឹងថាអ្វីដែលអ្នកត្រូវការសម្រាប់អាជីវកម្មរបស់អ្នក នោះអ្នកអាចជួយអ្នកសន្សំសំចៃបានជាច្រើន។ ត្រូវ​ចាំ​ថា​ បទ​ពិសោធន៍សំខាន់​ជាង​ លុយ​កាក់​ទៅ​ទៀត ហើយ​ត្រូវ​ប្រាកដ​ថា​ អ្នក​មាន​គ្រប់គ្រាន់​ដើម្បី​អាចដំណើរការ​អាជីវកម្ម​បាន។
៥) អាជីវកម្មជាការបង្កើតលុយ៖
ភាពខុសគ្នារវាងអាជីវកម្ម និងការកម្សាន្តគឺថាអាជីវកម្មបង្កើតលុយឲ្យអ្នក ប៉ុន្តែការកម្សាន្តធ្វើឲ្យអ្នកអស់លុយ។ អាជីវកម្មគឺជាការយក​លុយ​ទៅ​បង្កើតលុយ មិនមែនជារឿងកម្សាន្តនោះទេ។ ដូចនេះអ្នកត្រូវខិតខំធ្វើវាឲ្យអស់ពីសមត្ថភាព។
៦) ចាត់ចែងលុយកាក់៖
អាជីវកម្មត្រូវតែមានគណនីលុយកាក់ដាច់ដោយឡែក ជាជាងច្របូកច្របល់ជាមួយនឹងហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់អ្នក។ ពេលអ្នកបែងចែកលុយកាក់របស់អ្នកដោយឡែកៗ អ្នកនឹងមានភាពងាយស្រួលក្នុងការគ្រប់គ្រង។
៧) មានគម្រោង៖
ត្រូវមានគម្រោងច្បាស់លាស់ពេលអ្នកចង់រកស៊ី។ ការមានគម្រោងអាជីវកម្មច្បាស់លាស់ធ្វើឲ្យអ្នកអាចគិតឲ្យលម្អិតទៅលើអ្វីៗដែលអ្នកត្រូវការក្នុងអាជីវកម្ម និងរបៀបដែលអ្នកនឹងដំណើរការអាជីវកម្មរបស់អ្នក។ ការមានគម្រោងច្បាស់លាស់ធ្វើឲ្យអ្នកមានការផ្ដោតអារម្មណ៍ និងការគ្រប់គ្រងច្បាស់លាស់។
៨) កុំខ្លាច៖
មនុស្សជាច្រើនមានសុបិន្តក្នុងការធ្វើអ្វីមួយ ប៉ុន្តែពួកគេជាប់គាំងពីព្រោះតែភាពភ័យខ្លាច។ ប្រសិនបើអ្នករវល់តែរង់ចាំពេលល្អមកដល់ អ្នកនឹងមិនអាចក្លាយជាអ្នករកស៊ីបានឡើយ។ ដូចនេះអ្នកត្រូវតែចាប់ផ្ដើមធ្វើវាឥឡូវនេះ ដោយជំនះភាពភ័យខ្លាចឲ្យបាន៕

លោក តេង រិទ្ធី ​ស្ថាបនិក​ R’ Investment Group៖ ៧ចំណុចដើម្បីជួយដល់ម្ចាស់អាជីវកម្មក្នុងការប្រកួតប្រជែងក្នុងទីផ្សារកម្ពុជា


ការធ្វើមុខជំនួញឲ្យជោគជ័យ គឺជាការប្រាថ្នាចង់បានសម្រាប់ម្ចាស់អាជីវកម្ម និងអ្នកជំនួញគ្រប់គ្នា ប៉ុន្តែការប្រកួតប្រជែងមុខជំនួញក្នុងសមរភូមិ​ទីផ្សារ​ មិនមែន​ឱ្យ​យើង​យក​ឈ្នះ​​ងាយ​ស្រួល​នោះឡើយ ដូច្នេះវាអាស្រ័យដោយមានកត្តាផ្គួបផ្សុំជាច្រើនទៀតដើម្បីអាចជួយឲ្យមុខជំនួញទទួលបានជោគជ័យក្នុងការជ្រៀតចូលក្នុងទីផ្សារ។ ​លោក តេង រិទ្ធី ​ស្ថាបនិកក្រុមហ៊ុន Property Investment Realty Partner និង​ជា​ស្ថាបនិក​ R’ Investment Group បានធ្វើការចែករំលែក​នូវ​គន្លឹះ ៧ចំណុចដើម្បីជួយម្ចាស់អាជីវកម្មក្នុងការប្រកួតប្រជែងទីផ្សារកម្ពុជា នៅក្នុងសិក្ខាសាលាស្តីអំពី Cambodia Marketing Conference នៅមជ្ឈមណ្ឌុលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC)កាលពីថ្ងៃទី២៤ មិថុនា កន្លងទៅនេះ។


ចំណុចទី១. នៅជាមួយទីផ្សារបាន (Come up with the market)៖ ដើម្បីឲ្យយើងអាចនៅជាមួយទីផ្សារបានលុះត្រាតែយើងយល់អំពីទីផ្សារនោះច្បាស់ មានមនុស្សជាច្រើនដែលគាត់មិនដែលនៅជាមួយទីផ្សារទេ គឺពួកគាត់តែងតែចាកចេញពីទីផ្សារ មានន័យថារបស់ខ្លះលែងមានតម្រូវការទីផ្សារទៅហើយប៉ុន្តែយើងនៅតែបន្តធ្វើវាទៀត វាដូចជាការប្រើទូរស័ព្ទដែរពីមុនយើងប្រើទូស័ព្ទម៉ាក Nokia ចុចលេខប៉ុន្តែបច្ចុប្បន្នគេប្រើទូរស័ព្ទម៉ាក iPhone ឬប្រភេទ touch screen ដែលមានលក្ខណៈល្អប្រសើរជាង ជា​ដើម ទាំងអស់នេះគឺបង្ហាញថាយើងត្រូវតែរក្សារនិងតាមឲ្យជាប់នូវអ្វីដែលទីផ្សារត្រូវការ។
ចំណុចទី២. មានផែនការយុទ្ធសាស្រ្តមុនគេ (Planing a head)៖ បើយើងបង្កើតមុខជំនួញមួយដោយដើរតាមតែគេប្រហែលជាយុទ្ធសាស្រ្តយើងដើរក្រោយគេហើយ ដូច្នេះហើយយើងត្រូវមានផែនការយុទ្ធសាស្ត្រមុនគេដូចជាការបង្កើតFranchise(ឈ្មោះផ្ដាច់មុខក្រុមហ៊ុន)ដោយខ្លួនឯងមុនគេ បើយើងចូលក្នុងទីផ្សារមុនគេគឺយើងមានឱកាសឈ្នះគេ ដូច្នេះហើយកត្តាដែលយើងត្រូវធ្វើមុនគេគឺរៀនសម្លឹងមើលទីផ្សារឲ្យបានវែងឆ្ងាយ។
ចំណុចទី៣. លំហូរសាច់ប្រាក់ (Cash-flow Management)៖ នេះគឺជាបញ្ហាដ៏ធ្ងន់សម្រាប់មុខជំនួញទាំងអស់ព្រោះម្ចាស់អាជីវកម្មភាគច្រើនតែងតែចង់ធ្វើជំនួញហើយប្រកួតប្រជែងក៏ប៉ុន្តែតែងភ្លេចគិតអំពីលំហូរសាច់ប្រាក់ ដូច្នេះយើងត្រូវចាំថាការគ្រប់គ្រងថវិកា លំហូរសាច់ប្រាក់ និងការវិនិយោគគឺជារឿងដែលសំខាន់ដែលយើងត្រូវគិតថាតើជាទំនាស់បែបណ ហើយត្រូវគ្រប់គ្រងផ្នែកហិរញ្ញវត្ថុឲ្យជាប់ព្រោះហិរញ្ញវត្ថុគឺជាកត្តាចម្បងសម្រាប់ការធ្វើជំនួញ។
ចំណុចទី៤. ប្រើប្រព័ន្ធគ្រប់គ្រងត្រឹមត្រូវ (System)៖ មានន័យថាជាប្រព័ន្ធដែលយើងជ្រើសរើសត្រឹមត្រូវសម្រាប់ប្រើដូចជាប្រព័ន្ធគ្រប់គ្រងមុខជំនួញ ប្រព័ន្ធគ្រប់គ្រងបុគ្គលិក ប្រព័ន្ធគ្រប់គ្រងទីផ្សារ និងប្រព័ន្ធគ្រប់គ្រងអតិថិជនជាដើម ដែលម្ចាស់អាជីវកម្មខ្លះគាត់មិនដែលយកចិត្តទុកដាក់ទៅលើការកត់ត្រាអតិថិជនរបស់គាត់នោះទេ ដូច្នេះវាធ្វើឲ្យពួកគាត់ពិបាករកទិន្នន័យនៅពេលដែលគាត់ចង់លក់ផលិតផលឬសេវាកម្មថ្មីឲ្យទៅអតិថិជននៅពេលក្រោយទៀត ដូច្នេះយើងត្រូវចេះរៀបចំប្រព័ន្ធកត់ត្រាឬប្រព័ន្ធរៀបចំទុកដាក់បែបបច្ចេកវិទ្យាឲ្យបានត្រឹមត្រូវ។
ចំណុចទី៥. ជំនាញ និង អាកប្បកិរិយា (Skill & Attitude)៖ មនុស្សមួយចំនួនគាត់មានជំនាញផ្នែកទីផ្សារគាត់អាចពន្យល់ព័ត៌មានលម្អិតពីក្រុមហ៊ុនរបស់គាត់ទៅឲ្យអតិថិជនបានយ៉ាងល្អ ប៉ុន្តែគាត់មិនចេះរៀបចំអាកប្បកិរិយាឲ្យសមរម្យគឺមានន័យថាអត្តចរឹតរបស់គាត់មិនគួរឲ្យនិយាយរក ដែលធ្វើឲ្យអតិថិជនគេមិនសប្បាយចិត្តនិងការទិញផលិតផលរបស់យើងទេ។
ចំណុចទី៦. ការចែករំលែក (Sharing)៖ អ្នកដឹកនាំត្រូវចេះចែករំលែកចំណេះដឹង បទពិសោធន៍ និងវិធីសាស្រ្តផ្សេងៗទៅឲ្យបុគ្គលិកដទៃ ព្រោះថាប្រធានក្រុមហ៊ុនឬក៏អ្នកដឹកនាំដទៃទៀតមិនប្រាកដថាពួកគាត់មានពេលវេលាគ្រប់គ្រាន់នៅក្នុងការធ្វើកិច្ចការគ្រប់បែបយ៉ាងនោះទេ ដូច្នេះក្នុងស្ថាប័ណមួយតៀមទាឲ្យបុគ្គលិកមានចំណេះដឹង និង​ទទួល​បាន​ព័ត៌មាន​ស្មើរៗគ្នា ពេលនោះស្ថាប័ន​នោះ នឹងរីកចម្រើនប្រកបដោយចីរភាព។

ចំណុចទី៧. ការទទួលយកបរិបទនៃការផ្លាស់ប្តូរ៖ សាកលភាវូបនីយកម្មគឺមានការផ្លាស់ប្តូរដូច្នេះសម្រាប់អ្នកធ្វើជំនួញក៏ដោយ ឬអ្នកសិក្សាក៏ដោយគឺតម្រូវឲ្យមានការផ្លាស់ប្តូរ ជាឧទាហរណ៍មុខជំនួញមួយចំនួនសម្រាប់ពេលបច្ចុប្បន្ននេះលែងជាតម្រូវការសម្រាប់អតិថិជនហើយដូច្នេះយើងត្រូវមានការផ្លាស់ប្តូរមុខជំនួញទៅតាមនោះ ដូច្នេះបរិបទនៃការផ្លាស់ប្តូរយើងត្រូវតែអនុវត្តឡើងហើយត្រូវបើកចិត្តឲ្យទូលាយដើម្បីប្រកួតប្រជែង៕

B.I.O​ ផ្ដល់​ឱកាសពង្រឹងសមត្ថភាពអាជីវកម្ម និង​ទុនពង្រីកអាជីវកម្ម


បញ្ហាខ្វះខាតទុនបង្វិល បញ្ហាគ្រប់គ្រងធនធានមនុស្ស ខ្វះបទពិសោធន៍ក្នុងការគ្រប់គ្រងប្រតិបត្តិការ​អាជីវកម្ម កង្វះខាតក្នុងការទទួលបានព័ត៌មានទីផ្សារ និងខ្វះនូវផែនការក៏ដូចជាយុទ្ធសាស្រ្តក្នុងការធ្វើអាជីវកម្ម ជា​បញ្ហា​ដែល​ម្ចាស់​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ភាគ​ច្រើននៅ​កម្ពុជា​​បាន​និង​កំពុង​ជួយ​ប្រទះ។ ការ​បង្កើត​កម្មវិធី B.I.O​  ដោយ​សមាគមន៍​អ្នកវិនិយោគកម្ពុជា (Cambodia Investor Club-CiC) ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ មាន​អត្ថប្រយោជន៍​​​យ៉ាង​សំខាន់​ក្នុង​ការ​ចូលរួម​ចំណែក​​ក្នុង​ការ​ដោះស្រាយ​​បញ្ហា​​ប្រឈម​ទាំង​នេះ។
​BizKhmer បាន​ធ្វើ​បទ​សម្ភាសន៍​ជា​មួយ​លោក ហ៊ាង​ រស្មី អ្នក​សម្រប​សម្រួល​កម្មវិធី B.I.O នៃសមាគមន៍​អ្នកវិនិយោគកម្ពុជា។ ​លោក​ នឹង​ចែក​រំលែក​នូវ​ព័ត៌មាន​លម្អិត​អំពី​កម្មវីធីនេះ។
បើអ្នកគិតថាអាជីវកម្មរបស់អ្នកត្រូវការទុនបន្ថែមក្នុងការពង្រីកអោយកាន់តែធំជាងមុន ក៏ដូចជាចំណេះដឹងបន្ថែមដើម្បីពង្រឹងនិងពង្រីកអជីវកម្ម កម្មវិធី B.I.O ជាជម្រើសដ៏ល្អមួយសម្រាប់លោកអ្នក។ 

SWOT ​វិភាគ​​​​ចំណុច​ខ្លាំង​​និង​​​ខ្សោយ​អាជីវកម្ម​​ដែល​ម្ចាស់​ ​អាជីវកម្ម​ខ្នាត​តូច​គួរ​ស្វែង​យល់! ​


SWOT ​ជា​​ទ្រឹស្ដី​វិភាគ​ទៅ​លើ​ធាតុ​បួន​សំខាន់ៗ​ គឺ​ S(strength=ចំណុច​ខ្លាំង) ​W(weakness=ចំណុច​ខ្សោយ) O(opportunity=ឱកាស) ​និង​មួយ​ទៀត​គឺ T(threat=​កត្តា​គំរាម​កំហែង)។ ​ចំណុច​ទាំង​បួន​នេះ​ គឺ​ ជា​ចំណុច​ដ៏សំខាន់​​សម្រាប់​អាជីវកម្ម​នីមួយៗ។ ​បើ​យើង​មិន​ស្គាល់​ខ្លួន​ឯង​ឱ្យ​ច្បាស់​ថា​ ខ្លាំង​ ឬ​ខ្សោយ​ប៉ុណ្ណា​ផង​ តើ​​យើង​អាច​ចាប់​យក​ឱកាស​ ឬ​គេច​ឱ្យ​ចេញ​ពី​កត្តា​គំរាម​កំហែង​ដោយ​វិធី​ណា​បាន។
​ក្នុង​អាជីវកម្ម​ជាក់​ស្ដែង​ មាន​បញ្ហា​រាប់​រយ​ ដែល​ត្រូវ​ដោះស្រាយ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​អាជីវកម្ម​អាច​បោះ​ជំហ៊ាន​ទៅ​មុខ។ ​ប៉ុន្តែ រឿង​មួយ​​គឺ​ថា​ ​បញ្ហា​នោះ​បណ្ដាល​មក​ពី​អ្វី​ឱ្យ​ពិត​​ប្រាកដ? ​មក​ពី​យើង​មិន​ទាន់​កំណត់​ចំណុច​ខ្លាំង​របស់​ខ្លួន​មិន​ទាន់​បាន​ឬ មួយ​យ៉ាង​ណា?
នេះ​ជា​​ឧទាហរណ៍​មួយ​ចំនួន​អំពី​ចំណុច​ខ្លាំង ចំណុច​ខ្សោយ​ ឱកាស​ និង​កត្តា​គំរាម​កំហែង​
ខ្លឹមសារ​លម្អិត​នៃ​ចំណុច​នីមួយៗ៖ ចំណុច​ខ្លាំង​ និង​ចំណុច​ខ្សោយ​គឺ​ស្ថិត​នៅ​ក្នុង​ចង្កោម​​នៃ​​កត្តា​ផ្ទៃ​ក្នុង​របស់​ក្រុមហ៊ុន។ ​មាន​ន័យ​ថា​ ​ក្រុមហ៊ុន​មាន​ចំណុច​ខ្លាំង​ ឬ​ខ្សោយ​​ដែល​ ​​​ចំណុច​ទាំង​ពីរ​នេះ​ គឺ​កើត​ឡើង​​ពី​ក្រុមហ៊ុន​ខ្លួន​ឯង។
​ចំណុច​ខ្លាំង ​(strength​)៖ ​គឺ​ជា​ចំណុច​​លេច​ធ្លោ​​របស់​ក្រុមហ៊ុន​បើ​ធៀប​នឹង​គូ​ប្រកួត​ប្រជែង។​ ចំណុច​លេច​ធ្លោ​នេះ​ គឺ​មាន​ន័យ​ថា​ ជា​ចំណុច​ពិសេស​ដែល​ខ្លួន​មាន​ និង​ខ្លាំង​ជាង​គូ​ប្រកួត។ ​ឧទាហរណ៍​ យើង​មាន​ផលិតផល​​មាន​គុណភាព​ខ្ពស់​ជាង​គូ​ប្រកួត​ ​កេរ្តិ៍ឈ្មោះ​ក្រុមហ៊ុន​ល្បី​រន្ទឺ​ វេច​ខ្ចប់​ទាក់ទាញ​ជាង​ ​អតិថិជន​មាន​ការ​​ស្មោះស្ម័គ្រ​​ច្រើន​​ មាន​បច្ចេកវិទ្យា​ទំនើប​ខុស​ពី​គេ​ ​មាន​ធនធាន​មនុស្ស​ពូកែ​​ៗ​ច្រើន​ មាន​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ខ្លាំង ​​និង​ធនធាន​ច្រើន​ជា​ដើម។
​​ម្ចាស់​អាជីវកម្ម​ត្រូវ​តែ​ដឹង​ពី​ចំណុច​នេះ​ ព្រោះ​ថា​ ដើម្បី​ដឹង​ថា​ខ្លួន​ឯង​នៅ​ត្រង់​កន្លែង​ណា​ ហើយ​គូ​ប្រកួត​នៅ​កន្លែង​ណា? ​
​ចំណុច​ខ្សោយ (weakness)៖ ​នេះ​ជា​កត្តា​ដែល​រារាំង​ ឬ​រាំង​ស្ទះ​​ដល់​ដំណើរការ​លូតលាស់​របស់​ក្រុមហ៊ុន ហើយ​​ក៏​ជា​ចំណុច​ចាញ់​ប្រៀប​គូ​ប្រកួត​ដែរ។ ​ចំណុច​ខ្សោយ​ដែល​ក្រុមហ៊ុន​មាន​គឺ​ត្រូវ​តែ​កម្ចាត់​ចោល​ ឬ​កែ​ប្រែ​ឱ្យ​ប្រសើរ​ឱ្យ​បាន​ បើ​មិន​ដូច្នោះ​ទេ​ ​អាជីវកម្ម​របស់​យើង​នឹង​កាន់​តែ​ចាញ់​គូ​ប្រកួត​ បាត់​បង់​ទីផ្សារ​កាន់​តែ​ច្រើន​ ឬ​ឈាន​ដល់​ចំណុច​ក្ស័យធន​ក៏​ថា​បាន​ប្រសិន​បើ​ចំណុច​ខ្សោយ​របស់​ក្រុមហ៊ុន​មាន​លក្ខណៈ​ធ្ងន់ធ្ងរ។ ​បញ្ហា​ទាំង​អស់​នោះ​​មាន​ដូច​ជា​ ​ខ្វះ​ធនធាន​ហិរញ្ញវត្ថុ​ ខ្វះ​ធនធាន​មនុស្ស​ពូកែៗ​ ​​ខ្វះ​ដៃគូ​ផ្គត់ផ្គង់​ ខ្វះ​ដៃគូ​ចែក​ចាយ ម៉ាក​យីហោ​មិន​ទាន់​ល្បី​ ​បំណុល​ច្រើន​ ល​និងល។ ក្នុង​​នាម​ជា​ម្ចាស់​អាជីវកម្ម​ ​​យើង​ត្រូវ​ដឹង​ឱ្យ​ច្បាស់​នូវ​ចំណុច​ខ្សោយ​ទាំង​​ឡាយ​ ដែល​បន្ទច់បង្អាក់​ដល់​ដំណើរ​​លូតលាស់​របស់​ក្រុមហ៊ុន។
ឱកាស​​ និង​​កត្តា​គំរាម​កំហែង គឺ​ស្ថិត​នៅ​ក្នុង​ចង្កោម​​នៃ​​កត្តា​​ខាង​ក្រៅ​របស់​ក្រុមហ៊ុន។ ​មាន​ន័យ​ថា​ ​ក្រុមហ៊ុន​​មិន​អាច​គ្រប់គ្រង​កត្តា​ទាំង​ពីរ​នេះ​បាន​នោះ​ទេ។
ឱកាស៖ ​គឺ​ជា​កត្តា​ខាង​ក្រៅ​មួយ​ដែល​​អាច​ផ្ដល់​​ការ​អនុគ្រោះ​ ឬ​​​ជួយ​ធ្វើ​ឱ្យ​ក្រុមហ៊ុន​កាន់​តែ​មាន​ឧត្ដមភាព​ប្រកួត​ប្រជែង​ (competitive advantage)។ ​ឱកាស​នេះ​ជួនកាល​មិន​មែន​ផ្ដល់​ផល​ចំណេញ​ដល់​តែ​​ក្រុមហ៊ុន​យើង​តែ​មួយ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​គូ​ប្រកួត​ក៏​អាច​ទទួល​បាន​ដូច​គ្នា​ដែរ។ ឧទាហរណ៍​ យើង​រក​ស៊ី​ផ្នែក​លក់​ទំនិញ​តាម​អនឡាញ​ ចំនួន​អ្នក​ប្រើ​​អ៊ីនធឺណិត​កាន់​តែ​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នោះ​ក៏​ជា​​ឱកាស​ដែរ​ ប៉ុន្តែ​ គូ​ប្រកួត​របស់​យើង​ក៏​ទទួល​ផល​​ពី​កំណើន​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​ដូច​គ្នា​ដែរ។ ឱកាស​អាច​ពាក់ព័ន្ធ​នឹង​បទ​បញ្ញត្ត​​របស់​រដ្ឋាភិបាល​ ដូច​ជា​រដ្ឋាភិបាល​លើក​​លែង​ពន្ធ​លើ​ឧបករណ៍​បម្រើ​ឱ្យ​វិស័យ​កសិកម្ម​ជា​ដើម។ ​ឱកាស​ ក៏​អាច​ពាក់ព័ន្ធ​នឹង​កត្តា​បច្ចេកវិទ្យា​ផង​ដែរ។
កត្តា​គំរាមកំហែង៖ ​​គឺ​ជា​កត្តា​ខាង​ក្រៅ​មួយ​ទៀត​ដែល​ក្រុមហ៊ុន​មិន​អាច​គ្រប់គ្រង​បាន។ ​កត្តា​ខាងក្រៅ​​អាច​ពាក់ព័ន្ធ​នឹង​បទបញ្ញត្តិ​របស់​រដ្ឋាភិបាល​ គ្រោះ​ធម្មជាតិ​ កត្តា​ថ្លៃ​ដើម​​ឡើង​ថ្លៃ​ ការ​ប្រកួត​ប្រជែង​កើន​ឡើង​ ​​និង​កត្តា​ផ្សេង​​ៗ​ទៀត។ ​​ដើម្បី​ទប់​ស្កាត់​កត្តា​គំរាម​កំហែង​ ក្រុមហ៊ុន​ត្រូវ​តែ​មាន​​ធ្វើ​ការ​វិភាគ​ហានិភ័យ (risks) ​ឱ្យ​បាន​ច្បាស់​​លាស់។ ​មួយ​ទៀត​នោះ​ ដើម្បី​ទប់​ស្កាត់​កត្តា​មួយ​ចំនួន​បាន​ ក្រុមហ៊ុន​ត្រូវ​មាន​ផែនការ​​ត្រៀម​ដែល​គេ​ហៅ​ថា​ (contingency plan)។ ​សាក​គិត​បន្តិច​ទៅ​មើល​ ទៅ​លើ​អាជីវកម្ម​របស់​អ្នក​​ ថា​តើ​មាន​​ចំណុច​ខ្លាំង​ ខ្សោយ​ ឱកាស​ និង​កត្តា​គំរាមកំហែង​អ្វី​ខ្លះ​៕

ម៉ាក្រូ និង​មីក្រូ​សេដ្ឋកិច្ច ​ខុស​គ្នា​ដូច​ម្ដេច?


ថ្វី​បើ​ទស្សនៈវិស័យ នៃ​ទម្រង់​សេដ្ឋកិច្ច ម៉ាក្រូ និង​មីក្រូ​សេដ្ឋកិច្ច​ខុស​គ្នា​ក្ដី ប៉ុន្តែ​ទម្រង់​ទាំង​ពីរ​នេះ បាន​ដើរ​តួ​យ៉ាង​សំខាន់ ក្នុង​ការ​អភិវឌ្ឍន៍​ ​នយោបាយ​ និង​សេដ្ឋកិច្ច​នៃ​ប្រទេស​មួយ ឱ្យ​រីកចម្រើន។ ថ្ងៃនេះ Biz Khmer នឹង​បង្ហាញ​ប្រិយមិត្ត​ថា អ្វី​ទៅ​ជាម៉ាក្រូ និង​មីក្រូ​សេដ្ឋកិច្ច?
ម៉ាក្រូសេកិច្ច ឬ Macroeconomics ជា​ការ​សិក្សា​ផ្ដោត​សំខាន់​លើ​សេដ្ឋកិច្ច ​​របស់​ប្រទេស​ទាំង​មូល។ អ្នក​ម៉ា​ក្រូ​សេដ្ឋកិច្ច ​​សិក្សា​​ពីផលិតផល​ក្នុង​ស្រុក​សរុប (GDP) អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ (អត្រា​និកម្មភាព) ផលិតផលដុល ការ​ប្រើប្រាស់​ (consumption) ការ​ចំណាយ ​អតិផរណា ការ​សន្សំ ការ​វិនិយោគ ពាណិជ្ជកម្ម​អន្តរជាតិ និង​ហិរញ្ញវត្ថុ​អន្តរជាតិ​ជាដើម ដើម្បី​ឱ្យ​យល់​ពី​សេដ្ឋកិច្ច​ជាតិ​។
ម៉ាក្រូ​សេដ្ឋកិច្ច ជាការ​​សិក្សា​ធំ​ទូលាយ សំដៅ​លើ​សេដ្ឋកិច្ច និង​មាន​​គោលបំណង​សំខាន់​​២ គឺ​ ការ​ស្វែង​​យល់​ពី​មូលហេតុ និង​ផលវិបាក នៃ​បម្រែបម្រួល​ចំណូល​ជាតិ​ក្នុង​រយៈ​ពេល​ខ្លី និង​ទី២ ​ជា​ការស្វែង​​យល់​​ពី​កត្តា ដែល​កំណត់​ការ​រីកចម្រើន​នៃ​សេដ្ឋកិច្ច​ជាតិ​ រយៈ​ពេល​វែង​។ ​ ម៉ូដែល​ម៉ាក្រូ​សេដ្ឋកិច្ច ត្រូវ​បាន​ប្រើ​ដោយ​រដ្ឋាភិបាល និង​សហគ្រាស​ធំៗ ដើម្បី​​វាយតម្លៃ​ និង​​​អភិវឌ្ឍន៍ គោលនយោបាយសេដ្ឋកិច្ច និង​​យុទ្ធសាស្ត្រ​​ជំនួញ។​
យោងតាមគេហទំព័រសេដ្ឋកិច្ច Economicshelp ​និង Opentextbc មីក្រូសេដ្ឋកិច្ច​ ជា​ការ​សិក្សា​​សំខាន់​​​លើ​សកម្មភាព​ និង​តម្រូវ​របស់​បុគ្គល គ្រួសារ សហគ្រាស​ និង​ក្រុមហ៊ុន អ្នក​ប្រើប្រាស់ ការកំណត់​តម្លៃ និង​ចំនួន​ផលិតផល​នៅ​លើ​ទីផ្សារ​​។
ឧទាហរណ៍៖ តើ​គ្រួសារ និង​បុគ្គល ចំណាយ​តាម​របៀប​ណា? តើ​ទំនិញ និង​សេវា​អ្វី ដែល​​ត្រូវ​នឹង​តម្រូវ​ការ​របស់​ពួកគេ? ពួកគេ​ធ្វើ​ការ​ពេញ​ម៉ោង ឬ​ក្រៅ​ម៉ោង? តើ​ពួកគេ​សន្សំ​ប្រាក់​បាន​ប៉ុន្មាន​នា​អនាគត? ពួកគេ​ត្រូវ​ការ​ខ្ចី​លុយ​ប៉ុន្មាន ដើម្បី​បំពេញ​តម្រូវ​ការ​បច្ចុប្បន្ន​របស់​ពួកគេ? តើ​ក្រុមហ៊ុន​មួយ​នេះ ផលិត​ទំនិញ​ប៉ុន្មាន លក់​ចេញ​ប៉ុន្មាន? តើ​ក្រុមហ៊ុន នឹង​ផ្លាស់ប្ដូរ​តម្លៃ​យ៉ាង​មិច? តើ​ពួកគេ​ត្រូវ​ជួល​បុគ្គលិក​ប៉ុន្មាន​នាក់?​
បើ​ទោះ​ជា មីក្រូ​សេដ្ឋកិច្ច មាន​ទ្រង់ទ្រាយ​តូច​ជាង ម៉ាក្រូសេដ្ឋកិច្ច ប៉ុន្តែ​វា​បាន​រួម​ចំណែក​សំខាន់ ក្នុង​ការ​អភិវឌ្ឍន៍សេដ្ឋកិច្ច​ប្រទេស​ជាតិផងដែរ៕

ខ្លីៗ​អំពី​ច្បាប់៖ តើ​ពន្ធ​គឺជា​អ្វី​?


ពន្ធ​គឺជា​បន្ទុក​របស់​អ្នក​ជាប់ពន្ធ​ចំពោះ​រដ្ឋ និង ជា​កាតព្វកិច្ច​របស់​គ្រប់​សមាសភាព​ដែល​កំណត់ដោយ ច្បាប់​។ យោងតាម​ច្បាប់​ស្តីពី​ពន្ធដារ​ឆ្នាំ ១៩៩៧ ពន្ធ​សំដៅ​ដល់​ពន្ធ​ផ្ទាល់​ដែលជា​ប្រភេទ​ពន្ធ​ប្រមូលយក​ដោយផ្ទាល់ ពី​អ្នក​ជាប់ពន្ធ (Taxpayer) ក្រៅពី​ពន្ធគយ ឬ អាករ​ដែល​សំដៅ​ដល់​ពន្ធ​ប្រយោល​ដែលជា​ប្រភេទ​នៃ​ការប្រមូល​ពន្ធ ដោយ​ប្រយោល (​មិនបាន​ប្រមូលយក​ដោយផ្ទាល់​ពី​អ្នក​ជាប់ពន្ធ​) ។ ការប្រមូល​ពន្ធ​នេះ ​គឺជា​ការយក​តាម​តម្លៃ ទំនិញ ឬ​សេវា ហើយ​អ្នក​ជាប់ពន្ធ​គឺជា​អ្នកប្រើប្រាស់​ចុងក្រោយ​។

​ការបង់ពន្ធ​គឺជា​កាតព្វកិច្ច​របស់​ព​ល​រដ្ឋ​គ្រប់រូប ឬ ស្ថាប័ន​ពាក់ព័ន្ធ​នានា​ដែល​ត្រូវ​បង់​ជូន​រដ្ឋ ដើម្បី​រួមចំណែក ការពារ និង អភិវឌ្ឍន៍​មាតុភូមិ​។ ចំណូល​ដែល​បានទទួល​មកពី​ការបង់ពន្ធ​នឹងត្រូវ​យកទៅ​ប្រើប្រាស់​នៅក្នុង​កិច្ចការ​ដ៏ ចាំបាច់​ដូចខាងក្រោម​៖
​ ​បើកប្រាក់​ខែ​ជូន​មន្ត្រីរាជការ​
​ ​បើ​ប្រាក់ខែ​ជូន​ទាហាន​កម្លាំងប្រដាប់អាវុធ​
​ ​សាងសង់​ស្ពាន​
​ ​សាងសង់​សាលារៀន​
​ ​ការពារ​ព្រំដែន​
​ ​សាងសង់​ផ្លូវថ្នល់​
​ ​សាងសង់​មន្ទី​ពេទ្យ​។​ល​។​

Jack Ma៖ មិន​ថា​ចាស់​ឬ​ក្មេង​ ត្រូវ​សួរ​ខ្លួន​ឯង​ ៣​ សំណួរ​នេះ ពេល​បើក​ក្រុមហ៊ុន


តើ​អ្នក​មាន​អ្វី? តើអ្នក​ចង់​បាន​អ្វី? តើ​អ្នក​នឹង​បោះបង់​អត់?​ នេះ​ជា​សំណួរ​មហាសេដ្ឋី​ល្បី​ឈ្មោះ Jack Ma តែង​តែ​សួរ​​ខ្លួន​ឯង​គ្មាន​លស់​ថ្ងៃ ពេល​លោក​បើក​ក្រុមហ៊ុន Alibaba ដែលមាន​ផ្សាយ​លើ​គេហទំព័រ Cnbc។
លោក​បាន​ឱ្យ​ដឹង​ថា មនុស្ស​ជា​ច្រើន​បាន​បរាជ័យ​ ព្រោះ​តែ​មិន​បាន​សួរ​ខ្លួន​ឯង​សំណួរ​ទាំង​បី​នេះ ហើយ​អាជីវកម្ម Start-Up ៧០% បាន​បិត​ទៅ​វិញ ក្នុង​រយៈ​ពេល​ជាង ១ឆ្នាំ ​ដោយសារ​បាត់បង់​ការ​ផ្ដោត (Loss of Focus)។
លោក​ថា មិន​ថា​ចាស់​ឬ​ក្មេង​ទេ ពេល​បើក​អាជីវកម្ម តែង​មាន​ចក្ខុវិស័យ ជំនឿ​ចិត្ត ប៉ុន្តែ​បើ​ចង់​ឱ្យ​ជំនឿ​ទាំង​នេះ នៅ​រស់រាន​មាន​ជីវិត ពួកគេ​​ត្រូវ​សួរ​ខ្លួន​ឯង​បី​សំណួរ​នេះ។ ​
លោក​បន្ថែម​ថា អ្នក​ចង់​បើក​អាជីវកម្ម ត្រូវ​​​គិត​ពី​សំណួរ​ទាំង​​បី​នេះ ហើយ​​ពួកគេ​នឹង​បាត់​​​ភាព​ភ័យ​ខ្លាច ​​មាន​សុទិដ្ឋិនិយម​ និង​​ដឹង​អ្វី​ដែល​ពួកគេ​​ចង់​បាន ហើយ​ពួកគេ​មិន​​បរាជ័យ​ឡើយ៕ ​​

នេះគឺជាជំហានមួយថ្នាក់ៗ សម្រាប់អ្នកដែលត្រៀមខ្លួនរួចរាល់ថានឹងរកស៊ី


ដើម្បីទទួលបានការរកស៊ីមួយដ៏ជោគជ័យ វា ទាមទារឲ្យអ្នកខិតខំឲ្យអស់ពីសមត្ថភាព។ ខណៈដែលអ្នករកស៊ីខ្លះ តែងជួបវិបត្តិ តែបើពួកគេមានការតស៊ូ និងមិនចុះចាញ់ គេនៅតែទទួលបានជោគជ័យនៅពេលក្រោយដដែល។ ខាងក្រោមនេះជាជំហាននៃការរកស៊ី ដែលវា នឹងផ្ដល់ជាគំនិត ងាយស្រួលសម្រាប់ជំនួញអ្នក៖
១) សរសេរគំនិតថ្មីៗដែលមាន ៖ វាអាចចាប់ផ្ដើមបាន លុះត្រាតែអ្នកមានគំនិតថា ចង់ធ្វើអ្វី សិន ហើយវាអាចជាគំនិតដែលអ្នកតែងតែគិត ឬ ក៏អ្នកមានចំណេះដឹងខ្លាំងលើវា។ ពេលអ្នករកបានគំនិត២ ឬ៣ ហើយនោះ អ្នកគួរចាប់ផ្ដើមស្រាវជ្រាវពីវា ឲ្យបានលម្អិត បន្ទាប់មកសិក្សាថា តើ មានក្រុមហ៊ុនណាខ្លះរកស៊ីបែបនេះដែរ? បន្ទាប់មកគិតថា តើអ្នកគួរធ្វើយ៉ាងណាឲ្យល្អជាងក្រុមហ៊ុនគេ?
២) បង្កើតគម្រោងផែនការ ៖ បន្ទាប់ពីអ្នកមានគំនិតហើយនោះ អ្នកគួរសួរខ្លួនឯង បន្តទៀតថា តើអ្នកមានគោលបំណងអ្វី? តើនរណាស័ក្ដិសមជាអតិថិជនអ្នក ? តើគោលដៅចុងក្រោយជាអ្វី? តើអ្នកស្វែងរកថវិកាដោយរបៀបណា ដើម្បីធ្វើឲ្យការរកស៊ីនោះដំណើរការបាន?
៣) ប៉ាន់ស្មានផ្នែកហិរញ្ញវត្ថុ ៖ ថវិកាពិតជាសំខាន់ក្នុងការចាប់ផ្ដើមអ្វីមួយ តែបើអ្នកមិនបានរៀបចំតម្លៃ ឬ ធ្វើការប៉ាន់ស្មានពីវា ថា អាចអស់ប៉ុន្មាននោះ អ្នកអាចនឹងមានបញ្ហា នៅពេល ការរកស៊ីនោះដើរទៅមុខបានបន្តិច។
៤) កំណត់ច្បាប់នៃការរកស៊ីនោះ ៖ មុននឹងអាចចុះឈ្មោះ ក្រុមហ៊ុន របស់អ្នកបាន អ្នកត្រូវតែកំណត់ឲ្យច្បាស់សិន ថា អ្នកជាអង្គភាពប្រភេទអ្វី ។ ច្បាប់របស់ក្រុមហ៊ុនអ្នក អាចប៉ះពាល់អ្វីគ្រប់យ៉ាង ដូចជា ប៉ះពាល់លើការបង់ពន្ធ នៅពេលអ្នកមានជំពាក់បំណុលគេ ដោយរឿងរ៉ាវណាមួយ។
៥) ចុះឈ្មោះក្នុងបញ្ជីរាជរដ្ឋាភិបាល ៖ ដើម្បីក្លាយខ្លួន ជាក្រុមហ៊ុនអាជីវកម្មមួយដោយស្របច្បាប់ អ្នកត្រូវតែចុះឈ្មោះ ក្នុងបញ្ជីរាជរដ្ឋាភិបាល ឲ្យបានត្រឹមត្រូវ។ បន្ទាប់មក បញ្ជូនឯកសារចាំបាច់របស់ក្រុមហ៊ុន រួមមាន ឈ្មោះក្រុមហ៊ុន គោលបំណងនៃការរកស៊ី ក្រុមហ៊ុនដែល ជាដៃគូសហការ ទំនិញ និងព័ត៌មានទាក់ទងនឹងក្រុមហ៊ុន។
៦) ទិញប័ណ្ណធានារ៉ាប់រង ៖ អ្នកធានារ៉ាប់រង នេះ គឺវាជាខ្នងបង្អែកមួយ សម្រាប់ក្រុមហ៊ុនរកស៊ីរបស់អ្នកដែលទើបនឹងចាប់ផ្ដើម ព្រោះពួកគេអាចនឹងជួយអ្នកបានលឿន ពេលអ្នកជួបវិបត្តិ ឬ មានបញ្ហាអ្វីកើតឡើង។
៧) បង្ហាញយីហោក្រុមហ៊ុនរួចឃោសនាវា ៖ នេះជាពេលវេលា ដែលអ្នកគួរតែបង្ហាញអតិថិជនថា ទំនិញគឺនៅទីនេះ ។ ដើម្បីធ្វើឲ្យយីហោអ្នកកាន់តែល្បី អ្នកគួរចេះឃោសនា និងផ្សព្វផ្សាយវា តាមបណ្ដាញសង្គម ទូរទស្សន៍ ឬ កាសែត និងមធ្យោបាយផ្សេងៗ ទៀត ដែលអ្នកគិតថា វា មានប្រសិទ្ធភាពសម្រាប់ការរកស៊ីនោះ៕

យុទ្ធសាស្ត្រទីផ្សារដែលសហគ្រិនត្រូវចេះ ដើម្បីអាជីវកម្ម


គំនិតនិងការបំលែងគំនិតទៅជាសកម្មភាពគឺជារឿងសំខាន់ដែលទំនងជាមានមនុស្សតិចណាស់ដែលអាចធ្វើបាន។ ទីបំផុតអ្នកទាំងនោះត្រូវបានគេដាក់ឈ្មោះថា អ្នកទ្រិស្តីនិយម និងអ្នកប្រតិបត្តិនិយម (អ្នកថានិងអ្នកធ្វើ)។
រកស៊ីគឺជារឿងមួយដែលពោពេញដោយការប្រកួតប្រជែងយ៉ាងស្វិតស្វាញពីព្រោះអ្នករកស៊ីច្រើនតែទីផ្សារតែមួយ។ដូចនេះការស្គាល់យុទ្ធសាស្ត្រជំនួញឬទីផ្សារនៃការរកស៊ីគឺវាមានសារៈសំខាន់។ខ្ញុំសូមបកស្រាយនូវយុទ្ធសាស្ត្រទីផ្សារមួយបែបដល់ប្រិយមិត្តអ្នកអានទាំងអស់អោយបានយល់ដឹងខ្លះៗអំពីយុទ្ធសាស្ត្រទីផ្សារ។
យុទ្ធសាស្ត្រទីផ្សារត្រូវបានបង្កើតឡើងជាដំបូងដោយលោក Neil Borden ជាប្រធានសមាគមន៍ទីផ្សារអាមេរិចក្នុងឆ្នាំ១៩៥៣និងជាសាស្ត្រាចារ្យមហាបរិញ្ញាផ្នែកទីផ្សារនិងផ្សព្វផ្សាយនៃសាកលវិទ្យាល័យពាណិជ្ជកម្មហាវឺត ដែលត្រូវបានគេប្រទះឃើញក្នុងរៀវភៅមួយក្បាលរបស់លោកបោះពុម្ភឆ្នាំ១៩៤២ មានចំណងជើងថា The Economic Effects of Advertising ។ ក្រោយមកអ្នកទីផ្សារម្នាក់ លោក E. Jerome McCarthy បានស្នើឡើងនូវការធ្វើចំណែកថ្នាក់4Pនៅឆ្នាំ១៩៦០។ យុទ្ធសាស្ត្រនេះជាគន្លឹះមួយក្នុងផែនការទីផ្សារ ដែលគេហៅថា4p មានដូចជា Product, Price, Promotion និង Placement។ បច្ចុប្បន្នយុទ្ធសាស្ត្រនេះត្រូវបានប្រើប្រាស់ដោយអ្នកនាំទំនិញទៅ កាន់ផ្សារទូទាំងពិភពលោក។ តើ4P មានអ្វីខ្លះទៅ?
P1: Product (ផលិតផល)
ផលិតផលត្រូវបានគេមើលឃើញថាជាតម្រូវការរបស់អ្នកប្រើប្រាស់។ វាអាចជាទំនិញរូបីយឬ សេវាកម្ម។ផលិតផលនីមួយៗតែងតែមានវដ្តជីវិតរបស់វា រួមមានកំណើនថេរ លែងសូវពេញនិយម និងនៅទីបញ្ចប់ការលក់ថយចុះឈានរហូតដល់លែងមានតម្រូវការ។ ដូច្នេះ បណ្ដាអ្នកនាំទំនិញទៅកាន់ផ្សារ គួរសិក្សាទីផ្សារឲ្យបានល្អិតល្អន់ទៅលើអាយុកាល នៃវដ្តផលិតផល។ តើទំនិញឬសេវាកម្មរបស់ខ្លួនជាទំនិញឬសេវាកម្មដែលមនុស្សគ្រប់រូបតែងតែត្រូវការជាចំបាច់?
P2: Price (តម្លៃ)
ទំហំថវិកា ដែលអតិថិជនត្រូវតបស្នងសម្រាប់ផលិតផលឬសេវាកម្មមានសារៈសំខាន់ណាស់ ក្នុងការកំណត់ប្រាក់ចំណេញរបស់ក្រុមហ៊ុន និងរយៈពេលឈរជើង។ ការប្រែប្រួលតម្លៃមានឥទ្ធិពលខ្លាំងណាស់ទៅលើយុទ្ធសាស្ត្រទីផ្សារ និងអាស្រ័យលើភាពបត់បែននៃតម្លៃផលិតផល ហើយការជះឥទ្ធិពលទៅលើតម្រូវការនិងការលក់ផងដែរ។ យុទ្ធសាស្ត្រកំណត់តម្លៃផ្អែកលើកត្តាសំខាន់ៗ៣ជាមូលដ្ឋាន៖ ការពិនិត្យមើលតម្លៃប្រកួតប្រជែងទីផ្សារ តម្លៃវាយលុកទីផ្សារ និងតម្លៃសមរម្យអាចទទួលយកបាន។
P3: Promotion (ការផ្សាយឃោសនា)
មធ្យោបាយផ្សាយឃោសនាត្រូវបានប្រើប្រាស់ដើម្បីផ្ដល់ព័ត៌មានឲ្យ អតិថិជនគោលដៅបានយល់ និងបង្ហាញផលិតផល និងសេវាកម្ម។ មធ្យោបាយទាំងនោះរួមមាន៖ ការផ្សាយពាណិជ្ជកម្ម ទំនាក់ទំនងសាធារណៈ ការរៀបចំលក់ និងកម្មវិធីលក់ពិសេស។ ការឃោសនាអាចធ្វើទៅបានតាមប្រព័ន្ធផ្សព្វផ្សាយ អ៊ីនធើណេត ផ្លាកបាណូ កម្មវិធីតាំងពិពណ៌ និងព្រឹត្តិការណ៍ផ្សេងៗ។ ជាពិសេសក្នុងបរិបទនេះគឺគេផ្តោចយកចិត្តទុកដាក់លើបណ្តាញសង្គមខ្លាំងបំផុត។ ក្រៅពីនេះ ការដែលអតិថិជនបានប្រើប្រាស់ផលិតផលលោកអ្នកហើយពេញចិត្ត រួចណែនាំផ្ទាល់មាត់ទៅដល់អ្នកប្រើប្រាស់ដទៃទៀត ក៏ចាត់ទុកជាការផ្សាយឃោសនាដែរ ហើយថែមទាំងមានប្រសិទ្ធភាពខ្ពស់ថែមទៀតផង។ ក្រៅពីនេះ ការបញ្ចុះបញ្ចូលរបស់បុគ្គលិកផ្នែកលក់ដើរតួនាទីយ៉ាងសំខាន់សម្រាប់ ទំនាក់ទំនងសាធារណៈ។
P4: Placement (ការចែកចាយ)
ការចែកចាយគឺឆ្ពោះទៅយកលទ្ធភាពទទួលបានផលិតផលឬភាពងាយស្រួលសម្រាប់អតិថិជនក្នុងការរកទិញផលិតផល។ យុទ្ធសាស្ត្រចែកចាយ ដែលពេញនិយមជាងគេគឺការចែកចាយទៅកាន់ដេប៉ូឬឈ្មួញកណ្ដាលឲ្យលក់បន្ត។យុទ្ធសាស្ត្រធ្វើយ៉ាងណាដើម្បីអោយសាធារណជនបានមើលឃើញពីផលិតផលរបស់យើងបានគ្រប់ទីកន្លែងទាំងអស់។ការធ្វើបែបនេះគឺជាការសម្រួលដល់អតិថិជនផងដែរ៕

វិធី​៤​យ៉ាង ជួយ​ឲ្យ​អ្នក​អាច​សន្សំ​លុយ​បាន​ច្រើន​ជាង​មុន


តើអ្នកស្អប់ពេលដែលអ្នកត្រូវការលុយខ្លាំង ហើយកាបូបលុយរបស់អ្នកគ្មានលុយសោះមែនទេ? មិនថាអ្នកមានលុយតិចឬច្រើនប៉ុណ្ណានោះទេ ការចេះចាយលុយឲ្យបានត្រឹមត្រូវគឺជាទង្វើដ៏ល្អ បើមិនដូច្នោះទេ មានប៉ុន្មានក៏មិនចេះសល់ដែរ។ អនុវត្តគន្លឹះខាងក្រោមសម្រាប់ការសន្សំលុយ៖
១) បង្កើតគម្រោងថវិកា ៖ អ្នកត្រូវកត់ទុកនូវចំណូលនឹងចំណាយរបស់អ្នកឲ្យបានច្បាស់លាស់ ដូច្នេះអ្នកអាចដឹងតើស្ថានភាពការចាយលុយរបស់អ្នកវាយ៉ាងដូចម្ដេច។ ក្រោយពីអ្នកដឹងហើយ អ្នកត្រូវបង្កើតគម្រោងថវិកាសម្រាប់ខែក្រោយ តើអ្នកអាចកាត់បន្ថយបានអ្វីខ្លះ។
២) មានគម្រោងច្បាស់លាស់មុនពេលទិញទំនិញ ៖ កត់ទុកនូវអ្វីដែលអ្នកចង់ទិញនៅពេលដែលអ្នកនៅផ្ទះ។ អ្នកត្រូវទិញតាមគម្រោងដែលអ្នកបានត្រៀមទុក។ ម៉្យាងវិញទៀត ពេលអ្នកទៅផ្សារ អ្នកដើរទៅទិញអ្វីដែលអ្នកត្រូវការកុម្ម៉ង់ កុំដើរលេងមើលទំនិញដទៃ។
៣) រង់ចាំពេលគេបញ្ចុះតម្លៃ៖ ប្រសិនជាអ្នកដឹងថាអ្នកត្រូវការវត្ថុអ្វីមួយ កុំទិញវានៅថ្ងៃនេះ។ អ្នកគួររង់ចាំដល់គេបញ្ចុះតម្លៃឬតម្លៃនៃទំនិញចុះថោក។ ទិញអ្វីដែលអ្នកត្រូវការតែប៉ុណ្ណោះ។
៤) កុំសូវប្រាស្រ័យទាក់ទងជាមួយមនុស្សដែលចូលចិត្តខ្ចីលុយពេក ៖ ពេលខ្លះដោយសារតែការអាណិតពេលឃើញ អ្នកដទៃដាច់លុយ អ្នកក៏ឲ្យលុយខ្ចី ប៉ុន្តែភ្លេចគិតថា ប្រាក់របស់ខ្លួនក៏មានដែនកំណត់ដែរ។ ដូច្នេះហើយបើឲ្យអ្នកដទៃខ្ចីលុយ ដោយមិនបានពិនិត្យអំពីស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន វានាំឲ្យខ្លួនអ្នកត្រូវប្រឈមនឹងបញ្ហាថ្ងៃក្រោយមិនខាន។ សូមកុំប្រាស្រ័យទាក់ទងជាមួយមនុស្ស ពូកែខ្ចីលុយខ្លាំងពេក ព្រោះពេលខ្ចីលុយពីអ្នកគឺស្រួលទែ តែពេលដែលអ្នកត្រូវការវិញ គឺមិនងាយឡើយ៕

ពាណិជ្ជកម្មជោគជ័យត្រូវស្គាល់ SWOT


ស្គាល់ខ្លួនឯង ឬស្គាល់អ្នកដទៃមិនមែនជាការងារងាយស្រួលនោះទេ ពេលខ្លះស្គាល់ខ្លួនឯងវាពិបាកជាងស្គាល់អ្នកដទែ ទៅទៀត។ មនុស្សបរាជ័យភាគច្រើនគឺជាមនុស្សដែល មិនស្គាល់ខ្លួនឯងច្បាស់។ ការស្គាល់ពីចំណុចខ្លាំង និងចំណុច ខ្សោយខ្លួនឯងវាជារឿងសំខាន់បំផុត ពីព្រោះថាមនុស្សម្នាក់ៗរស់នៅក្នុងសង្គម មិនអាចរស់នៅតែឯងឯកោ បានទេ។ ការស់នៅក្នុងសង្គមគឺជាការរស់នៅដោយការប្រកួតប្រជែងដោយស្មោះត្រង់ ទៅតាមសង្គម។ ទាំងរូបវន្តបុគ្គល ក៏ដូចជា នីតិបុគ្គលដែរ ដើម្បីដឹងពីខ្លួនឯងច្បាស់តើត្រូវយល់ដឹងចំណុចអ្វីខ្លះ ?
SWOT គឺជាអ្វី? គឺជាគោលការណ៍គ្រប់គ្រងការងារទាំងរដ្ឋ និងឯកជន គឺជាការវិភាគពីស្ថានភាពរបស់អង្គភាព ឬស្គាល់ពីអង្គភាពអោយបានច្បាស់លាស់ដើម្បីកំណត់យុទ្ធសាស្ត្រគ្រប់គ្រង។ ការកំណត់យុទ្ធសាស្ត្រគ្រប់គ្រងនេះវាគឺជារឿងសំខាន់ និងចាំបាច់ ពីព្រោះក្រៅពីធ្វើឱ្យអ្នកគ្រប់គ្រងដឹងពីការផ្លាស់ប្តូរផ្សេងៗដែលកើតឡើងហើយនោះ ការវិភាគនេះក៏បានកំណត់ការងារដើម្បីសម្រេចតាមគោលបំណង និងទិសដៅដែលគ្រោងទុក ស្របតាមទ្រឹស្តីហៅថា SWOT ជាឧបករណ៍ក្នុងការប៉ាន់ស្មានពីស្ថានភាព។
សម្រាប់ពាណិជ្ជករអនឡាញអាចមិនសូវស្គាល់ច្បាស់ពាក្យថា SWOT ហើយអាចមិនដឹងពីអត្ថន័យ និងមិនដឹងថាយកទៅប្រើយ៉ាងដូចម្តេចជាមួយអាជីវកម្មអនឡាញ ។ ពាក្យថា SWOT គឺជាយុទ្ធសាស្ត្រ ឬវិធីសាស្ត្រទីផ្សារមួយបែបដែលមានអត្ថន័យមកពីអក្សរកាត់របស់ភាសាអង់គ្លេស៤តួ គឺ ៖
– S ឬ Strengths ៖ ជាចំណុចខ្លាំងទាំងឡាយនៅក្នុងអង្គភាព ដែលធ្វើឱ្យកើតនូវភាពរឹងមាំ ដែលចំណុចខ្លាំងនេះអាចយកប្រៀបលើគូប្រកួតប្រជែងបាន ។ វាជាគុណសម្បត្តិដែលកើតពីបរិយាកាសជុំវិញនៃស្ថាប័នដូចជា ចំណុចខ្លាំងខាងហិរញ្ញវត្ថុ ការផលិត ប្រភពធនធាន និងគុណភាពទំនិញ ដែលអាជីវកម្មអនឡាញត្រូវប្រើជាប្រយោជន៍ក្នុងការកំណត់យុទ្ធសាស្ត្រទីផ្សារ ។
-W ឬ Weaknesses ៖ ជាចំណុចខ្សោយនៅក្នុងអង្គភាពដែលធ្វើឱ្យកើតជាភាពទន់ខ្សោយឬជាការចាញ់ប្រៀបគូប្រជែង ។ វាជាបញ្ហា ឬភាពអវិជ្ជមានចេញពីផ្ទៃក្នុងដែលពាណិជ្ជករអនឡាញត្រូវស្វែងរកដំណោះស្រាយបញ្ហានោះឱ្យខាងតែបាន។
-O ឬ Opportunities ៖ មានន័យថា ជាឱកាសសំដៅលើកត្តាផ្សេងៗនៅខាងក្រៅដែលរួមចំណែកជាប្រយោជន៍ ។ ឱកាសអាចជួយលើកកម្ពស់ដល់ការដឹកនាំអាជីវកម្មបានដូចជា លក្ខខណ្ឌសេដ្ឋកិច្ចដែលបង្កើនទម្រង់ ។ ភាពខុសគ្នារវាងចំណុចខ្លាំង និងឱកាសនៅក្នុងការធ្វើអាជីវកម្ម គឺជាកត្តាដែលកើតពីបរិយាកាសខាងក្នុង ចំណែកឱកាសគឺជាលទ្ធផលពីបរិយាកាសខាងក្រៅ ។ ក្នុងរឿងនេះពាណិជ្ជករអនឡាញដែលល្អ ត្រូវតែស្វែងរកឱកាសជាប់ជាប្រចាំ ដើម្បីយកមកប្រើជាប្រយោជន៍សម្រាប់បង្កើនការលក់។
-T ឬ Threats ៖ ជាឧបសគ្គផ្សេងៗនៅខាងក្រៅ ដែលរារាំងដល់ការប្រតិបត្តិការអាជីវកម្ម ។ វាជាការរឹតបន្តឹងកើតពីបរិយាកាសខាងក្រៅ ពាណិជ្ជករចាំបាច់ត្រូវរៀបចំយុទ្ធសាស្ត្រទីផ្សារឱ្យសមស្រប និងព្យាយាមលុបបំបាត់ឧបសគ្គដែលកើតឡើងឱ្យអស់ និងទាន់ពេលវេលា ។
SWOT គឺជាយុទ្ធសាស្ត្រទីផ្សារ៤ចំណុចរួមមាន ៖ ចំណុចខ្លាំង គឺជាឱកាសដ៏ល្អបំផុតរបស់អាជីវកម្ម, ចំណុចខ្សោយ ជាការចាញ់ប្រៀបខាងអាជីវកម្ម, ឱកាស ជាកត្តារួមចំណែកដល់ប្រយោជន៍ក្នុងការអនុវត្តអាជីវកម្មបានតាម ផែនការទីផ្សារដែលកំណត់ទុក ហើយចំណុចចុងក្រោយ គឺឧបសគ្គ អាចជះឥទ្ធិពលដល់ដំណើរការរបស់អាជីវកម្ម។
នៅពេលបានដឹងពីអត្ថន័យរបស់ SWOT គឺជាអ្វីហើយនោះ ពាណិជ្ជករក៏ដូចជាមនុស្សទូទៅក៏អាចយកមកប្រើជាឧបករណ៍ក្នុងការវិភាគស្ថានភាពសម្រាប់កំណត់ផែនការទីផ្សារឱ្យសមស្របជាមួយកត្តាទាំង៤ខាងលើបានផងដែរ ដែលធ្វើឱ្យអាជីវកម្ម ឬបុគ្គលផ្ទាល់ខ្លួនទទួលបានជោគជ័យយូរអង្វែង៕

ការវិភាគពីគន្លះជោគជ័យនៃការធ្វើអាជីវកម្ម


នេះគឺជាផ្នែកដ៏សំខាន់បំផុតនៃផែនការអាជីវកម្មដោយសារអ្នកវិនិយោគឬធនាគារតែងតែផ្នែក
លើផ្នែកនេះដើម្បីសម្រេចចិត្តថាតើត្រូវមើលលម្អិតទៅទៀតទេ។
អ្នកគួរតែប្រាប់ពីមូលហេតុសំខាន់ៗដែលអាជីវកម្មរបស់អ្នកនឹងជោគជ័យក្នុងចំណុចនេះ។
 តើអ្វីជាបញ្ហាចម្បងនៅក្នុងទីផ្សារ
ហើយហេតុអ្វីអតិថិជននឹងទិញនូវផលិតផលរឺសេវាកម្​មរបស់អ្នកដែលជាដំណោះសា្រយរបស់បញ្ហានោះ?
 តើអាជីវកម្មរបស់អ្នកនឹងដោះស្រាយនូវបញ្ហានោះដោយរបៀបណា?
  តើអាជីវកម្មនោះមានផ្នែកទាក់ទាញផ្នែកសេដ្ឋកិច្ចកម្រិតណា ហើយអនាគតនឹងរីកចម្រើនកម្រិតណា?
 នណារជាដៃគូររបស់អ្នកក្នុងការចាប់ផ្តើមអាជីវកម្ម?
១.ឱកាសនឹងការវិភាគទីផ្សារ(opportunity and Market analysis)
អ្នកវិនិយោគនឹងដាក់ទុនវិនិយោគប្រសិនបើអាជីវកម្មរបស់អ្នកអាចដោះស្រាយបញ្ញាធំរបស់អតិថិជន​បាន។ នោះមានន័យថា
ទំហំទីផ្សារត្រូវតែធំមានសក្ដានុពលរីកចំរើនទៅថ្ងៃអនាគត។
ត្រង់ចំណុចនេះអ្នកគួរចាប់ផ្ដើមជាមួយការយល់ឲ្យច្បាស់ពីអតិថិជនអាជីវកម្មអ្នក
ហើយបញ្ជាក់​ហេតុអ្វីបានជាអតិថិជនទាំងនោះគួរជ្រើសរើសផលិតផលរបស់អ្នកដើម្បីដោះស្រាយ​នូវបញ្ហារបស់​ពួកគាត់។
 តើអ្វីជាបញ្ហាដែលនឹងត្រូវដោះស្រាយដោយអាជីវកម្មរបស់អ្នក?
  នរណាជាអតិថិជន? ហើយទីផ្សាមានទំហំប៉ុណ្ណា?
  សក្ដានុពលនៃទីផ្សារអនាគត?
២. ដំណោះស្រាយ(The solutions and Concept)
មានផលិតផលជាច្រើនខ្វះការយកចិត្តឬចំណាប់អារម្មណ៍ពីអតិថិជនដោយសារផលិតផលនោះមាន
លក្ខណ:ទូទៅពេក។ ផលិតផលរបស់អ្នកត្រូវតែមានចំណុចពិសេសត្រង់ណាមួយខុសពីគូរប្រកួតប្រជែងហើយអាច
ដោះស្រាយបញ្ហារបស់អតិថិជនទើបអាចជោគជ័យនៅលើទីផ្សារ។
 តើអ្វីជាផលិតផលឬ​សេវាកម្មរបស់អ្នក?
 ពិព័ណនាស្ថានភាពមុនពេលប្រើនិងក្រោយពេលប្រើផលិតផលនោះ។ តើអ្វីជាចំនុចពិសេស
ហេតុអ្វីអតិថិជនត្រូវការចំណុចពិសេសនេះ?
 ហេតុអ្វីអតិថិជននឹងមានឆន្ទ:ក្នុងការទិញ?
 តើអាជីវកម្មទាំងមូលរបស់អ្នកពិសេសត្រង់ណា? និងមានសក្ដានុពលកម្រិតណាដែរ?
៣. យុទ្ធសាស្ដ្រទីផ្សារ(Marketing and Sale)
ការលក់ជាចំណុចស្លាប់របស់ក្រុមហ៊ុន
ដូចនេះអ្នកគួរបង្ហាញឲ្យបានច្បាស់ថាតើអ្នកនឹងធ្វើការ​ទំនាក់ទំនងជាមួយអតិថិជនគោលដៅដោយរបៀបណា។
 តើអ្នកនឹងប្រើមធ្យោបាយអ្វីខ្លះដើម្បីបានទៅដល់អតិថិជនគោលដៅរបស់ខ្លួន?
 តើអ្នកនឹងធ្វើការបែងចែកក្នុងបណ្ដាញណាមួយ?
 នរណាជាអ្នកសម្រេចចិត្តទិញ និងមានអំណាចទិញ?​ហើយនរណាដែលមានឥទ្ធិពល​លើ​ពួកគាត់?
 តើផលិតផលរបស់អ្នកអាចលក់នៅលើទីផ្សារប៉ុន្មានឆ្នាំ?
នរណាខ្លះជាដៃគូនៅក្នុងការផ្សព្វផ្សាយ និងលក់?
៤.ការគ្រប់គ្រងប្រតិបត្តិការ (Operations Management)
ការរៀបចំផែនការប្រតិបត្តិការផលិតកម្មដើម្បីផ្គត់ផ្គង់ទីផ្សារ។
 តើត្រូវការធនធានអ្វីខ្លះដើម្បីផលិតផលិតផលនោះ?
 តើអ្នកមានផែនការអភិវឌ្ឍន៍ផលិតផលនោះហើយឬនៅ
 តើអាចនឹងមានហានិភ័យអ្វីខ្លះ ក្នុងដំណើរអភិវឌ្ឍន៍
 តើអ្នកមានផលិតផលគំរូហើយឬនៅ?
ផលិតផលនោះ?
 តើអ្នកនឹងរៀបចំសង្វាក់បែងចែកយ៉ាងដូចម្ដេចចាប់ពីកន្លែងផលិត​ដល់ដៃអតិថិជន?
តើអ្នកបានរៀបចំឲ្យមានប័ណ្ណបាតង់ដើម្បីការពារកម្មសិទ្ធបញ្ញារបស់ផលិតផលអ្នកហើយឬនៅ?
៥.រចនាសម្ព័ន្ធក្រុហ៊ុន(Team and Organization)
ការបង្កើតក្រុមការងារដែលមានជំនាញគ្រប់គ្រាន់គ្រប់ផ្នែកគឺជាការងារសំខាន់ណាស់ដើម្បីឲ្យអ្នកវិនិយោគមានជំនឿលើអាជីវកម្មរប
ស់អ្នក។អ្នកគួរតែពិចារណារនូវសំនួរដូចជា៖
 តើស្ថាបនិកនិងបុគ្គលិកសំខាន់ៗមានប្រវត្តិមកពីណា​ ហើយមានតួនាទីអ្វីខ្លះ?
 តើអាជីវកម្មរបស់អ្នកនូវខ្វះជំនាញអ្វីទៀត?
 តើពួកគាត់មានការតាំងចិត្តកម្រិតណាចំពោះអាជីវកម្មនោះ?
៦.ហានិភ័យ (Risk)
អាជីវកម្មថ្មីអាចប្រឈមមុខនិងហានិភ័យបួនប្រភេទគឺ ហានិភ័យផលិតផល/ បចេ្ចកវិទ្យាហានិភ័យ​ទីផ្សារ/
ការប្រកួតប្រជែងក្រុមហានិភ័យការងារការគ្រប់គ្រងនិងហានិភ័យហិរញ្ញវត្ថុ។ដើម្បីផ្ដល់ជំនឿទុកចិត្តដល់អ្នកវិនិយោគបាន​
សហគ្រិនឬអ្នកគ្រប់គ្រងអាជីវកម្មត្រូវបង្ហាញ​យុទ្ធសាស្រ្តនិងយុទ្ធវិធីដើម្បីកាត់បន្ថយនូវហានិភ័យទាំងនោះ។
 តើអ្វីជាកត្តាប្រឈមនៃការអភិវឌ្ឍន៍ផលិតផលអ្វីខ្លះដែលអាចមានគ្រោះថ្នាក់ដល់អាជីវកម្មអ្នក?
 តើអ្នកបានគ្រោងអ្វីខ្លះដើម្បីទប់ស្កាត់នឹងកត្តាប្រឈមទាំងនោះ?
 នរណាជាគូរប្រគួតប្រជែងធំបំផុតនៅក្នុងទីផ្សារ តើអ្នកមានយុទ្ធសាស្ត្រអ្វីខ្លះដើម្បីប្រកួត?
 តើអ្នកថ្មីងាយនឹងចូលទីផ្សាររបស់អ្នកឬទេ?
 តើមានផលិតផលជំនួសនៅលើទីផ្សារទេ?
៧.ហិរញ្ញវត្ថុ(Financial plan and Investment offering)
ទោះបីជាការធ្វើផែនការហិរញ្ញវត្ថុជាចំនុចចុងក្រោយនៃអាជីវកម្ម
ការសម្រេចចិត្តទាំងឡាយណា​ដែលទាក់ទងនឹងហិរញ្ញវត្ថុគឺមានឥទ្ធិពលលើគ្រប់ផ្នែកទាំងអស់នៃអាជីវកម្ម។
សំខាន់គឺអ្នកវិនិយោគចង់ដឹងថា
 តើអាជីវកម្មរបស់អ្នកត្រូវការដើមទុនប៉ុន្មានដើម្បីជោគជ័យ?
 តើអាជីវកម្មរបស់អ្នកនឹងឈប់ខាតនៅឆ្នាំណា?
 តើ៥ឆ្នាំទៀតអ្នកនឹងអាចពង្រីកទីផ្សារបានទំហំប៉ុន្មាន?
គួរបញ្ជាក់ម្ដងទៀតថា ផែនការអាជីវកម្មគឺសម្រាប់អ្នកបានចាប់ផ្ដើមរួចហើយ
ហើយមានគម្រោងពង្រីកអាជីវកម្ម។បើអ្នកមិនទាន់ចាប់ផ្ដើមទេអ្នកគួររៀបចំគំរូអាជីវកម្ម មិនមែនផែនការអាជីវកម្មទេ។